ឧទ្ធរណ៍សម្រេច ឲ្យអតីតតារា ចម្រៀង អ៊ូ រស្មី ជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ពីបទជួញដូរកុមារ

ភ្នំពេញ៖ អតីត តារាចម្រៀង អូ រស្មី ដែលសាលាឧទ្ធរណ៍ ចោទប្រកាន់ថា បានជួញដូរមនុស្ស និងអូសទាញក្មេងស្រីៗ យកទៅរួមភេទជាមួយ បុរសវ័យចំណាស់ ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដាក់ ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន១០លានរៀល។

ក្រោយពីជំនុំជម្រះបណ្តឹង សារទុក្ខរយៈពេលមួយព្រឹកកាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ សាលា ឧទ្ធរណ៍ បានបន្តបើក សវនាការនៅព្រឹកថ្ងៃទី២៩ កុម្ភៈ ដោយបានសម្រេច ចោទប្រកាន់អតីត តារា ចម្រៀង អូ រស្មី ប្រចាំផលិតកម្ម ឆ្លងដែន និងរៃមាស បានជួញដូរមនុស្ស និងអូសទាញក្មេងស្រីៗ អាយុ១៤ឆ្នាំ យកទៅរួមភេទជាមួយ បុរសវ័យចំណាស់។

ប្រធានក្រុមប្រឹក្សាជំនុំ ជម្រះនៃសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានថ្លែងក្នុងសវនាការ នៅព្រឹក ថ្ងៃទី២៩ កុម្ភៈថា  ការចោទប្រកាន់អតីតតារាចម្រៀងនេះ ផ្អែកទៅតាមមាត្រា៣៥ ស្តីពីការធ្វើអាជីវ កម្មលើផ្លូវភេទកុមារ ដោយមានភស្តុតាងគ្រប់គ្រាន់។

អតីតតារាចម្រៀង អូ រស្មី វ័យ ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាននគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួននៅរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ យោងតាមពាក្យបណ្តឹង របស់ម្តាយ ក្មេងស្រីរង គ្រោះ។

បើយោងតាមពាក្យ បណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះ អ្នកស្រី តំាង ឆៃមុន្នី វ័យ៥២ឆ្នាំ និងឈ្មោះ ឆៃ ហេង លីលី បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ម៉ោង១២៖៣០នាទី កូនស្រីគាត់ បានចេញ ពីផ្ទះ ទៅសាលារៀន រហូតដល់ម៉ោង ៥៖៥២នាទីល្ងាច កូនស្រី គាត់បាន ទូរស័ព្ទ ប្រាប់ថា រវល់ទៅ យកខ្សែដៃ ពីតារាចម្រៀង អូ រស្មី នៅសណ្ឋាគារមួយ បន្ទាប់មកឈ្មោះ អូ រស្មី បានបង្ខំឲ្យដេកក្នុង សណ្ឋាគារនោះមួយយប់។

ក្រោយពីបានឮសម្ដី ម្តាយក្មេងស្រីរងគ្រោះ បានប្រកែកមិនឲ្យដេក នៅសណ្ឋាគារនោះទេ ស្រាប់តែ កូន ស្រី គាត់បានចុចបិទ ទូរស័ព្ទ ហើយមិនអាច ទាក់ទងបាន។ លុះស្អែកឡើងឈ្មោះ អូ រស្មី បានយក ទូរស័ព្ទដៃរបស់ កូនស្រីគាត់ ទូរស័ព្ទ មកប្រាប់ ថា កូនស្រីកំពុងដើរ លេងនៅកោះពេជ្រ។ ភ្លាមៗនោះម្តាយ ក្មេងស្រីរងគ្រោះ ក៏មានការសង្ស័យថា អតីតតារាចម្រៀង អូ រស្មី រូបនេះ ពិតជា មានបំណងអូស ទាញកូនស្រីគាត់ ឲ្យប្រព្រឹត្ត អំពើ អ្វីមួយមិនខាន ទើបដាក់ពាក្យបណ្តឹង ទៅកាន់សមត្ថកិច្ច។

ក្នុងដំណាក់កាលសមត្ថកិច្ច ក្មេងស្រីរងគ្រោះ បានរៀបរាប់បញ្ជាក់ថា តារាចម្រៀង អូ រស្មី បាននាំនាង ជិះរថយន្ត ទៅហូបសាច់គោអាំង នៅក្បែរ សណ្ឋាគារអង្គរ ក្នុងសង្កាត់ផ្សារកណ្ដាល ពេលនោះ ក៏មានបុរសម្នាក់ វ័យជាង ៥០ឆ្នាំ ក្បាលទំពែក បានមកជួបហើយ អូ រស្មី បាននិយាយប្រាប់ នាងថា “បុរសក្បាលទំពែកនេះ ជាចាងហ្វាងផលិតកម្ម បើចង់ល្បីឈ្មោះ ទាល់តែព្រមទៅដេក ជាមួយនឹងគាត់ នេះ ទើបអាចជួយឲ្យក្លាយ ជាតារា និងជាអ្នកចម្រៀង ដ៏ល្បីបាន តែហាមមិនឲ្យប្រាប់រឿងនេះ ដល់ម្ដាយជាដាច់ខាត”។

ក្មេងស្រីរងគ្រោះ បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីហូបសាច់គោអាំង រួចហើយ នាង អូ រស្មី បានដឹកត្រឡប់ទៅផ្ទះគាត់វិញ ហើយទូរស័ព្ទ ហៅបុរសក្បាលទំពែក មកដេករួមភេទ ជាមួយនាង តាំងពីយប់ ថ្ងៃទី១៥ និងទី១៦ ខែមករា ជាច្រើនលើកច្រើនសា ហើយនៅ ថ្ងៃទី១៧ ខែមករា ឈ្មោះ អូ រស្មី បានបើករថយន្ដ ដឹកជនរងគ្រោះមកទម្លាក់ នៅម្តុំប៊ូឌីញ រួចជនរងគ្រោះ ជិះម៉ូតូឌុបត្រឡប់ ទៅផ្ទះវិញ៕

ឧទ្ធរណ៍សម្រេច ឲ្យអតីតតារា ចម្រៀង អ៊ូ រស្មី ជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ពីបទជួញដូរកុមារ

ឧទ្ធរណ៍សម្រេច ឲ្យអតីតតារា ចម្រៀង អ៊ូ រស្មី ជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ពីបទជួញដូរកុមារ