ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម ៖​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ បុរស​ជា​អ្នក​ឌុ​បរង​របួសធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់​ជិះ​ម៉ូតូ​ធ្លាក់​ចូល​តាម​ប្រហោង​ស្ពាន​ស្ពានបេតុង​ភ្លោះ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៦ ស្ថិត​ត្រង់​ចំណុច​ជិត​​ស្នាក់​ការ​សន្តិសុខ​អាវុធហត្ថ​៦០១ ក្នុងភូមិ​ត្របែក ឃុំ​សំបូរ ស្រុក​បា​ធា​យ ។

លោក​វរសេនីយ៍ទោ សំ ណា​ល់  អធិការ​នគរបាល​ស្រុក​បា​ធា​យ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​កើត គេ​ឃើញ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-4046  បើក​ដោយ​បុរស​ឈ្មោះ​សៀ​ក ជា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មិ​ត្តា​វ​ត្តី ឃុំ​តាំង​ក្រាំង ស្រុក​​បា​ធា​យ ឌុ​ប​ស្ត្រី​ម្នាក់​ឈ្មោះ​សៀ​ក ចាន់ អាយុ​២២​ឆ្នាំ (​ស្លាប់​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​តាម
បណ្តោយ​​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

ស្រប​ពេល​ដែល​ម៉ូតូ​ជិះ​មក​ដល់​ត្រង់​ចំណុច​ថ្នល់កែង ទំនងជា​បាវ​អង្ករ​បាន​ទាក់​នឹង​ដៃចង្កូត ជា​ហេតុ​បណ្តាល​ឱ្យ​ប្រទាញ​ឡើង​ចិញ្ចើម​​ធ្លាក់​តាម​ចន្លោះ​ស្ពាន​ភ្លោះ​មាន​កម្ពស់​ពី​៥ ទៅ​៦​ម៉ែត្រ​ទៅ​ត្រូវ​នឹង​ថ្ម បណ្តាល​ឱ្យ​អ្នក​ជិះ​ពី​ខាងក្រោយ​ស្លាប់​មួយ​រំពេច​។

បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរ​ស្រុក ប្រគល់​ទៅ​ឱ្យ​ក្រុម​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។