លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឈម​នឹង​បញ្ហាសំខាន់ៗ​ពីរ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ជាថ្មី​ថា​គោលដៅ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ ធ្វើដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​។ ចំពោះមុខ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​បោះឆ្នោត​ធំៗ​២​គឺ ៖ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា ដើម្បី​សម្រេច​កិច្ចការ​ខាងលើនេះ ថ្នាក់ដឹកនាំ​មូលដ្ឋាន​ទាំងអស់ ត្រូវ​អនុវត្តន៍​ផែនការ​ជា​យុទ្ធសាស្ដ្រ​ទាំង​៤ គឺ​៖ ទី​១-​រៀបចំ​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ ទី​២-​រៀបចំ​គោលនយោបាយ ទី​៣-​ត្រូវធ្វើ​សកម្មភាព ទី​៤-​ធនធានមនុស្ស​សម្រាប់​ឈរឈ្មោះ និង​អ្នកសង្កេតការណ៍​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា ការងារ ដែល​សំខាន់ និង​ចាំបាច់​បំផុត​នៅពេលនេះ គឺ​ត្រូវ​ជួយ​ជំរុញ និង​រិះរក​វិធី​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ អាចធ្វើ​អត្ដ​សញ្ញាណ​ប័ណ្ណ​បាន​ទាំងអស់គ្នា​។​

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ង្គ្រោះ​ជាតិ​ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា​កន្ល​ង​មក​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានធ្វើ​ដំណើរ​ឆ្លងកាត់​នូវ​ឧបសគ្គ និង​គ្រោះថ្នាក់​ជាច្រើន​។ ក៏ប៉ុន្ដែ​រហូតមកដល់​ពេលនេះ ដោយ​ការ​អំណត់​ព្យាយាម​របស់​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើដំណើរ​ជិត​ដល់​គោលដៅ​ហើយ​។ ដូច្នេះ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ លោក​យល់ឃើញថា មិនគួរ និង​មិនចាំបាច់ យក​ក្បាល​ជល់​ថ្ម ឬ ជល់​ជញ្ជាំង ឬ ទ្វារ ដែលជា​ឧបសគ្គ​នោះទេ តែ​ត្រូវ​ទម្លុះទម្លាយ​ឧបសគ្គ​នោះ​ដោយ​ប្រើ​បញ្ញា ដែលជា​គន្លឹះ ជា​កូនសោ សម្រាប់​ចាក់​បើកទ្វារ​នោះ​ឲ្យ​ដល់​គោលដៅ ដែលជា​សេចក្ដីប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ នេះ​គឺជា​យុទ្ធសាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​សូម​ឲ្យ​សកម្មជន​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់​អនុវត្តន៍​។​

​គោលដៅ​ជាក់លាក់ សកម្មភាព​ជាក់ស្ដែង នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​នូវ​ទំនុក​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈានទៅដល់​គោលដៅ​ជាក់​ជាពុំខាន នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រភព​ដដែល​បាន​ពន្យល់ថា​ការកំណត់​គោលដៅ​ជាក់លាក់ ពោលគឺ ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានកំណត់ ដូច្នេះ​ស្ថិរភាព​នយោបាយ សន្តិវិធី អហិង្សា សន្តិភាព សម្រាប់​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ជា​កត្តា​ដ៏​សំខាន់​ជូន​ដល់​ពលរដ្ឋ និង​អ្នកវិនិយោគ ព្រមទាំង​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​៕

12745646_1290816497602313_3862428372313243133_n 12733417_1290816220935674_8742965011033296105_n 12744756_1290814820935814_4110717798658943848_n