(ភាគបន្ត)​ សត្រូវបងប្អូនឯង

វាំងននធ្លាក់ចុះ (វគ្គទី២) 

...ប្រតិបត្តិការ Frequent Wind របស់កង់ម៉ារីន អាមេរិក នៅពេលរសៀលថ្ងៃទី២៩ ខែមេសា ដើម្បីជម្លៀសមនុស្សចេញតាម ឧទ្ធម្ភាគចក្រ អាមេរិកាំង និងវៀតណាម បានត្រូវកាត់ផ្តាច់ នៅព្រឹក ថ្ងៃទី៣០ ខែមេសា។ ពីលើដំបូលសណ្ឋាគារការ៉ាវែល គេអាចមើលឃើញរថក្រោះ វៀតណាមខាងជើង កំពុងរុលមកមុខរបៀប ជាជួរដូចហ្វូង ស្រមោច ដើរតាមផ្លូវជាតិលេខ១ ដែលភ្ជាប់ទីក្រុងបៀនវ៉ា  មកទីក្រុងព្រៃនគរ។ ខ្ញុំបានកន្លែងស្រួលអង្គុយមើល ដោយមិនបាំងភ្នែក នៅពេលដែលឧទ្ធម្ភាគចក្រ ដាច់ពីគេឯងមួយ បានលេចធ្លោឡើងពីផ្ទៃមេឃពណ៌ប្រផេះ ហោះមកបន្ទាបខ្លួន ចុះលើដំបូលរាបស្មើនៃស្ថានទូតអាមេរិកាំង។

ប៉ុន្តែនាទីក្រោយមក យន្តហោះបានដឹកយក ទាហានម៉ារីនចុងក្រោយដែល នៅយាមការពារស្ថានទូត ចេញទៅបាត់ ។ ដោយបត់យ៉ាងគំហុក ដើម្បីចៀស ពីបង្គោល ប៉មប៉ុស្តិ៍ប្រៃសណីយ៍ ឧទ្ធម្ភាគចក្របានយក កម្ពស់ត្រង់ឡើងទៅលើហោះពីលើទន្លេហូរកាត់ទីក្រុងព្រៃនគរ ហើយរលាយបាត់ពីក្រោយ ជើងមេឃខាងកើត។ ពេលនោះគឺ ម៉ោង ៧៖៣៥ នាទីព្រឹក។ ម្ភៃមួយឆ្នាំ បន្ទាប់ពីការមកដល់ទីក្រុងព្រៃនគរ របស់វរសេនីយ៍ទោសេ. អ៊ី. អា. ម្នាក់ឈ្មោះ អេដវឺដ ឡេនដាល ដែលមក ត្រួតពិនិត្យមើល ការហាត់ហ្វឹកហ្វឹនរបស់កងទ័ពមួយ នៅសាធារណរដ្ឋវៀតណាមខាងត្បួង ដែលទទួលបន្ទុកជាពិសេស ក្នុងការវាយប្រយុទ្ធប្រឆាំង នឹងកុម្មុយនីស្តនោះ វាំងននបានធ្លាក់ ចុះគ្របមកលើការផ្សងព្រេង របស់អាមេរិកាំងនៅឥណ្ឌូចិនដែរ។

បួនម៉ោងក្រោយមក នៅក្នុងការិយាល័យដ៏ស្ងាត់ជ្រងំមួយ នៃទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលនៅទល់មុខវិមានប្រធានាធិបតី ខ្ញុំនៅអង្គុយវាយលិខិតទូរលេខមួយ ទាំងជ្រួលច្របល់ក្នុងចិត្ត ដោយរៀបរាប់ពីការ លេចធ្លោឡើងនៃទង់ ជ័យរបស់កុម្មុយនីស្ត នៅតាមជាយក្រុងជុំវិញ ទីក្រុងព្រៃនគរ។ រំពេចនោះ ខ្ញុំបានឮសូរសំឡេង រោទិ៍ង៉ោងៗ នៃម៉ាស៊ីន និងច្រវាក់កង់រថក្រោះមួយគ្រឿង ដែលមានដោតទង់ជ័យវៀតកុងពណ៌ខៀវ ក្រហម និងទឹកមាស កំពុងបើករុលមកមុខឆ្ពោះទៅកាន់វិមាន ប្រធានាធិបតី។

ខ្ញុំស្រវាចាប់យកម៉ាស៊ីនថតរូប ហើយស្ទុះរត់ចេញពីការិយាល័យ ឆ្លងកាត់តាមសួនច្បារ ដែលខណ្ឌចែកការិយាល័យរបស់រ៉យទ័រ និងវិមានប្រធានាធិបតី នៅពេលដែល រថក្រោះ បានបាញ់កាំភ្លើងមួយគ្រាប់ កម្ទេចចម្រឹងទ្វារដែក ហើយបើកចូលក្នុងសួនឧទ្យានរបស់វិមាន។ ទាហានជាច្រើននាក់ លោតចុះពីរថក្រោះ ហើយរត់តាម ជណ្តើរទៅលើ។ នៅទីបញ្ចប់ ពួកនោះបានបង្ហូតទង់ជ័យវៀតកុងឡើងទៅលើអាកាស។ ទាហានទាំងនោះ បានមកដល់ចុងបំផុត នៃផ្លូវលំហូជីមិញ ហើយសង្រ្គាមត្រូវ បញ្ចប់ ត្រឹមនេះ ។

ត្រូវធ្វើឲ្យភាន់ភាំង ដោយភាពលឿនរហ័ស នៃព្រឹត្តិការណ៍ផ្សេងៗ ខ្ញុំស្ទើរតែមិនជឿថា សង្រ្គាមនៅប្រទេស វៀត ណាម ជាសង្រ្គាមមួយ ដែលខ្ញុំធ្លាប់គិតថា វានឹងរីកធំ បែរជាត្រូវចប់ភ្លាមៗអ៊ីចឹងសោះ។ កាលពីមួយឆ្នាំមុន នៅពេលដែលខ្ញុំស្នាក់នៅទីក្រុងព្រៃនគរក្នុងឋានៈ ជាអ្នកឆ្លើយឆ្លងព័ត៌ មានរបស់ទស្សនាវដ្តី «សេដ្ឋកិច្ចចុងបូព៌ា» ប្រចាំឥណ្ឌូចិន ខ្ញុំដឹងប្រាកដថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលរៀបចំដោយ លោក ហង់រី គីស្ស៊ីងហ្គ័រ និង ឡេ ឌឹកថូ សមាជិកការិយាល័យនយោបាយ នៃបក្សកុម្មុយនីស្តវៀតណាម តាមការពិតត្រូវគេ បំភ្លេចចោលទៅហើយ។ គេលែងអាចនិយាយពីការរំលោភ បទឈប់បាញ់គ្នាទៀតហើយ ប៉ុន្តែប្រតិបត្តិការយោធា ដែលមានកម្រិតព្រំដែននៅតែមាន។

ផ្ទុយទៅវិញ គ្មាននរណាម្នាក់ រួមទាំងអ្នកយុទ្ធសាស្រ្តក្រុងហាណូយផង ពុំបានប្រមាណទុកជាមុន ពីការបាក់ទ័ពរប៉ាត់រប៉ាយដូច្នេះឡើយ។ ប៉ុន្តែនៅពាក់កណ្តាល ខែមេសា វាប្រែទៅជា ជាក់ច្បាស់ណាស់ថា គេខិតទៅជិតរបត់នាំ ទៅរកលទ្ធផលចុងក្រោយមួយហើយ។ តាមការឲ្យដំបូន្មាន ដែលតឿនបង្ខំនៃការិយាល័យ និពន្ធរបស់ខ្ញុំ នៅទីក្រុងហុងកុង ខ្ញុំបានបញ្ចុះបញ្ចូល ឲ្យភរិយារបស់ខ្ញុំ ចាកចេញពីទីក្រុងព្រៃនគរ ប៉ុន្តែខ្លួនខ្ញុំផ្ទាល់ បដិសេធមិនចាកចេញទេ ក្នុងពេលដែលគាត់ឲ្យ យោបល់ខ្ញុំពីរឿងនេះ។ និពន្ធនាយករបស់ខ្ញុំបាន សរសេរសំបុត្រមកខ្ញុំថា «អត្ថបទមួយមានតម្លៃ មិនស្មើនឹងអាយុជីវិត របស់លោកទេ សូមលោកចាកចេញ ប្រសើរជាង ប្រថុយគ្រោះថ្នាក់» ។ ការឆ្លើយតបរបស់ខ្ញុំ ដែលបញ្ជូនទៅហុងកុង នៅថ្ងៃទី២៥ ខែមេសា ខ្ញំបានប្រាប់ឲ្យដឹងថា ខ្ញុំគ្មានគម្រោងចាកចេញ «មុនទីបញ្ចប់នៃព្រឹត្តិការណ៍ អាក្រក់» ឡើយ។ ប្រាំថ្ងៃក្រោយមកអ្វីៗបានមកដល់ទីបញ្ចប់មែន។ ខ្ញុំឃើញមិត្តភក្តិវៀតណាមរបស់ខ្ញុំ យ៉ាងច្រើនចាកចេញទាំងទឹកមុខស្រងូតស្រងាត់។

ខ្ញុំឃើញគ្រួសារ ជាច្រើនព្រាត់ប្រាសគ្នា នៅពេលធ្វើដំណើរ ចាកចោលស្រុកទាំងហ្វូងទាំង ហ្វាយដ៏គួរឲ្យខ្លោចចិត្ត។ ខ្ញុំឃើញភាពស្លុតស្លន់របស់ជនភៀសខ្លួន រាប់ពាន់នាក់  ជាអ្នករស់ នៅតាមតំបន់ឆ្នេរសមុទ្រភាគកណ្តាល ដែលរត់គេចេញពីរលកកុម្មុយនីស្ត បានមកជាប់អន្ទាក់ ជាថ្មីនៅទីក្រុងព្រៃនគរវិញ។
ការចែកខណ្ឌដ៏យូរ រវាងភាគខាងជើង និងភាគខាងត្បូងបានបញ្ចប់យ៉ាងចម្លែក។ គេឃើញអ្នកទីក្រុងព្រៃនគរប្រញាប់ប្រញាល់ ទៅរោមជុំវិញរថក្រោះ T-54 របស់កងទ័ពវៀតណាមខាងជើង ហើយសាកល្បងផ្តើមធ្វើការសន្ទនា ជា មួយ អ្នកមកពីភាគខាងជើង ដែលមានវ័យក្មេងៗ មិនសូវនិយាយស្តី និងស្លៀកឯកសណ្ឋាន ពណ៌បៃតង។ ម្នាក់ៗ មានអាការព្រួយបារម្ភ ជាខ្លាំងចំពោះថ្ងៃអនាគត ប៉ុន្តែជាមួយការធ្វើឲ្យមានសន្តិភាពដូចដើមឡើងវិញ នៅទីបំផុតអ្វីៗ ទាំងអស់ត្រឡប់ទៅរក របៀបរៀបរយវិញដោយខ្លួនឯង។

ជំនឿទុកចិត្តខ្លាំងនេះ ពុំមានប្រទេសកម្ពុជាជិតខាង ដែលសង្រ្គាមបានបញ្ចប់មុននេះ ១៣ថ្ងៃទេ។ ក្នុងឱកាសនៃដំណើរចុងក្រោយ របស់ខ្ញុំទៅក្រុងភ្នំពេញនៅ ខែមករា ឆ្នាំ១៩៧៥ មុខដង្កាបរបស់កងទ័ពខ្មែរក្រហម បានរួមរឹតមកលើរដ្ឋធានីជាថ្មី។ សំឡេងផ្ទុះនៃគ្រាប់រ៉ុក្កែត  បានធ្វើឲ្យទីក្រុងមួយ ដែលណែនណាន់ទៅដោយ ជនភៀស ខ្លួន ពីសង្រ្គាមជិត២០លាននាក់ ភ័យរន្ធត់ញាប់ញ័រលែងធ្វើអ្វីកើត។ ខ្មែរក្រហមបានរាំងខ្ទប់ផ្លូវជាតិសំខាន់ៗ ដែលបែកចេញពី ទីក្រុងទាំងអស់ ហើយទន្លេមេគង្គ បានក្លាយទៅជាផ្លូវទាក់ទងតែមួយគត់ ជាមួយពិភពខាងក្រៅ។...(នៅមានត)

ចុចអាន៖ វាំងននធ្លាក់ចុះ (វគ្គទី១)

(ភាគបន្ត)​ សត្រូវបងប្អូនឯង

(ភាគបន្ត)​ សត្រូវបងប្អូនឯង