កម្ពុជា​គ្រោង​ចរចា​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​លក់​នៅ​ចិន​ផ្ទាល់

កម្ពុជា​កំពុង​ចរចា​ជាមួយ​ភាគី​ចិន​ដើម្បី​សុំ​ការ​​ឯកភាព​លើ​ការ​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​លក់​លើ​ទីផ្សារ​ដ៏​ធំ​នៅ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នេះ ដូច​ជា​ម្រេច ស្វាយ​ចន្ទី ចេក និង​កៅស៊ូ។ នេះ​បើ​តាម​ប្រសាសន៍​ឯកឧត្ដម ទេស​រដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​កម្មវិធី “ការ​ធ្វើ​បទ​បង្ហាញ​គំនិត​អាជីវកម្ម​ទៅ​កាន់​វិនិយោគិន”។

 

 

កម្ពុជា​គ្រោង​ចរចា​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​លក់​នៅ​ចិន​ផ្ទាល់

 

ទោះ​យ៉ាង​ណា កិច្ច​ព្រមព្រៀង​​​រវាង​ទីផ្សារ​នេះ​មិន​ទាន់​បាន​ពន្លឺ​ជា​សញ្ញា​អ្វី​ពី​ចិន​ឡើយ ដោយ​លោក​អះ​អាង​ថា​ ខាង​ភាគី​ចិន​មិន​ទាន់​កំណត់​កូ​តា​ថា​ត្រូវ​ទិញ​ប៉ុន្មាន​តោន​នោះ​ឡើយ ហើយ​ខាង​ភាគី​ចិន​ក៏​មិន​ទាន់​បាន​លើក​ឡើង​អ្វី​ដែរ ប៉ុន្តែ​បើ​ការ​ចរចា​នេះ​ដំណើរ​ការ​នោះ​ដំណាំ​កសិផល​ខ្មែរ​នឹង​មាន​វិសាល​ភាព​លើ​ទី​ផ្សារ​បរទេស​កាន់​តែ​ខ្លាំង។​កន្លង​មក​កម្ពុជា​បាន​នាំ​ចេញ​កសិផល​ទៅ​ចិន​ត្រង់​តែ​ម្ដង​ដូច​ជា អង្ករ ដំឡូងមី និង​ពោត​ក្រហម ​ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​ទី​៣​ឡើយ។

 

គួរ​បញ្ជាក់​ថា វិ​និ​យោ​គិន​ចិន​មួយ​ក្រុម​ធ្លាប់​បាន​មក​ទស្សនកិច្ច​ចង់​សិក្សា​វិនិយោគ​លើ​ម្រេច​កំពត​ដោយសារ​ម្រេច​នេះ​ឈ្ងុយ​ឆ្ងាញ់​ល្អ​ជាង​គេ​ក្នុង​ពិភពលោក៕

 

 

កម្ពុជា​គ្រោង​ចរចា​នាំ​ចេញ​កសិផល​ខ្មែរ​ទៅ​លក់​នៅ​ចិន​ផ្ទាល់
អត្ថបទ៖ លឹម សុ​នា