ដឹងទេថា ស្រុកមួយនៅឥណ្ឌា នារីៗដែលមិនទាន់រៀបការ ត្រូវបានហាមមិនឲ្យ ប៉ះពាល់ទូរស័ព្ទដៃ

ឥណ្ឌា៖ វាជារឿងជាក់ស្តែងនៅក្នុងស្រុកមួយ នៃប្រទេសឥណ្ឌា ដែលថានារីៗវ័យក្មេង ជាពិសេសអ្នកដែល មិនទាន់រៀបការ គឺមិនត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់ ទូរស័ព្ទដៃនោះឡើយ ហើយប្រសិនបើមាន អ្នកល្មើសចំពោះការហាមប្រាមនេះ ពួកគេនឹងត្រូវ ទទួលការពិន័យជាទឹកប្រាក់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រុកមួយរបស់ ប្រទេសឥណ្ឌា ហៅថា Suraj បានបញ្ចេញការហាមប្រាមមួយ ដែលតម្រូវឲ្យនារីៗវ័យក្មេង នៅក្នុងស្រុកនេះ ជាពិសេសគឺស្ត្រី ដែលមិនទាន់រៀបការ មិនអាចមានសិទ្ធិ ប្រើប្រាស់ទូរស័ព្ទដៃ ដោយខ្លួនឯងបាននោះឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើមាន នារីណាបំពានការ ហាមប្រាមនេះ ពួកគេនឹងត្រូវទទួលការ ផាកពិន័យជាទឹកប្រាក់ ជិត៣ដុល្លារ នៅពេលដែលគេ ចាប់បានម្តង។

ប្រភពដដែលនេះ បានបញ្ជាក់ថា ការហាមប្រាមបែបនេះ គឺធ្វើឡើងក្នុងបំណង ការពារពួកគេពីកត្តាមួយចំនួន ដែលធ្វើឲ្យពួកគេ បែកអារម្មណ៍នៅក្នុងថ្នាក់រៀន ព្រមទាំងអាច ការពារពីការ បៀតបៀន ឬក៏រំខានពីសំណាក់ក្មេងប្រុសៗ នៅលើកម្មវិធី ឆាត ឬក៏ផ្ញើសារផ្សេងៗ ដែលមាននៅលើ ទូរស័ព្ទដៃ។

លោក Devshi Vankar ចៅហ្វាយស្រុក Suraj បាននិយាយថា “ហេតុអីបានជា ក្មេងស្រីត្រូវការទូរស័ព្ទដៃ? ពិតណាស់ការ ប្រើប្រាស់អ៊ិនធើណេត គឺជារឿងមួយដែល ខ្ជះខ្ជាយទាំងពេលវេលា និងប្រាក់កាស សម្រាប់សហគមន៍ ថ្នាក់កណ្តាលដូចជាពួកយើង។ ក្មេងស្រីគួរតែ យកពេលរបស់ពួកគេ ផ្តោតទៅលើការសិក្សា និងការងារផ្សេងៗ ប្រសើរជាជាង”។

យ៉ាងណាមិញ ការហាមប្រាមបែបនេះ ក៏មិនមែនដាច់អហង្ការ ពេកនោះដែរ ពោលគឺថា ក្មេងស្រីនៅក្នុងស្រុកនោះ ក៏ត្រូវបានអនុញ្ញាត ឲ្យមានទូរស័ព្ទដៃ ប្រើនៅក្នុងផ្ទះ ក្រោមការត្រួតពិនិត្យ និងគ្រប់គ្រងពីសំណាក់ ឪពុកម្តាយ ហើយក្រៅពីនេះ នារីៗដែលបាន ចួលរៀននៅក្នុងមហាវិទ្យាល័យ ក៏អាចមានសិទ្ធិ ប្រើប្រាស់បានដូចគ្នា។

គូសបញ្ជាក់ផងដែរថា សេចក្តីហាមប្រាមនេះ ត្រូវបានទទួលការ ចាប់អារម្មណ៍ជាច្រើន ហើយក្នុងនោះ វាក៏នឹងអាច សាយភាយទៅកាន់ តំបន់ជាច្រើនផ្សេងទៀត ក្នុងពេលអនាគត ផងដែរ៕

ដឹងទេថា ស្រុកមួយនៅឥណ្ឌា នារីៗដែលមិនទាន់រៀបការ ត្រូវបានហាមមិនឲ្យ ប៉ះពាល់ទូរស័ព្ទដៃ
ទូរស័ព្ទដៃ ត្រូវបានហាមប្រាម មិនឲ្យនារីក្មេងៗ នៅក្នុងស្រុកមួយ របស់ប្រទេសឥណ្ឌា ប្រើប្រាស់

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត