ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ នេះ បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់ បាន​រត់គេច​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​កំពុង​អង្គុយ​រង់ចាំ​ឱ្យ​ចៅក្រម​សាក​សួរ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ស្មាន អូ​ឡូ​វី (​ជាប់ចោទ​ពី​បទ​ឆក់​កាបូប​) ។ មុន​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យ​ម្នាក់​ទៀត ។ លុះ​ឃើញ​ឱកាសល្អ ជនសង្ស័យ​រូប​នេះ ក៏​រត់​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ​គេចខ្លួន​បាត់​តែ​ម្តង ។

ករណី​នេះ ត្រូវ​បាន​មហាជន​រិះគន់​ថា ហេតុ​អ្វី​ក៏​សមត្ថកិច្ច​ធ្វេស​ប្រហែល ដល់​ថ្នាក់​ឱ្យ​ជនសង្ស័យ​គេចខ្លួន​បាន​យ៉ាង​ស្រួល​បែប​នេះ ហើយ​គេ​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​អាច​ក្របួច​ជនសង្ស័យ​ខាងលើ​បាន​វិញ​ឬទេ?