សាលាក្តី​ខ្មែរក្រហម បើកសវនាការ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រឆាំងនឹង​ជនជាតិ​ចាម .​វៀតណាម​

ភ្នំពេញ: ​អង្គជំនុំជម្រះ​សាលាដំបូង បានចាប់ផ្តើម​បើកសវនាការ​កាលពី​ព្រឹក ថ្ងៃទី​២៩ ខែកុម្ភៈឆ្នាំ ២០១៦​នេះ ដើម្បី​ស្តាប់​ការធ្វើ​ព្យសនកម្ម​បង្ហាញ​ការរង​ទុក្ខវេទនា​រប​ស់ជនរងគ្រោះ ជាដើម​បណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ប្រឆាំងនឹង​ជនជាតិ​ចាម ជនជាតិ​វៀតណាម និង​ការសម្លាប់​ទៅលើអតីតមន្ត្រី​រដ្ឋការ​នៃ​សម័យ​សាធារណរដ្ឋ​ខ្មែរ​។​

​តាម​ការគ្រោងទុក ជនរងគ្រោះ​ជាដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៥​រូប គ្រោង​នឹងកោះហៅ​ឡើងមក​ផ្តល់​សក្ខីកម្ម​នៅក្នុង​ដំណើរការ​សវនាការ​​ពីថ្ងៃ​ទី​២៩ ខែកុម្ភៈរហូតដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ ២០១៦​។ នេះ​គឺជា​ការ​ឲ្យ​ដឹង​របស់លោក នេត្រភក្ត្រា​មន្ត្រី​នាំពាក្យ​នៃ​អង្គជំនុំជម្រះ​វិ​សា​​ម​ញ្ញ​ក្នុង​តុលាការ​កម្ពុជា ដោយបានគូសបញ្ជាក់ថា នៅ​អំឡុងពេល​នៃ​សវនាការ​ស្តាប់​ព្យសនកម្ម​នេះដើមបណ្តឹង​រដ្ឋប្បវេណី​នឹង​ជម្រាបជូន​​អង្គជំនុំជម្រះ​អំពី​ការរង​ទុក្ខ ការបាត់បង់​និងខូចខាត​ទ្រព្យសម្បត្តិ ស្មារតី​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការខ្មែរក្រហម​នេះ​។​

 ដើមបណ្ដឹង​រដ្ឋប្បវេណី​នៅ​ព្រឹក​នេះ​មានឈ្មោះ ម៉ើ ពៅ ជនជាតិ​ចាម​មូស្លីម បានជម្រាប​ទៅ​អង្គជំនុំជម្រះ​សាលាដំបូង​ថា​ថា កម្មាភិបាល​​ខ្មែរក្រហម បាន​ចាប់រូបលោក​យកទៅ​ឃុំខ្លួន នៅក្នុង​មន្ទីរឃុំឃាំង ជាមួយ​ក្រុមយុវជន​ផ្សេងៗ​ទៀតដោយ​បានដាក់​ខ្នោះដៃ ជើង​និង​ធ្វើ​ទារុណកម្ម​កម្ម យ៉ាង​ព្រៃផ្សៃ​បំផុត ព្រមទាំងបង្ខំ​ឲ្យ ធ្វើការ​ទាំង​ខ្លួន​គ្មាន​កម្លាំង​។ មាន​ដើមកំណើត​នៅ​ស្រុក​បាកានខេត្តពោធិ៍សាត់ លោក​ម៉ើ ពៅ បាន​ថ្លែងថា​រូបលោក​ជនជាតិ​ចាម ហើយ​ដើម្បីបានរ​ស់លោក​ត្រូវ​បង្ខំចិត្ត​ដូរ​ឈ្មោះ​របស់ខ្លួន​ពី អែល ម៉ូ​ហា​ម៉ា​ត មកជា ម៉ើ ពៅដែលជា​ឈ្មោះ​ខ្មែរ​វិញ​។​

​លោក​បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា ក្រៅពី​ការធ្វើ​ទារុណកម្ម​លើ​រាងកាយ កម្មាភិបាលខ្មែរក្រហម នៅ​បន្ដ​គំរាម​ផ្លូវចិត្ត​របស់លោក​ទៀត​។​

 លោក​បាន​រៀបរាប់ថា មាន​ថ្ងៃមួយ កម្មាភិបាល​ខ្មែរក្រហម បាន​ឲ្យ​ក្រុមយុវជនរបស់លោក​ដែលជា​ប់​ច្រ​វ៉ា​ក់ នៅ​នឹង​ជើង ទៅ​មើល​កម្មាភិបាល​ខ្មែរក្រហមចាប់​ស្ដ្រី​ម្នាក់ ដោះ​សំលៀកបំពាក់​អស់ពី​ខ្លួន ហើយ​ពួកគេ​ក៏​ចាប់​វះ​ពោះ​ស្ដ្រីនោះ​ទាំង​រស់ យក​ថ្លើម​ទៅ​ចំអិន​ជា​អាហារ​បរិភោគ សម្រាប់​បរិភោគ​។​

​ដើមបណ្ដឹង​រដ្ឋប្បវេណី​ម៉ើ ពៅ បាន​បន្ថែមថា ក្រោយពី​វះ​ពោះ​ស្ដ្រី​រូបនោះ យក​ថ្លើម​រួចកម្មាភិបាល​ខ្មែរក្រហម បាន​គំរាម​ក្រុម​របស់លោក​​ថា អ្នក​ដែល​ក្បត់​នឹង​អង្គការពួកគេ​នឹង​យក​ថ្លើម អ្នក​ក្បត់​នោះ​ទៅ​បរិភោគ ដូចគ្នា​ទៅនឹង​ស្ដ្រី​រូបនោះ ផងដែរ។​

 លោក​ក៏បាន​បញ្ជាក់ដែរថា កម្មាភិបាល​ខ្មែរក្រហម ក៏​បង្ខំ​ឲ្យ​ក្រុមយុវជន​របស់លោកទៅ​ឈរ​មើល ពួកគេ​សម្លាប់​មនុស្ស​ផ្សេងៗ​ទៀតផង​ដែរ ។​ដោយ​លោក​ថាប្រសិនបើ​នរណា​មានការ​តក់ស្លុត ពេល​ឃើញ​ទិដ្ឋភាព​នៃ​ការសម្លាប់​នោះកម្មាភិបាល​ខ្មែរក្រហម នឹង​ចោទថា​ជា​ខ្សែរ​​បណ្ដាញ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់នោះ ហើយ​ពួកគេ​នឹង​យកទៅ​សម្លាប់​ជាមួយគ្នា​។​

​ជនរងគ្រោះ​ជនជាតិ​ចាម​រូបនេះ បាន​ថ្លែងប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​ផងដែរ​ថាឪពុកមា​បង្កើត​របស់​លោក ក៏​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​ចង​អារ​សាច់​ទាំង​រស់ហើយ​ប្រលាក់​អំបិល ទុក​ឲ្យ​ឈឺផ្សា​វេទនា រហូតដល់​ស្លាប់​ផងដែរ​។ លោក​បានជម្រាប​ទៀត​ដែរ​ថា ឪពុកម្ដាយ​របស់លោក ព្រមទាំង​ក្រុមគ្រួសារ របស់លោកដែលជា​ជនជាតិ​ចាម​ចំនួន​១៧​នាក់ ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​ធ្វើទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ក្រោយមក​ត្រូវបាន​ស្លាប់​ដោយ​ការស្រែក​ឃ្លាន​អាហារនិង​ការ​សម្លាប់ចោល​ក្រោម​បទ​ចោទ​ប្រឆាំងនឹង​អង្គការ ក្នុងអំឡុង​នៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​។

​ដើមបណ្តឹង​រូបនេះ​បាន​ថ្លែងថា​លោក​គ្មាន​ចំណេះដឹង​អ្វី​ឡើយ ដោយសារតែ​នៅក្នុងរបប​ខ្មែរក្រហម គ្មាន​សាលារៀន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​រហូតមក​ទល់បច្ចុប្បន្ន​។​

​លោក​បាន​បន្តថា “​រឿងរ៉ាវ​នៅក្នុង​របប​ខ្មែរក្រហម ជា​ស្រមោល​អន្ទោលតាមប្រាណ​ខ្ញុំរាល់ថ្ងៃ ខ្ញុំ​ស្តាយ​ដែល​មិនបាន​រៀនសូត្រ​និង​ខ្មែរ​​ក្រហម​បាន​យក​ខ្ញុំ ទៅ​ឃុំ​ក្នុងមន្ទីរឃុំឃាំង និង​យក​មនុស្ស​មក​សម្លាប់​មុខ​ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅតែ​បារម្ភ​ភ័យខ្លាច​”​តាមរយៈ​ប្រធាន​អង្គ​​ជំនុំ​សាលាដំបូង បាន​ចោទ​សំណួរ​ទៅកាន់​ជនជាប់ចោទ នួន ជានិង​ខៀវ សំផន ដោយបាន​ចោទសួរ​ថា តើ​ធ្វើ​ដូចម្តេច​បានជា​ជន​ជាប់​​ចោទ​ធ្វើបាបជនជាតិ​ចាម និង ហេតុអ្វី​បានជា​ជនជាប់ចោទ​បិទ​សាសនា​ឥស្លាម​?​។​

​នៅ​ថ្ងៃ​ដដែល ដើម​បណ្តឹងរដ្ឋប្បវេណី​មួយរូប​ទៀត​គឺ​លោក ម៉ាន ស្លេះ មានដើមកំណើត​នៅ​ឃុំ​ស្វាយ​ឃ្លាំង ក៏​ត្រូវបាន​អង្គជំនុំជម្រះ​ស្តាប់​ការ​​បង្ហាញ​ពីទុក្ខវេទនា របស់គាត់ និង​បងប្អូន​ជនជាតិ​ចាម​ផ្សេងទៀត នៅក្នុង​របប​ខ្មែរក្រហមផងដែរ​ដោយ​លោក​បាន​លើកឡើងថា​ខ្មែរក្រហម​​បាន​លុបបំបាត់​សាសនាដុត​គម្ពីរ​គួរ​អាន និង​បាន​ចាប់ខ្លួន ទៅលើ​មេដឹកនាំ​សាសនា និង​អ្នកចេះដឹងផ្សេងទៀត ក្នុងនោះ​មាន​ទាំង​ឪពុក​​របស់លោក​មួយរូប​ផងដែរ​។​

 លោក​ម៉ាន ស្លេះ​បាន​បន្តទៀតថា ក្រុមយុវជន​ជនជាតិ​ចាម​ដែលមាន​រូបលោក​ផងដែរបាននាំគ្នា​បះបោរ​វាយតប​ជាមួយ​ក្រុមខ្មែរក្រហម​ដើម្បី​ជីវិត​រស់ និង​សាសនាបាន​រស់ ប៉ុន្តែ​ត្រូវបាន​ក្រុមខ្មែរក្រហម​បង្ក្រាប និង​សម្លាប់​ជនជាតិ​ចាមយ៉ាងច្រើន​។

​លោក​ម៉ាន ស្លេះ បាន​ជម្រាប​ទៅ​អង្គជំនុំជម្រះ​សាលាដំបូង​ថា​ខ្មែរក្រហម​បាន​ជម្លៀសរូបគាត់ និង​ក្រុមគ្រួសា​ចេញពី​ភូមិកំណើត និង​ត្រូវបាន​​ខ្មែរក្រហមធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​។ លោក​បាន​ថ្លែងថា​សមាជិក​ក្រុមគ្រួសាររបស់លោក​ចំនួន ៥ រូប​មាន​ទាំង​ឪពុកម្តាយ បងប្អូន​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​៕​R

សាលាក្តី​ខ្មែរក្រហម បើកសវនាការ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប្រឆាំងនឹង​ជនជាតិ​ចាម .​វៀតណាម​