ល្បី​រឿង​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ស៊ីដាច់​ម៉ូតូ​ជនសង្ស័យ​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ទង្វើ​មិន​ប្រក្រតី​របស់លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​ឧត្ដមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង មិន​ចាត់វិធានការ​ទៅលើ​លោក យឹម វិចិត្រ នៅឡើយ​ទេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យឹម វិចិត្រ បាន​ឲ្យ​ដឹងថា ក្នុងការ​បង្ក្រាប​ក្រុមចោរ​កាច់​សោក​ម៉ូតូ​ថ្មីៗ​នេះ គឺមាន​ការដកហូត​ម៉ូតូ​២​គ្រឿង ប៉ុន្តែ​លោក យឹម វិចិត្រ បាន​ដោះលែង​ជនសង្ស័យ ហើយ​ទុក​តែ​ម៉ូតូ​២​គ្រឿង​ទៅវិញ​។ ក្នុងនោះ​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX​ត្រូវ​លោក យឹម វិចិត្រ យកទៅ​ឲ្យ​កូន​ខ្លួនឯង​ជិះ និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក់​ZoomerX​ឲ្យ​ទៅ​ឈ្មោះ រិ​ទ្ធ សុជាតិ ជា​អ្នកជិះ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយមក​ឈ្មោះ រិ​ទ្ធ សុជាតិ បាន​យក​ម៉ូតូ​ម៉ាក​ZoomerX​ទៅ​លក់​បាត់ ប៉ុន្តែ​លោក​អធិការ យឹម វិចិត្រ បាន​តម្រូវ​ឲ្យ​ឈ្មោះ រិ​ទ្ធ សុជាតិ សង​វិញ​ជា​លុយ​តាមរបៀប​ដក​កាត​អេ​ធី​អឹម ទុក​សម្រាប់​បើក​លុយ​។ ជាងនេះទៅទៀត​នៅពេល​បង្ក្រាប​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ គឺ​លោក យឹម វិចិត្រ​បាន​ដកហូត​ឈើ​យកទៅ​ទុក​ធ្វើ​ផ្ទះ​ខ្លួនឯង​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការនេះ​លោក ស ថេត ដែលជា​ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​លោក យឹម វិចិត្រ ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម និង​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​តាម​បទបញ្ជា​ថ្នាក់លើ​ឡើយ​។

មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា លោក​អធិការ យឹម វិចិត្រ បានអនុញ្ញាត​ឲ្យ​ឈ្មោះ តា​ល់ និង​ឈ្មោះ មិត្ត បើក​លេងបៀ​អាប៉ោង​នៅ​តារាង​ភ្នាល់​ទឹកភ្លៀង​ស្រែ​១០០​តាម​អំពើ​ចិត្ត​។ ចំណែក​ហ្គេម​តាម​អ៊ី​ន​ធឺ​ណេ​ត ភ្នាល់​បាល់ទាត់ និង​កន្ទុយលេខ ក៏​លោក យឹម វិចិត្រ បើក​ឲ្យ​លេង​យ៉ាង​អនាធិបតេយ្យ​ដែរ ដោយ​ក្នុង​មួយកន្លែងៗ​ត្រូវ​បង់លុយ​ចាប់ពី​១០០​ដុល្លារ​ទៅ​៣០០​ដុល្លារ ហើយ​ឈ្មោះ ស្វាយ ភិរម្យ ជា​អ្នកប្រមូល​លុយ​ឲ្យ​លោក​អធិការ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ព្រោះ​សព្វថ្ងៃ​អំពើចោរកម្ម លួច​ឆក់​ប្លន់ ល្បែងស៊ីសង និង​បទល្មើស​គ្រឿងញៀន រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​ក្រុង​បាត់ដំបង​។

មន្ត្រីនគរបាល​ក្រុង​បាត់ដំបង​មួយចំនួន​បាន​លើកឡើងថា លោក យឹម វិចិត្រ ផ្លាស់​ពី​ស្រុក​ថ្មគោល មក​ធ្វើជា​អធិការនគរបាល​ក្រុង​បាត់ដំបង តែ​១​ឆ្នាំ​ប៉ុណ្ណោះ​មាន​លុយ​ទិញ​ផ្ទះ​នៅ​បុរី​រំចេក​២​ល្វែង​យ៉ាង​រំភើយ​តែម្តង​។ ជាងនេះទៅទៀត​គេ​បាន​លើកឡើងថា នៅពេល​អធិការនគរបាល​ស្រុក​កំរៀង ប្រព្រឹត្ត​ខុស​តែ​បន្តិច​បែរជា​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដក​ចេញពី​តំណែង​យ៉ាង​ទាន់ហន់​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ចំណែក​លោក យឹម វិចិត្រ ប្រព្រឹត្ត​កំហុស​យ៉ាងច្រើន​រួមទាំង ការ​បង្ខាំង​មនុស្ស​ខុសច្បាប់ បង្អត់អាហារ​ដើម្បី​ជំរិត​ទារប្រាក់ និង​រក្សាទុក​កាត​អេ​ធី​អឹម​របស់​មន្ត្រីនគរបាល​ដែល​មិន​មក​ធ្វើការ ដើម្បី​បើក​យកប្រាក់​ខែ បែរជា​លោក ស ថេត ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

12784758_1528683037427273_916902528_nលោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង