​បញ្ហា​សុខភាព ទាំង ៧ ដែល​ពិភពលោក កំពុង​ព្រួយបារម្ភ​

​បញ្ហា​សុខភាព ទាំង ៧ ដែល​ពិភពលោក កំពុង​ព្រួយបារម្ភ​

​បញ្ហា​សុខភាព កំពុង​តែ​ចោទ​ជា​បញ្ហា​រាប់មិនអស់ និង​ចេះ​តែ​កើតឡើង នូវ​ជំងឺ​ប្លែកៗ ក៏ដូចជា​ផ្ទុះ​ឡើង​វិញ នូវ​ជំងឺ​ចាស់ៗ ដែល​យើង​ស្ទើរតែ​មិន​ស្គាល់ ដូចជា ថ្មីៗ​នេះ គឺ​មាន​ជំងឺ អេ​បូឡា និង​ហ្ស៊ី​កា (Zika) ជាដើម​។​

​អ្វី​ដែល​ជា​មូលហេតុ​ចម្បង នៃ​បញ្ហា​សុខភាព​ទូទៅ ដែល​គេ​បាន​ជួបប្រទះ ត្រូវបាន​អ្នកជំនាញ​និយាយថា វា​បណ្តាល​មកពី “​របប​អាហារ​មិន​មាន​សុខភាព​” ពោល​គឺ​ការ​ទទួលទាន ចំណីអាហារ​មាន​ជាតិគីមី​ច្រើន ចំណីអាហារ​គ្មាន​សារធាតុចិញ្ចឹម និង​កង្វះ​អនាម័យ​ជាដើម​។ ក្រៅពីនេះ នៅ​មាន​បញ្ហា​កង្វះ​ការ​ហាត់ប្រាណ បរិស្ថាន​ជុំវិញ​ខ្លួន ស្ត្រេ​ស និង​កត្តា​តំណរ​ពូជ​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​ជំងឺ​ទាំង ៨ ដែល​ពិភពលោក កំពុង​យកចិត្តទុកដាក់​។​

១. ជំងឺមហារីក​
​មហារីក នៅតែ​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ សម្រាប់​សតវត្ស​ទី ២១ នេះ​។ វា​បាន​កើនឡើង​គ្រប់​តំបន់ និង​ស្ទើរតែ​គ្រប់​សរីរាង្គ នៅក្នុង​ខ្លួន​មនុស្ស​យើង ហើយ​ភាគច្រើន​បំផុត អ្នក​ដែល​កើត​ជំងឺ​នេះ នឹង​ត្រូវ​ស្លាប់​ដោយ​ចៀស​មិន​រួច​។​

២. ជំងឺ​ទឹកនោម​ផ្អែម​
​ទឹកនោម​ផ្អែម ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​ទាក់ទង​ទៅនឹង កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​ឈាម​។ ជំងឺ​ទឹកនោម​ផ្អែម អាច​នាំឲ្យ​កើត​ជំងឺ​ផ្សេងៗ​ទៀត ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺលើសឈាម ជំងឺ​លើស​ជាតិ​ខ្លាញ់ ជំងឺ​ភ្នែក ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​ស្បែក​។​ល​។ បច្ចុប្បន្ន ជំងឺ​នេះ គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ​។​

៣. ជំងឺ​បេះដូង​
​ជំងឺ​បេះដូង ដូចជា ការ​ឈឺបេះដូង គាំងបេះដូង ចង្វាក់បេះដូង​លោត​ខុស​ធម្មតា ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង អត្រា​នៃ​ការស្លាប់​ខ្ពស់ ដែល​វា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​អាមេរិច​ស្លាប់ ច្រើន​ជាង​ជំងឺមហារីក​ទៅទៀត​។​

៤. ជំងឺ​តម្រងនោម​
​ជំងឺ​ខ្សោយតម្រងនោម ជា​បញ្ហា​ចម្បង ដែល​គេ​កំពុង​ព្រួយបារម្ភ នៅ​ទូទាំង​ពិភពលោក​។ ជំងឺ​តម្រងនោម ជា​អសមត្ថភាព​នៃ​តម្រង​នោម ក្នុងការ​ច្រោះ​ឈាម (​បញ្ចេញ​ជាតិពុល​ចេញពី​រាងកាយ​)​។​

៥. ជំងឺ​ចាស់​វង្វេង​
​ជំងឺ​នេះ ក៏​ពិបាក​នឹង​ចៀសផុត​ដែរ ពីព្រោះ អាយុ​កាន់តែ​ចាស់ សរីរាង្គកាយ​យើង ក៏​ទ្រុឌទ្រោម​ទៅ​តាម​ហ្នឹង​ដែរ​។ ជំងឺ​ចាស់​វង្វេង ជា​លទ្ធផល​នៃ​ការខូចខាត តួនាទី​ការចងចាំ​របស់​ខួរក្បាល ដែល​វា​កើត​លើ​ស្ត្រី ច្រើន​ជាង​បុរស​។​

៦. ជំងឺ​ផ្តាសាយធំ​
​ខណៈពេល​ដែល​មនុស្ស​មា​ន​សុខភាព​ធម្មតា អាច​ទប់ស្កាត់​នឹង​ជំងឺ​ផ្តាសាយ​បាន កុមារ មនុស្ស​ចាស់ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ ពិតណាស់ ច្បាស់​ជា​ង​ឆាប់​ទទួលរង ឬ​កើត​ជំងឺ​ផ្តាសាយធំ​ជា​មិនខានឡើយ ហើយ​អាច​ឈាន​ទៅរក ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ទៀត​ផង​។​

៧. ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជា​លក្ខណៈ​ដែល​ឈាម ទៅ​ចិញ្ចឹម​ខួរក្បាល ត្រូវ​បាន​រារាំង ឬ​កាត់​ផ្តាច់ ដែល​ជាហេតុ​នាំ​ឲ្យ​ងាប់​កោសិកា​ខួរក្បាល​។ កត្តា​ប្រឈមមុខ​នឹង​ជំងឺ​នេះ មានដូចជា ការ​ធាត់​លើស​ទម្ងន់ ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម និង​កត្តា​តំណរ​ពូជ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។