​វរ​ការពារ​ព្រំដែន​លេខ​៨៩១​ដឹកនាំ​លោក ហាំ វណ្ណៈ រង​ការរិះគន់​បំពេញការងារ​មិន​ត្រឹមត្រូវ​

​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ​បាន​រាយការណ៍​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ពួកគាត់​បាន​សង្កេតឃើញ​មាន បទល្មើស​ឆ្លងដែន​ជាច្រើន នៅតាម​ច្រករបៀង​តាម​ព្រំដែន​ដែល​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំចូល​ទំនិញគេចពន្ធ និង​ឲ្យ​ពលករ​ខ្មែរ​ចេញទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​សៀម​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា វរ​ការពារ​ព្រំដែន​លេខ​៨៩១​ដឹកនាំ​លោក ហាំ វណ្ណៈ ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ខាងលើនេះ​ផងដែរ​។​

ករណី​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ហាក់​គ្មាន​ការយកចិត្តទុកដាក់ អើពើ​ពី​សំណាក់​អាជ្ញាធរ​នោះទេ មិន​ថា​ជា​ថ្នាក់មូលដ្ឋាន ឬ​ថ្នាក់​ខេត្ត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វរ​ការពារ​ព្រំដែន​លេខ​៨៩១​ដឹកនាំ​ដោយ​លោក ហាំ វណ្ណៈ មានឱកាស​ឃុបឃិត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទ​ល្មើ​សេដ្ឋកិច្ច​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច​បាន​ជំរុញ​ឲ្យ​មានការ​នាំចូល​ទំនិញ​ខុសច្បាប់​ជាច្រើន​ដូចជា ហ្គាស សំបក​ដប ទូរទស្សន៍​ចាស់ៗ សាច់មាន់ មាន់​រស់ និង​ម៉ូតូ​។​

​លោក​សូរ ចាន់ណា​រី មេបញ្ជាការ​វរ​ការពារ​ព្រំដែន ៩១១ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ លើកឡើងថា នៅ​តំបន់​គ្រប់គ្រង​របស់លោក មានការ​នាំចូល​ទំនិញគេចពន្ធ ដូចជា​ម៉ូតូ ទូរទស្សន៍​ជាច្រើន និង​ការ​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅធ្វើ​ការខុសច្បាប់​នៅ​ប្រទេស​សៀម ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទបញ្ជារ​បស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើនេះ​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​ច្បាប់​សម្រាប់​អនុវត្តន៍​មិនត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​គោរព​តាម​ឡើយ​។​

​គួរ​បញ្ជាក់ថា កន្លងមក លោក​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង ជា​ប្រធាន​គណៈបញ្ជាការ​ទិស​ភូមិភាគ​ទី​៤ និង​ភូមិភាគ​ទី​៥ ធ្លាប់បាន​ព្រមាន​ធ្ងន់ៗ ដល់​មន្ត្រីក្រោមឱវាទ​ដោយបាន​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​ពលករ​ដែល​ឆ្លងដែន​ខុសច្បាប់ តែ​បញ្ហា​នៅតែ​កើតមាន​នៅឡើយ​រហូតដល់​សព្វថ្ងៃនេះ​៕

12782245_1528704360758474_680338978_n​លោក ហាំ វណ្ណៈ workers-CEN_1-12_14