“បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់” ​

បំណង​អនាគត​ចង់​ក្លាយ​ជា​ថៅកែ ប៉ុន្តែ​ពុំ​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​​​ កញ្ញា សុន កណ្ណិកា បាន​ប្រើ​ជំនាញ​​ឌីហ្សាញ​ និង​ដេប៉ាក់ ​ដែល​ខ្លួន​ចេះ​ស្ទាត់​តាំង​ពី​តូច ​ជួយឪពុក​​ម្ដាយ​ដើម្បី​សន្សំ​លុយ​បើក​ក្រុមហ៊ុន។ “បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់”។ នេះ​ជាទស្សនៈរក​លុយ​របស់​យុវតី​វ័យ ១៨ ឆ្នាំ ​ហើយ​សព្វថ្ងៃ​នាង​​​ជាម្ចាស់ហាង The Teeth Whitening Shop ក្រោម​ស្លាកពាណិជ្ជកម្មក្រុមហ៊ុន Sonn Kanika Co.,LTD ដូច​​ក្ដី​​​បំណង។

 

“បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់”  ​

 

 

អតីត​អ្នក​អ៊ុត​សៀវភៅ​ តាម​សាលា និង​តាម​ផ្លូវ កណ្ណិកា បាន​បង្ហើប​ថា ៖ “ពី​ក្មេង​ខ្ញុំ​​ចង់​បើក​ក្រុមហ៊ុន​មួយ ​យក​ផលិតផល​មក​លក់ តែ​ សុបិន​ហ្នឹង​ធំ​ពេក ខ្ញុំ​គ្មាន​​មាន​លុយ​​ទេ ខ្ញុំ​ត្រូវ​ការ​ដើម ​ប៉ុន្តែ​ខ្ញុំ​មាន​បទពិសោធន៍​ខាងឌីហ្សាញ ដេប៉ាក់ អ៊ីចឹងខ្ញុំ​បាន​ប្រើ​ជំនាញ​នេះ​​​ ជា​ស្ពាន​ដើម្បី​​​​រក​លុយបើក​ក្រុមហ៊ុន​ដែល​ខ្ញុំ​ស្រលាញ់”។

 

​នាយក​ប្រតិបត្តិ​វ័យ​ក្មេង នៃ​ក្រុមហ៊ុន​នាំ​ផលិត​ផល​ ធ្វើ​ឱ្យ​ធ្មេញ​ស​រូប​នេះ បាន​ប្រាប់​ថា នេះ​ជា​វិធីសាស្ត្រ​ល្អ​មួយ​សម្រាប់​អ្នក​ ដែល​ពុំ​ទាន់​​​ដើមទុន រាប់ពាន់​រាប់​ម៉ឺន​ដុល្លារ ​ធ្វើ​អាជីវកម្ម ឬ​បើក​ក្រុមហ៊ុន។

 

កញ្ញា​ថ្លែង​ថា ៖ “ធ្វើ​អ៊ីចឹង​យើង​ជោគជ័យ ៥០%។ ដល់​​ពេល​យើង​បើក​ក្រុមហ៊ុន គឺ​​​មិន​ងាយ​ភ័យថាដួល ព្រោះ​​យើង​មាន​ប្រភព​ទុន​​សម្រាប់​​ទប់”។

 

​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​​ប្រកប​អាជីវកម្ម​ដេប៉ាក់ និង​បោះពុម្ព​​នៅ​ម្ដុំ​បាក់ទូក និង​ស្ទឹង​មាន​ជ័យ​ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​​របស់​​កញ្ញា​បើក​ដំណើរ​ក្នុង​ឆ្នាំ​ ២០១៦ ក្រោម​​ដើមទុន​ខ្ទង់​ប្រមាណ​​ខ្ទង់​ពាន់​ដុល្លារ។ យ៉ាងណា​​​បើ​តាម​ការ​បញ្ជាក់របស់និស្សិត​ឆ្នាំ​ទី​ពីរ​ សម្បុរស ដែល​កំពុង​ក្រេបជញ្ជក់ចំណេះដឹងនៅសាលា CamEd រូបនេះ​គឺ​​ថា ការ​បើកក្រុមហ៊ុន​ ​មិន​មែន​​ចេះ​តែ​បើក​តាម​ចិត្ត​ចង់​ទេ គឺ​​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ  ​ត្រូវ​ស្វែងយល់​ទីផ្សារ ត្រូវ​ស្វែង​រក​អ្វី​ដែល​ថ្មី ត្រូវ​គិត​ពី​គុណភាព ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង​ត្រូវ​សិក្សា​ពី​​​តម្លៃ​​ផលិតផល​ថា​សមរម្យ​ ដែល​អតិថិជន​អាច​ទទួល​យក​​បាន​ឬ​ក៏​អត់​​​​។

 

កញ្ញា​ កណ្ណិកា បាន​សង្កត់​ធ្ងន់​ថា ៖ “បើ​យើង​អត់​ធ្វើ​គេ​នឹង​ធ្វើ។ ការ​ធ្វើ​ជំនួញ​មិន​សំខាន់​លើ​អាយុទេ បើ​អ្នកណា​ធ្វើ​បាន​មុន អ្នក​ហ្នឹង​ជោគជ័យ​មុន”៕

 

“បើ​គ្មាន​ដើមទុន ធ្វើ​អ្វី​ដែល​ខ្លួន​ពូកែ បើក​អ្វី​ដែល​ខ្លួន​ស្រលាញ់”  ​

 

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ