ពណ៌​​​នៃ​ទឹក​នោម​ប្រាប់​ច្រើន​អំពី​សុខភាព​​អ្នក​

នៅ​ពេល​បត់​ជើង​តូច​អ្នក​តែង​សម្គាល់​ឃើញ​ថា ទឹក​នោម​របស់​អ្នក​​​មាន​ពណ៌​ប្លែក​​ៗ​ តាម​ពេល​នី​មួយៗ។ តាម​​​ការ​ឲ្យ​ដឹង​ពី វេជ្ជបណ្ឌិត​​​ Jane Miller និង​ជា​​សាស្ត្រាចារ្យ​ បស្សាវវិទ្យា (​ផ្នែក​​រោគ​តម្រង​នោម)​ នៃ​សាកលវិទ្យាល័យ​​ Washington សហរដ្ឋអាមេរិក​ បាន​រៀប​រាប់​បង្ហាញ​ប្រាប់​តាម​រយៈ​​សារព័ត៌មាន CNN ដូច​ខាង​ក្រោម៖

 

ពណ៌​​​នៃ​ទឹក​នោម​ប្រាប់​ច្រើន​អំពី​សុខភាព​​អ្នក​
 

ពណ៌​ថ្លា​

អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ថា​ ការ​ញ៉ាំ​ទឹក​​​​​ចំណុះ​ប្រហែល​ ជិត​២​​លីត្រ (៨​កែវ)​ ក្នុង​មួយ​ថ្ងៃ​ ជា​ការ​រក្សា​ជាតិ​ទឹក​និង​មាន​សារសំខាន់​សម្រាប់​សុខភាព។ ប៉ុន្តែ​​ប្រសិន​​​​បើ​ ទឹក​នោម​មាន​ពណ៌​ថ្លា​ឆ្វង់​នោះ​អ្នក​មុខ​ជា​​​​​​​លើស​ជាតិ​​ទឹក បើ​តាម​​ឲ្យ​ដឹង​ពី វេជ្ជបណ្ឌិត​​​ Jane Miller និង​ជា​​សាស្ត្រាចារ្យ​ បស្សាវវិទ្យា (​ផ្នែក​​រោគ​តម្រង​នោម)​ នៃ​សាកលវិទ្យាល័យ​​ Washington។ សាស្ត្រាចារ្យ​បន្ថែម​ទៀត​ថា ស្ថានភាព​បែប​នោះ​មិន​ជា​បញ្ហា​​​ធ្ងន់ធ្ងរ​អ្វី​ទេ ប៉ុន្តែ​​គ្មាន​​ទិន្នន័យ​ណា​មួយ​បង្ហាញ​ថា​ ត្រូវ​ចាំ​បាច់​ញ៉ាំ​ទឹក​​​ឲ្យ​​បាន ៨​កែវ ឬ​​លើស​ពី​នោះ​ឡើយ។ បន្ថែម​ពី​នោះ អ្នក​នឹង​ចំណាយ​ពេល​ច្រើន​នៅ​​តែ​បន្ទប់​ទឹក ប្រសិន​បើ​​អ្នក​ញ៉ាំ​ទឹក​ច្រើន​ពេក។

 

ពណ៌​​លឿង​​​​ព្រលែត​​​​​

ទឹក​នោម​ពណ៌​លឿង​​ស្រាល​ គឺ​មាន​ន័យ​ថា ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​គឺ​គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​​​​ពណ៌​​​នោះ​មិន​បង្ហាញ​ពី​​អាការៈ​​សុខភាព​របស់​អ្នក​​នោះ​ទេ។ នេះ​បើ​តាម​ វេជ្ជបណ្ឌិត​​​ Miller។

 

ពណ៌​​​នៃ​ទឹក​នោម​ប្រាប់​ច្រើន​អំពី​សុខភាព​​អ្នក​
 

ពណ៌​​​លឿង​ខ្លាំង

ប្រសិន​បើ​ពណ៌​​​ខ្លាំង​បែប​នោះ គឺ​ដោយ​សារ​តែ​ជាតិ​​វីតាមីន B។​​​​​​ វេជ្ជបណ្ឌិត​ Miller បាន​ឲ្យ​ដឹង​ថា សារធាតុ​ Riboflavin ដែល​ជា​​ប្រភេទ​​ក្រុម​វីតាមីន B (B2) ច្រើន​នៅ​ក្នុង​ខ្លួន​គឺ​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​លឿង​​ភ្លឺ។ ទោះ​យ៉ាង​ណា​​វា​មិន​មែន​ជា​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​ទេ។ អាហារ​ដែល​​សំបូរ​ជាតិ ​ Riboflavin ច្រើន​មាន​ដូច​ជា ស៊ុត និង​សាច់​គ្មាន​ខ្លាញ់ ។

 

ពណ៌​លឿង​​លាយ​ត្នោត

​ទឹក​នោម​ពណ៌​ដូច ទឹក​ប៉ោម (លឿង​លាយ​ត្នោត) គឺ​មាន​ន័យ​ថា​អ្នក​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន។ តាម​វេជ្ជបណ្ឌិត Miller ប្រសិន​អ្នក​មាន​ករណី​បែប​នោះ ប្រាកដ​​ណាស់​អ្នក​គួរ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ច្រើន ដោយ​ញ៉ាំ​ទឹក​​​បន្ថែម​ ជា​ពិសេស​​​ប្រសិន​បើ​អ្នក​​ជា​មនុស្ស​ ​ឧស្សាហ៍​ហាត់​ប្រាណ​ច្រើន។

 

ពណ៌​ត្នោត​​​​

ទឹក​នោម​ពណ៌​ត្នោត​ គឺ​​​អាច​ពាក់​ព័ន្ធ​នឹង​​វត្តមាន​សារធាតុ​ប្រូតេអ៊ីន​ម្យ៉ាង​ឈ្មោះ Myoglobin ក្នុង​សាច់ដុំ​​​​​​​។ សារធាតុ​​នេះ​​ ​ទាក់​ទង​នឹង​ទម្រង់​ឈ្មោះ Rhabdo មាន​ន័យ​ថា​បង្ក​ជា​ការ​បំផ្លាញ​​សាច់​ដុំ ធ្វើ​ឲ្យ​សរសៃ​សាច់ដុំ​​ងាប់​​។ បើ​​ពុំ​មាន​ការ​ទៅ​​ពិនិត្យ​ព្យាបាល ​វា​អាច​បង្ក​ឲ្យ​ខូច​​ក្រលៀន។

 

ពណ៌​​​​​បៃតង​លាយ​ខៀវ ឬ​ពណ៌​ទឹក​ក្រូច

ទឹក​នោម​មាន​ពណ៌​បៃតង​លាយ​ ឬ ទឹក​ក្រូច​គឺ​​មាន​ន័យ​ថា អ្នក​កំពុង​មាន​ជំងឺ​​​និង​កំពុង​ទទួល​ការ​ព្យាបាល​​ពី​គ្រូពេទ្យ​។ ដូច​នេះ​ករណី​មាន​ពណ៌​ទឹក​នោម​​ខុស​ប្រក្រតី​ដូច​​នោះ អ្នក​គួរ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

 

ពណ៌​ផ្កា​ឈូក ឬ​​ពណ៌​ក្រហម​​

ទឹក​នោម​ពណ៌​​​ផ្កា​ឈូក​ឬ​ពណ៌​ក្រហម​ជាំ​ គឺ​​អាច​មាន​ន័យ​​​ពីរ​យ៉ាង​ នេះ​បើ​តាម​វេជ្ជបណ្ឌិត​ Miller។ វា​​អាច​ជា​មូល​ហេតុ​​បង្ក​ដោយ​ការ​ញ៉ាំ មើម​ beet (ឆៃថាវ​ម៉្យាង​ពណ៌​​ស្វាយ) ច្រើន ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​បែប​នេះ​។ ​វា​នឹង​វិល​ទៅ​រក​ភាព​ធម្មតា​វិញ ដែល​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ។ ប៉ុន្តែ​​​​មាន​មូល​ហេតុ​មួយ​ទៀត​ដែល​អ្នក​ត្រូវ​បារម្ភ​​នោះ គឺ​​ទឹក​នោម​ពណ៌​​​ផ្កា​ឈូក​ឬ​ពណ៌​ក្រហម​ជាំ​ ដែល​មិន​មែន​បង្ក​ពី​ការ​ញ៉ាំ​មើម beet គឺ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ មហារីក​ក្រលៀន ទង​បង្ហួរ​នោម ឬ​​ប្លោកនោម ដែល​ធ្វើ​​ឲ្យ​​ទឹក​នោម​​មាន​ឈាម​ជា​មួយ៕

 

ពណ៌​​​នៃ​ទឹក​នោម​ប្រាប់​ច្រើន​អំពី​សុខភាព​​អ្នក​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​​​