ចៅក្រមសាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួនជនសង្ស័យ ប្រើអំពើហិង្សាក្នុងគ្រួសារ

កំពង់ចាម៖  ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម លោក សែត វិសុដ្ឋមុនី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញដីកាបង្គាប់លេខ ១៤៧ត.ព្រ  សម្រេចឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ ឡេះ សុភក្រ័្ត ពីបទ ហិង្សាក្នុងគ្រួសារ ប្រព្រឹត្ត នៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមរំលឹកថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីហិង្សាក្នុងគ្រួសារ ប្រព្រឹត្តដោយ ជនសង្ស័យឈ្មោះ ឡេះ សុភក្រ័្ត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិ-ឃុំខាងលើ ជាជនញៀនស្រា ក្រោយពីផឹកស្រវឹងបានរករឿងបង្កជម្លោះជាមួយប្រពន្ធ និងបានចាប់វាយប្រពន្ធឈ្មោះ ផាន់ ចែម អាយុ ៣៣ឆ្នាំ ពេលនោះក៏មានឈ្មោះ យ៉ាង អ៊ុល ភេទស្រី អាយុ ៧៨ឆ្នាំ ដែលត្រូវជាម្តាយក្មេក និយាយឃាត់ក៏ត្រូវឈ្មោះ ឡេះ សុភក្រ័្ត ដេញគំរាមវាយថែមទៀត។

ក្រោយពីទទួលពាក្យបណ្តឹងឈ្មោះ ផាន់ ចែម ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ កម្លាំងនគរបាលអធិការដ្ឋានស្រុកជើងព្រៃ បានចុះទៅឃាត់ខ្លួនជនសង្ស័យ នឹងនាំមកអធិការដ្ឋាន បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ឡេះ សុភក្រ័្ត បានសារភាពថាខ្លួនបានផឹកស៊ីស្រវឹងបង្កជម្លោះក្នុងគ្រួសារជាញឹកញាប់ពិតប្រាកដមែន។

តាមមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា យោងតាមបញ្ញតិ្តច្បាប់មាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០១០ បានចែងថា៖ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន មានន័យថា កាលបើហិង្សានេះត្រូវបានប្រព្រឹត្តដោយ ប្រពន្ធ ប្តី កូន ឬអនីតិសង្វាសជនរបស់ជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។

ចំណែកជនសង្ស័យខាងលើ បច្ចុប្បន្នត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ ៕

ចៅក្រមសាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួនជនសង្ស័យ ប្រើអំពើហិង្សាក្នុងគ្រួសារ