“Fifty Shades Of Grey” ទទួល​បាន​​ពាន​រង្វាន់​ភាពយន្ត​អន់​បំផុត​ប្រចាំ​ឆ្នាំ​

ភាពយន្ត​ដែល​ត្រូវ​ផលិត​ឡើង​​ផ្អែក​តាម​ប្រលោមលោក​ស្រើបស្រាល​ “Fifty Shades of Gray” និង​ភាពយន្ត​វីរបុរស “Fantastic 4” បាន​ចែក​គ្នា​ទទួល​ពាន​រង្វាន់​​ភាពយន្ត​អន់​បំផុត​ប្រចាំ​ឆ្នាំ។

 

ដូច​សព្វ​មួយ​ដងកម្មវិធី​ពាន​រង្វាន់ Razzies ដែល​ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ភាពយន្ត​ក៏​ដូច​ជា​បុគ្គល​អន់​ថយ​បំផុត​​ក្នុង​វិស័យ​ភាពយន្ត​តែង​តែ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​មុន​ពេល​កម្មវិធី​ប្រគល់​រង្វាន់ Oscar កើត​ឡើង​មួយ​ថ្ងៃ។ ក្នុង​​ឆ្នាំ​នេះ “Fifty Shades of Gray” ដណ្ដើម​បាន​ “ជ័យជំនះ” ជា​ច្រើន​ក្នុង​កម្មវិធី​នេះ​ ​​ដោយ​​ប្រមូល​បាន​ពាន​រង្វាន់​ចំនួន ៥ រួម​មាន ភាពយន្ត តួឯក​ប្រុស តួឯក​ស្រី សាច់​រឿង និង​ការ​សហការ​គ្នា​អន់​បំផុត​ប្រចាំ​ឆ្នាំ។

 

“Fifty Shades Of Grey” ទទួល​បាន​​ពាន​រង្វាន់​ភាពយន្ត​អន់​បំផុត​ប្រចាំ​ឆ្នាំ​

 
នៅ​ពេល​ចេញ​ផ្សាយ​ក្នុង​ឱកាស​ទិវា​នៃ​ក្ដី​ស្រលាញ់​ឆ្នាំ ២០១៥ “Fifty Shades of Gray” បាន​ទទួល​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​អ្នក​​ជំនាញ​វាយ​តម្លៃ​ភាពយន្ត។ យ៉ាងណាមិញ ​ដោយ​សារ​ភាព​ងឿង​ឆ្ងល់​របស់​ទស្សនិកជន​ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ប្រលោមលោក​ដើម​បាន​ធ្វើ​ឲ្យ ផលិតកម្ម Universal រក​ប្រាក់​ចំណូល​បាន​រហូត​ដល់​ទៅ ៥៧១ លាន​ដុល្លារ​នៅ​ពេល​ចំណាយ​លុយ​ផលិត​អស់​តែ ៤០​លាន​ដុល្លារ​ និង​​បាន​ក្លាយ​ជា​ភាពយន្ត ១៨+ រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។ ជាមួយ​នឹង​ជោគជ័យ​បែប​នេះ វគ្គ២ “Fifty Shades Darker” កំពុង​តែ​ត្រូវ​បាន​ផលិត​និង​គ្រោង​ចាក់​បញ្ចាំង​នៅ​រដូវ Valentine ឆ្នាំ ២០១៧។

“Fifty Shades Of Grey” ទទួល​បាន​​ពាន​រង្វាន់​ភាពយន្ត​អន់​បំផុត​ប្រចាំ​ឆ្នាំ​

 

គួរ​ឲ្យ​សោក​ស្ដាយ “Fantastic Four” មិន​មានសំណាង​ដូច​ភាពយន្ត​ស្រើបស្រាល​ខាង​លើ​នោះ​ទេ ដោយ​ភាពយន្ត​ថ្មី​របស់ Fox មិន​ត្រឹម​តែ​​ត្រូវ​ក្រុម​អ្នក​ជំនាញ​រិះគន់​នោះ​​ទេ ថែម​ទាំង​មិន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ទៀត​ផង។ ឈ្នះ​ពាន “ភាពយន្ត​អន់​បំផុត” ដូច “Fifty Shades of Gray” ដែរ តែ “Fantastic Four” រក​ចំណូល​បាន​ត្រឹម​តែ ១៦៨​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ប្រាក់​ចំណាយ​សម្រាប់​ផលិត​ឡើង​ដល់ ១២០​លាន​ដុល្លារ។ ផលិតករ​របស់​រឿង​នេះ លោក Josh Trank ក៏​មាន​វាសនា​អភ័ព្វ​ដែរ​នៅ​ពេល​ទទួល​បាន​ពាន “អ្នក​ដឹក​នាំ​រឿង​អន់​បំផុត”។

 

ជាមួយ​គ្នា​នេះ​ដែរ Eddie Redmayne ដែល​កំពុង​តែ​ដណ្ដើម​ពាន​ “តារា​សម្ដែង​ប្រុស​ល្អ​បំផុត” សម្រាប់​រឿង “The Dannish Girl” យ៉ាង​ប្រកៀកប្រកិត​ជាមួយ Leonardo Dicaprio នៅ​ពាន​រង្វាន់ Oscar នោះ​បាន​ទទួល​ពាន “តួ​​ប្រុស​រង​អន់​បំផុត” ក្នុង​ភាពយន្ត “Jupiter Ascending”៕

“Fifty Shades Of Grey” ទទួល​បាន​​ពាន​រង្វាន់​ភាពយន្ត​អន់​បំផុត​ប្រចាំ​ឆ្នាំ​

 

ចុចអាន៖កំពូល​រ៉ូប​ទាំង ១០ ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Oscar

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖theguardian