អាមេរិក​បង្ហាញ​រូបភាព​ដំបូង​​​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​​​បែក​ជំនាន់​ថ្មី

កងទ័ព​ជើង​អាកាស​សហរដ្ឋអាមេរិក​បាន​បង្ហាញ​រូបភាព​ដំបូង​គេ​បង្អស់​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ជំនាន់​ថ្មី​របស់​ខ្លួន​ម៉ូដែល​ B-21 ដែល​នឹង​ប្រើ​ជំនួស​​យន្តហោះ​បុរាណ​ B-52s។

 

អាមេរិក​បង្ហាញ​រូបភាព​ដំបូង​​​នៃ​យន្តហោះ​ទម្លាក់​គ្រាប់​​​បែក​ជំនាន់​ថ្មី

 

យន្តហោះ​ចម្បាំង​ខ្មៅ​គ្រឹប​នេះ​មាន​ការ​រចនា​រូបរាង​ខុស​ប្លែក​ពី​ជំនាន់​មុន​ ដោយ​មាន​រូបរាង​បត់បែន​ ដើម្បី​ជួយ​​ឲ្យ​ជៀស​ផុត​ពី​ការ​តាម​ដាន​របស់​រ៉ាដា។ បច្ចុប្បន្ន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ជំនាន់​ចុង​ក្រោយ​នេះ​មិន​ទាន់​បាន​ផលិត​ឡើង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​​កងទ័ព​ជើង​អាកាស​គ្រោង​នឹង​ណែនាំ​ពី​ B-21 នេះ​នៅ​ពាក់​កណ្ដាល​ទសវត្ស​ ២០២០។

 

កងទ័ព​អាកាស​អាមេរិក​ចង់​ទិញ​យក​យន្តហោះ​ចម្បាំង​នេះ​ ពី​ក្រុមហ៊ុន​​ដែល​ទទួល​បាន​​កុងត្រា​ផលិត​ចំនួន​១០០​គ្រឿង​ ដោយ​​យក​ទៅ​ជំនួស​យន្តហោះ​ B-52s រួម​ទាំង​ B-1 ដែល​​បាន​បំពេញ​បេសកកម្ម​ចាប់​តាំង​ពី​ទសវត្ស​​១៩៨០​មក​ម្ល៉េះ។

 

យន្តហោះ​ទម្លាក់​គ្រាប់​ B-21 នេះ​ដែរ​គ្រោង​នឹង​ចំណាយ​ថ្លៃ​ផលិត​ ៥១១​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។ ចំពោះ​​​ព័ត៌មាន​ទាក់​ទង​​ពី​បច្ចេកវិទ្យា​ដែល​​បំពាក់​លើ​ B-21 ​ខាង​កងទ័ព​អាកាស​មិន​បាន​បង្ហើប​ឲ្យ​ដឹង​នោះ​ឡើយ​ ពោល​ត្រូវ​បាន​រក្សា​យ៉ាង​សម្ងាត់​បំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ជឿ​ទេ​ថា​មាន​យន្ត​ហោះ​ អាច​ហោះ​បាន​ ៧ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​​​​