លោក សួន សេរីរដ្ឋា ជ្រើសយក ថ្ងៃខួបលើកទី៤៦ ថ្ងៃធ្វើរដ្ឋប្រហារ ព្រះបរមរតនកោដ្ឋ ធ្វើសមាជបក្ស

ភ្នំពេញ៖ ប្រធានគណបក្ស អំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា បានជ្រើសរើសយកថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០១៦ ដែលត្រូវជាខួប ៤៦ឆ្នាំ (១៨ មីនា ឆ្នាំ១៩៧០) ដែលក្រុមលោកសេនាប្រមុខ លន់ នល់, ព្រះអង្គម្ចាស់ សិរីមតៈ និងលោក អ៊ិន តាំ  ជាដើម បានធ្វើរដ្ឋប្រហារទំលាក់ អតីតព្រះមហាក្សត្រ ខ្មែរ សម្តេច នរោត្តម សីហនុ មកធ្វើជាថ្ងៃសមាជិកបក្ សលើកដំបូងរបស់ខ្លួន។

 គណបក្សអំណាចពលរដ្ឋខ្មែរនេះ គឺជាគណបក្សថ្មីថ្មោងមួយ ក្នុងចំណោមគណបក្សថ្មីៗច្រើនទៀត ដែលបានបង្កើតឡើង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៧-២០១៨ និងជាគណបក្ស តែមួយគត់ ដែលបានប្រកាសថា យកការ គ្រប់គ្រងប្រទេសតាមបែបសាធារណរដ្ឋ ដូចទៅនឹង របបសាធារណរដ្ឋ របស់ប្រទេសអាមេរិក។

 ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានមានប្រសាសន៍ថា ជាសិទ្ធិរបស់ គណបក្សមួយនេះ ដែលជ្រើសរើសយកថ្ងៃ១៨មីនា មកធ្វើសមាជបក្សរបស់ខ្លួន ព្រោះលោក សួន សេរីរដ្ឋា គឺជាអ្នកសាធារណរដ្ឋនិយម ហើយអ្វីដែលគាត់ធ្វើនេះ គឺស្របទៅតាមនិន្នាការ របស់ខ្លួនផងដែរ។

 លោកបានបន្តថា “យើងដឹងហើយថា សួន សេរីរដ្ឋា គាត់និន្នាការសាធារណរដ្ឋនិយម ព្រោះគាត់នៅ អាមេរិកស្រាប់ ហើយ គាត់មានឥទ្ធិពលពីអាមេរិក។ លោក សេនាប្រមុខ លន់ នល់ អាហ្នឹងដឹងហើយ អ្នកនៅពីក្រោយខ្នង គឺលោកអាមេរិកហ្នឹង ហើយ អីចឹងគាត់ធ្វើហ្នឹង ប្រហែលឲ្យស្របទៅតាមសភាព ការណ៍ប្រវត្តិសាស្ត្រផង ព្រោះយើងមើលទង់ជាតិគាត់យកមក លន់ នល់ ពាក់កណ្ដាលហើយ”។

 សម្រាប់លោក អ៊ូ វីរៈ ប្រធានវេទិកាយុវជននយោបាយ បានបញ្ចេញទស្សនៈថា វាជាសិទ្ធិរបស់គាត់ ទោះបីចង់គាំទ្ររបប សាធារណរដ្ឋ គ្រាន់ថា ជាទូទៅនៅក្នុងប្រទេសកម្ពុជា ប្រហែលជាពិបាក ក្នុងការទាក់ទាញនូវការគាំទ្របន្តិច។

 លោកបានបន្តថា “ខ្ញុំមិនដឹងថា គាត់មានសន្ទុះយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំទាយថា គាត់ប្រហែលជាពិបាក បន្តិចក្នុងការមាន សង្ឃឹមបានយូរ គាត់ព្យាយាមនិយាយរឿងធំៗ ដើម្បីយកព័ត៌មាន ប៉ុន្តែខ្ញុំមើលទៅ គាត់មិនទាន់មានអីដែលច្បាស់ លាស់នៅឡើយ ទាំងរចនាសម្ព័ន្ធ ទាំងគោលនយោបាយបក្ស មិនទាន់មានអីឲ្យច្បាស់លាស់នៅឡើយ ខ្ញុំគិតថាគាត់មានការលំបាកជាងនេះបន្តិច”។

 ចំណែក លោក មាស នី អ្នកវិភាគសង្គម បានលើកឡើងថា មានហានិភ័យច្រើនសម្រាប់គណបក្ស ក្នុងការឈានដើរទៅ រករបបសាធារណរដ្ឋ ព្រោះត្រូវចំណាយពេលច្រើន ក្នុងការបញ្ចុះបញ្ចូលយុវជន ជំនាន់ក្រោយ ដែលអាចនិយាយបានថា  មានរហូតដល់ ៨០ភាគរយ ដែលមិនដឹងថាស្អី ជារបបសាធារណរដ្ឋ។

 លោកបញ្ជាក់ថា “ដើរទៅតាមផ្លូវមួយ ដែលឈានទៅរករបបមួយ ដែលមិនអាស្រ័យរាជានិយមនោះ គឺហាក់ដូចជា មានការពិបាកបន្តិចនៅក្នុងបរិបទ នៃនយោបាយបច្ចុប្បន្ន ដោយសារតែរដ្ឋាភិបាល សព្វថ្ងៃ គឺអាស្រ័យទៅលើរាជានិយម អីចឹងវាមានពីរ ដែលប្រឈមធំៗ សម្រាប់ដំណើរការឈាន ទៅរកការបង្កើតឲ្យមានទៅជាសាធារណរដ្ឋ គឺរបបសាធារណរដ្ឋនៅក្នុងប្រទេសខ្មែរ”។

ទាក់ទងករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងសុំការអធិប្បាយ បន្ថែមពីអ្នក នាំពាក្យគណបក្ស ហ៊្វុនស៊ិន ប៉ុន្តែមិនមានអ្នកទទួល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់, ព្រះអង្គម្ចាស់ សិរីមតៈ និងលោក អ៊ិន តាំ បាននាំគ្នាធ្វើរដ្ឋប្រហារទំលាក់ព្រះបរមរតនកោដ្ឋ សម្តេចតា ចេញពីព្រះ ប្រមុខរដ្ឋ ដោយមានអាមេរិកាំងនៅពីក្រោយខ្នង ហើយបង្កឲ្យមានសង្រ្គាម រ៉ាំរៃកើតមានឡើង អស់រយៈពេលជាច្រើនឆ្នាំ៕

លោក សួន សេរីរដ្ឋា ជ្រើសយក ថ្ងៃខួបលើកទី៤៦ ថ្ងៃធ្វើរដ្ឋប្រហារ ព្រះបរមរតនកោដ្ឋ ធ្វើសមាជបក្ស