ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ​​​បើក​​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​រហូត​ឈាន​ដល់​​​ឃាត់ខ្លួន​បុរស​ញៀន​ថ្នាំ ២នាក់​ បញ្ជូន​​ទៅ​​ការិយាល័យ​ជំនាញ ដើម្បី​​​សួរនាំ​ ​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវ២​កន្លែង​ផ្សេង​គ្នា ក្នុងសង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​ស្ល​ក្រាម ​ក្រុង​សៀមរាប ​។

លោកអនុសេនីយឯក ធា​វ ច័ន្ទ​តារា នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​​២​នាក់ ​ម្នាក់​ ឈ្មោះ ពេជ្រ សុង ​អាយុ​២៥​ឆ្នាំ​មុខរបរ​យាម​ម៉ូតូ ​មាន​ទីលំនៅ​ភូមិក​ន្ទ្រ​ក់ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ​និង​ម្នាក់​ទៀត​​ឈ្មោះ ប៊ូ ឈិ​ន ​អាយុ​៣១​ឆ្នាំ​ ​​ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ ភូមិ​ក្រសាំង​​រលើង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​។​ ​ចំណែក​​វត្ថុ​តាង​ដក​ហូត​បាន មាន ​ម្សៅ​គ្រើម​ម៉ា​ទឹកកក​​៧​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​១៩ក្រាម​ ​ទូរ​ស័ព្ទ៣​គ្រឿង​ និង​ម៉ូតូ​​២​គ្រឿង​ ។​

​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​​ដំបូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ នេះ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​​ ៕ ​