តុលាការ​ខ្មែរក្រហម បើកសវនាការ​ស្តាប់​ការធ្វើ​ព្យសនកម្ម​បង្ហាញ​ការរង​ទុក្ខវេទនា របស់​ជនរងគ្រោះ ជាដើម​បណ្តឹងរដ្ឋប្បវេណី​

ភ្នំពេញ: ​អង្គជំនុំជម្រះ​សាលាដំបូង​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ បើកសវនាការ​ស្តាប់​ការធ្វើ​ព្យសន​​កម្ម​បង្ហាញ​ការរង​ទុក្ខវេទនា​រប​ស់ជន​រងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រឆាំងនឹង​ជនជាតិ​ចាម ជនជាតិ​វៀតណាម និង​ការសម្លាប់​ទៅលើ​អតីតមន្ត្រី​រដ្ឋការ​នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ​។ តាម​ការគ្រោងទុក ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ៥ រូប គ្រោង​នឹង​កោះហៅ​ឡើងមក​ផ្តល់​សក្ខីកម្ម​នៅ ក្នុង​ដំណើរការ​សវនាការ​ពីថ្ងៃ​ទី​២៩ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៦​។ នេះ​គឺជា​ការ​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដោយបាន​គូសបញ្ជាក់ថា​នៅ​អំឡុងពេល​នៃ​សវនាការ​ស្តាប់​ព្យសនកម្ម​នេះ ដើមបណ្តឹង​រដ្ឋប្បវេណី​នឹង​ជម្រាបជូន​អង្គជំនុំជម្រះ​អំពី​ការរង​ទុក្ខ ការបាត់បង់​និង​ខូច ខាត​ទ្រព្យសម្បត្តិ ស្មារតី​ដែលនាំឱ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ​ខ្មែរក្រហម​នេះ​។​
​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ ដើមបណ្ដឹង​រដ្ឋប្បវេណី ម៉ើ ពៅ ជនជាតិ​ចាម​មូស្លីម​បាន​ជម្រាប​ទៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា​ថា​កម្មាភិបាល​ខ្មែរក្រហម​បាន​ចាប់​រូបលោក​យកទៅ​ឃុំខ្លួន​នៅក្នុង​មន្ទីរឃុំឃាំង​ជាមួយ​ក្រុមយុវជន​ផ្សេងៗ​ទៀត​ដោយ​បានដាក់​ខ្នោះ​ដៃជើង និង​ធ្វើ​ទារុណកម្ម​កម្ម​យ៉ាង​ព្រៃផ្សៃ​បំផុត ព្រមទាំង​បង្ខំ​ឲ្យ​ធ្វើការ​ទាំង​​ខ្លួន​គ្មាន​កម្លាំង​។ មាន​ដើមកំណើត​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ លោក ម៉ើ ពៅ បាន​ថ្លែងថា​រូបលោក​ជនជាតិ​ចាម ហើយ​ដើម្បី​បានរ​ស់លោក​ត្រូវ​បង្ខំចិត្ត​ដូរ​ឈ្មោះ​របស់ខ្លួន​ពី អែល ម៉ូ​ហា​ម៉ា​ត មកជា ម៉ើ ពៅ ដែលជា​ឈ្មោះ​ខ្មែរ​​វិញ​។ លោក​បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា ក្រៅពី​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ កម្មាភិបាល​ខ្មែរក្រហម​នៅ​បន្ដ​គំរាម​​ផ្លូវចិត្ត​របស់លោក​ទៀ​ត​។ លោក​បាន​រៀបរាប់ថា មាន​ថ្ងៃមួយ កម្មាភិបាល​ខ្មែរក្រហម​បាន​ឲ្យ​ក្រុមយុវជន​របស់លោក​ដែល​ជាប់​ច្រ​វ៉ា​ក់នៅ​នឹង​ជើង ទៅ​មើល​កម្មាភិបាល​ខ្មែរក្រហម​ចាប់​ស្ដ្រី​ម្នាក់​ដោះ​សំលៀកបំពាក់​អស់ពី​ខ្លួន ហើយ​ពួកគេ​ក៏​ចាប់​វះ​ពោះ​ស្ដ្រី​នោះ​ទាំង​រស់ យក​ថ្លើម​ទៅ​ចំអិន​ជា​អាហារ​បរិភោគ​សម្រាប់​ប​រិ​ភោគ​។​
        ដើមបណ្ដឹង​រដ្ឋប្បវេណី ម៉ើ ពៅ បាន​បន្ថែមថា ក្រោយពី​វះ​ពោះ​ស្ដ្រី​រូបនោះ​យក​ថ្លើម​រួច កម្មាភិបាល​ខ្មែរក្រហម​បាន​គំរាម​ក្រុម​របស់លោក​ថា អ្នក​ដែល​ក្បត់​នឹង​អង្គការ ពួកគេ​នឹង​យក​ថ្លើម​អ្នក​ក្បត់​នោះ ទៅ​បរិភោគ​ដូចគ្នា​ទៅនឹង​ស្ដ្រី​រូបនោះ​ផងដែរ​។ លោក​ក៏បាន​បញ្ជាក់ដែរថា កម្មាភិបាល​ខ្មែរក្រហម ក៏​បង្ខំ​ឲ្យ​ក្រុមយុវជន​របស់លោក​ទៅ​ឈរ​
​មើល ពួកគេ​សម្លាប់​មនុស្ស​ផ្សេងៗ​ទៀតផង​ដែរ ដោយ​លោក​ថា ប្រសិនបើ​នរណា​មានការ​តក់ស្លុត​ពេល​ឃើញ​ទិ​ដ្ឋ​​ភាព​នៃ​ការសម្លាប់​នោះ កម្មាភិបាល​ខ្មែរក្រហម​នឹង​ចោទថា​ជា​ខ្សែរ​បណ្ដាញ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​នោះ ហើយ​ពួកគេ​នឹង​យកទៅ​សម្លាប់​ជាមួយគ្នា​។​
​ជនរងគ្រោះ​ជនជាតិ​ចាម​រូបនេះ បាន​ថ្លែងប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​ផងដែរ​ថា ឪពុកមា​បង្កើត​របស់​លោក ក៏​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​ចង​អារ​សាច់​ទាំង​រស់ ហើយ​ប្រលាក់​អំបិល ទុក​ឲ្យ​ឈឺផ្សា​វេទនា​រហូតដល់​ស្លាប់​ផងដែរ​។ លោក​បាន​ជម្រាប​ទៀត​ដែរ​ថា ឪពុកម្ដាយ​របស់លោក ព្រមទាំង​ក្រុមគ្រួសារ​របស់លោក​ដែលជា​ជនជាតិ​ចាម​ចំនួន​១៧​នាក់ ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ក្រោយមក​ត្រូវបាន​ស្លាប់​​ដោយ​ការស្រែក​ឃ្លាន​អាហារ និង​ការ​សម្លាប់ចោល​ក្រោម​បទ​ចោទ​ប្រឆាំងនឹង​អង្គការ ក្នុងអំឡុង​នៃ​របប​កម្ពុជា​ប្រជា​​ធិបតេយ្យ​។ ដើមបណ្តឹង​រូបនេះ​បាន​ថ្លែងថា​លោក​គ្មាន​ចំណេះដឹង​អ្វី​ឡើយ​ដោយសារតែ​នៅក្នុង​របប​ខ្មែរក្រហម​គ្មាន​
​សាលារៀន​ដែល​ធ្វើឱ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​រហូត​មកទល់​បច្ចុប្បន្ន​។​
          លោក ម៉ើ ពៅ បាន​ថ្លែងថា​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម​ជា​ស្រមោល​អន្ទោលតាមប្រាណ​ខ្ញុំ​រាល់ថ្ងៃ ខ្ញុំ​ស្តាយ​
​ដែល​មិនបាន​រៀនសូត្រ និង​ខ្មែរក្រហម​បាន​យក​ខ្ញុំ ទៅ​ឃុំ​ក្នុង​មន្ទីរឃុំឃាំង និង​យក​មនុស្ស​មក​សម្លាប់​មុខ​ខ្ញុំ ដែល​
​ធ្វើឱ្យ​ខ្ញុំ​នៅតែ​បារម្ភ​ភ័យខ្លាច​។ តាមរយៈ​ប្រធាន​អង្គ​ជំនុំ​សាលាដំបូង​បាន​ចោទ​សំណួរ​ទៅកាន់​ជនជាប់ចោទ នួន ជា និង​ខៀវ សំផន ដោយបាន​ចោទសួរ​ថា តើ​ធ្វើ​ដូចម្តេច​បានជា​ជនជាប់ចោទ​ធ្វើបាប​ជនជាតិ​ចាម​និង​ហេតុអ្វី​បានជា​​ជនជាប់ចោទ​បិទ​សាសនា​ឥស្លាម​?
​នៅ​ថ្ងៃ​ដដែល ដើម​បណ្តឹងរដ្ឋប្បវេណី​មួយរូប​ទៀត​គឺ​លោក ម៉ាន ស្លេះ មាន​ដើមកំណើត​នៅ​ឃុំ​ស្វាយ​ឃ្លាំង​​ក៏​ត្រូវបាន​អង្គជំនុំជម្រះ​ស្តាប់​ការបង្ហាញ​ពី​ទុក្ខវេទនា​របស់គាត់ និង​បងប្អូន​ជនជាតិ​ចាម​ផ្សេងទៀត​នៅក្នុង​របប​ខ្មែរ​ក្រ ហម​ផងដែរ​ដោយ​លោក​បាន​លើកឡើងថា​ខ្មែរក្រហម​បាន​លុបបំបាត់​សាសនា ដុត​គម្ពីរ​គួរ​អាន និង​បាន​ចាប់ខ្លួន​ទៅ លើ​មេដឹកនាំ​សាសនា​និង​អ្នកចេះដឹង​ផ្សេងទៀត​ក្នុងនោះ​មាន​ទាំង​ឪពុក​របស់លោក​មួយរូប​ផងដែរ​។ លោក​បាន​ថ្លែង ក្រុមយុវជន​ជនជាតិ​ចាម ដែលមាន​រូបលោក​ផងដែរ​បាននាំគ្នា​បះបោរ​វាយតប​ជាមួយ​ក្រុមខ្មែរក្រហម ដើម្បី​ជីវិត​រស់ និង​សាសនា​បាន​រស់ ប៉ុន្តែ​ត្រូវបាន​ក្រុមខ្មែរក្រហម​បង្ក្រាប និង​សម្លាប់​ជនជាតិ​ចាម​យ៉ាងច្រើន​។ លោក​ម៉ាន ស្លេះ បាន​ជម្រាប​ទៅ​អង្គជំនុំជម្រះ​សាលាដំបូង​ថា​ខ្មែរក្រហម​បាន​ជម្លៀស​រូបគាត់ និង​ក្រុមគ្រួសា​ចេញពី​ភូមិកំណើត និង ត្រូវបាន​ខ្មែរក្រហម​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​។ លោក​បាន​ថ្លែងថា​សមាជិក​ក្រុមគ្រួសារ​របស់លោក​ចំនួន ៥ រូប​មាន​​ទាំង​ឪពុកម្តាយ បងប្អូន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​។​