អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​អ្នកជួញដូរ​ថ្នាំញៀន​២​នាក់ ដកហូត​វត្ថុតាង​បាន​២៧​កញ្ចប់

បន្ទាយមានជ័យ: កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន មនុស្ស២​នាក់ ពីបទ​ជួញដូរ និង​រក្សាទុក​​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំនុច​ភូមិក្បាលស្ពាន​២​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ក្នុងនោះ​កម្លាំងជំនាញ បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​២៧​កញ្ចប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​កម្លាំង​​របស់លោកបាន​ឃាត់ខ្លួន​ទី​១- សុខ ចាន់​ធឿន​ហៅ​ក្តាម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំរស់នៅក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ។​និង​ទី​២- សេង ពិសិដ្ឋហៅ ង៉ោ​ល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បញ្ជាក់ថា ក្រោយពី​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត​បានថ្នាំញៀន​ដែល​រក្សាទុក​ប្រមាណ​២៧​កញ្ចប់ មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៣៤​គ្រាប់ ទូរសព្ទ័​៣ គ្រឿង​លុយ​បាត​ជិត​៣​ពាន់​បាត និង​ម៉ូតូ ស៊ុយ​ហ្ស៊ូ​គី វី​វា​១​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម នឹង​វត្ថុតាង​កម្លាំង​អាវុធហត្ថ ជំនាញ​បានរៀបចំកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​ដើម្បី​ចាត់ការតាមច្បាប់​៕​R

អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​អ្នកជួញដូរ​ថ្នាំញៀន​២​នាក់ ដកហូត​វត្ថុតាង​បាន​២៧​កញ្ចប់