មុខមាត់​អ្នក​បំផ្លាញ​ស្ពាន​អ្នក​លឿង ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​

អ្នកស្រី ម៉ែន ចាន់​បុប្ផា ត្រូវបាន​គេ​ដឹងថា ជា​មេ​ឈ្មួញ​ដឹកជញ្ជូន​អង្ករ​តាម​រថយន្ត​យី​ឌុប​ជាង​៧០​តោន បណ្ដាល​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ អ្នកស្រី ម៉ែន ចាន់​បុប្ផា មាន​ប្ដី​ឈ្មោះ ឃឹម រុម្ម​នី ហៅ​ឌឿ​ន ជា​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តរតនគិរី ហើយ​ជា​អ្នកទទួលខុសត្រូវ​អ្នកគ្រប់គ្រង​ផ្នែក​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ខេត្តរតនគិរី​ផងដែរ​។ បើទោះបី​លោក ឃឹម រុម្ម​នី ជា​អ្នកគ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តរតនគិរី​ក៏ដោយ ក៏​មន្ត្រី​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​រហូត​ជួយ​ឲ្យ​ប្រពន្ធ​ខ្លួន​អាច​ដឹកជញ្ជូន​អង្ករ​តាម​រថយន្ត​ធុន​ធំ​ចំណុះ​ជាង​៧០​តោន​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​យ៉ាង​គឃ្លើន​។

ប្រភព​ដែល​ស្គាល់​ច្បាស់​នៅមុខ​មាត់​ពិត​របស់​អ្នកស្រី ម៉ែន ចាន់​បុប្ផា និង​ប្ដី​ឈ្មោះ ឃឹម រុម្ម​នី បាន​ឲ្យ​ដឹងថា កន្លងមក​លោក ឃឹម រុម្ម​នី ជា​អ្នកម៉ៅការ​សាឡាង​អ្នក​លឿង​និង​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បានទទួល​ការលើកទឹកចិត្ត​ពី​លោក ហ៊ុន សែន ទៀតផង​។ អ្នកស្រី ម៉ែន ចាន់​បុប្ផា គឺជា​អ្នករកស៊ី​ដឹក​អង្ករ​ពី​ស្រុក​ខ្មែរ​ទៅ​លក់​នៅ​ស្រុក​សៀម​តាម​រថយន្ត​ធំៗ​ដោយ​អាង​មាន​ប្ដី​របស់ខ្លួន​ជា​អ្នកគ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តរតនគិរី ហើយ​មាន​ទំនាក់​ទំនងជា​មួយក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅតាម​បណ្ដា​ខេត្ត​ដទៃទៀត​ផងដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា បើ​កុំ​តែ​រថយន្ត​ដឹក​អង្ករ​ជាង​៧០​តោន​របស់​អ្នកស្រី ម៉ែន ចាន់​បុប្ផា ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង គឺ​មុខមាត់​របស់​ឈ្មួញ​រូបនេះ​និង​ប្ដី មិន​ត្រូវបាន​លាតត្រដាង​ឡើយ​។

​ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ឲ្យ​តាម​ចាប់​រថយន្ត​ដឹក​អង្ករ​ដែល​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​យកមក​ចាត់វិធានការ​តាមច្បាប់ ក៏ប៉ុន្តែ​លោក ហ៊ុន សែន មិនបាន​ប្រកាស​ឲ្យ​ចាប់​ឈ្មួញ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​យកមក​ចាត់ការ​តាមច្បាប់​នោះទេ​។ ដូច្នេះហើយ​ទើប​គេ​រង់​ចាំមើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទៅលើ​អ្នកស្រី ម៉ែន ចាន់​បុប្ផា និង​ប្ដី​ឈ្មោះ ឃឹម រុម្ម​នី ហៅ​ឌឿ​ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​។ អ្វីដែល​គេ​តាមដាន​នោះ គឺ​លោក ឃឹម រុម្ម​នី ធ្លាប់​ទទួល​ការលើកទឹកចិត្ត​ពី​លោក ហ៊ុន សែន ដូច្នេះ​តើ​សមត្ថកិច្ច​ហ៊ាន​ចាត់វិធានការ​តាមច្បាប់​ដែរឬទេ​។​

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ត្រើយ​ខាងកើត​ស្ពាន​អ្នក​លឿង គឺជា​អ្នក​បើកដៃ​ឲ្យ​អ្នកស្រី ម៉ែន ចាន់​បុប្ផា ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​អង្ករ​និង​ទំនិញ​ផ្សេងៗ​ឆ្លងកាត់​ស្ពាន​អ្នក​លឿង​ជាច្រើនលើក​មកហើយ តែ​គ្មាន​រឿងហេតុ​អ្វី​កើតឡើង​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប៉ុន្តែ​បន្ទាប់ពី​រថយន្ត​ដឹក​អង្ករ​ចំណុះ​ជាង​៧០​តោន​ធ្វើ​ឲ្យ​ខូច​ស្ពាន​អ្នក​លឿង​រួចមក សូម្បីតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ចេញ​ប្រតិកម្ម​និង​បញ្ជា​ឲ្យ​តាម​ចាប់​រថយន្ត​នោះ​ផងដែរ​។ ទោះជា​យ៉ាងណា គេ​ចាំមើល​ចំណាត់ការ​ជាក់ស្ដែង​រប​ស់​សមត្ថកិច្ច ព្រោះ​អ្នកស្រី ម៉ែន ចាន់​បុប្ផា មិន​ត្រឹម​តែមាន​ប្ដី​ឈ្មោះ ឃឹម រុម្ម​នី ជា​ខ្នងបង្អែក​នោះទេ គឺ​អាចមាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយខ្នង​ថែមទៀត​៕

12795439_897471900373957_4305546943748678405_n 12794366_897465837041230_956530440721196422_n 1915290_1802022190025283_4375107173902732326_n