លោក ហ៊ុន សែន ការពារ​ពេទ្យ​ខ្មែរ​ថា​មិន​អន់​ដល់​ថ្នាក់​១០០​នាក់​ខូច​៩៩​នាក់​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ការពារ​ពេទ្យ​ខ្មែរ ថា​មិន​អន់​ដល់​ថ្នាក់​ក្នុង​ចំណោម​ពេទ្យ​១០០​នាក់ មាន​៩៩​នាក់​ខូច​នោះ​ទេ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ដោយ​លោក​ចាត់​ទុក​ការ​រិះគន់​បែប​នេះ ជា​ការ​ប្រមាទ​ដល់​ពេទ្យ​ខ្មែរ ហើយ​នឹង​មិន​ដល់​ថ្នាក់​ធ្វើ​បដិវត្ត​ដូច​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​មួយ​ចំនួន​ទេ៖ «យើង​ស្ដាប់​ឮ​សំឡេង​ត្អូញត្អែរ ពី​សំណាក់​ពលរដ្ឋ​របស់​យើង រហូត​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ខ្លះ និង​មនុស្ស​ខ្លះ​បាន​លើកឡើង​រហូត ទៅ​ដល់​ប្រមាទ​មាក់ងាយ​ចំពោះ​គ្រូពេទ្យ​របស់​យើង។ ចំណុច​នេះ​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត ប៉ុន្តែ​វា​មាន​ដែល​ដល់​ថ្នាក់​១០០​ខូច ៩៩ នៅ​សល់​តែ​១​មួយ​ទេ»

កាល​ពី​ខែ​មករា នាយក​សាលា​រៀន​អន្តរ​ទ្វីប​អាមេរិកាំង លោក​វេជ្ជបណ្ឌិត គួច ម៉េងលី បាន​រិះ​គន់​លើ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​កម្ពុជា ​ថា ក្នុង​ចំណោម​គ្រូពេទ្យ​ខ្មែរ ១០​នាក់ គឺ​មាន ៩​នាក់​ហើយ​ដែល​មិន​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន។ ចំណែក​អ្នក​វិភាគ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត កែម ឡី បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា គុណភាព​សេវា​សុខាភិបាល​នៅ​កម្ពុជា មិន​មែន​ធ្វើ​ត្រឹម​កំណែ​ទម្រង់​នោះ​ទេ គឺ​ត្រូវ​ការ​ធ្វើ​បដិវត្តន៍​តែ​ម្ដង ដោយ​លោក​ប្រៀបធៀប​គុណភាព​សេវា​សុខាភិបាល​សាធារណៈ​កម្ពុជា នៅ​ទាប​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់។

លោក ហ៊ុន សែន បន្ត​ថា លោក​ពិត​ជា​ដឹង​គុណ​ដល់​គ្រូពេទ្យ ដែល​ប្រឹងប្រែង​ធ្វើ​ការ​ងារ​កន្លង​មក ដោយ​លោក​ប្រៀបធៀប​ពេទ្យ ដូច​នឹង​ទាហាន នគរបាល​ជាដើម ដែល​ពួកគេ​មិន​ដែល​បាន​ឈប់​សម្រាក ជួប​ប្ដី​ប្រពន្ធ គ្រួសារ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ដូច​គេ​ឯង​ទេ។ ព្រោះ​ពួក​គាត់​ត្រូវ​នៅ​ប្រចាំ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ជា​ពិសេស​ពេល​គេ​សប្បាយ​ទេ គឺ​ពួកគាត់​ត្រូវ​នៅ​ជានិច្ច ក្រែង​មាន​អ្នក​ជំងឺ​ជួប​គ្រោះថ្នាក់​ត្រូវ​ការ​ព្យាបាល​បន្ទាន់។

យ៉ាងណាក៏ដោយ​លោក ហ៊ុន សែន អំពាវ​ដល់​គ្រូពេទ្យ​ខ្មែរ មេត្តា​ជួយ​គ្នា​កុំ​ឲ្យ​គ្រូពេទ្យ​ម្នាក់ ពីរ​នាក់ បំផ្លាញ​មន្ទីរ​ពេទ្យ​ទាំង​មូល ព្រោះ​ភាគ​ច្រើន​នៃ​ពេទ្យ​យើង មាន​វិជ្ជាជីវៈ ក្រមសីលធម៌​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​លះបង់​ជួយ​អ្នក​ជំងឺ៖ «ប៉ុន្តែ​យើង​ត្រូវ​ទទួល​ស្គាល់​ថា ក៏​អាច​មាន​គ្រូពេទ្យ​យើង​មួយ​ចំនួន ប្រកាន់​សីលធម៌​មិន​ខ្ជាប់ខ្ជួន សម្ដី​អាក្រក់​ជាមួយ​អ្នក​ជំងឺ ហើយ​ថែមទាំង​កន្លែង​ខ្លះ​គិត​បញ្ហា​លុយ​ជា​ធំ»

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។