ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖​ រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ប្រទេស​គុយ​បា កំពុង​ស្វែងរក​លទ្ធភាព ក្នុង​ការ​ជំរុញ​​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​នឹង​គ្នាឱ្យ​បាន​រឹង​មាំ​​បន្ថែម​ទៀត​ ដោយ​ក្នុង​នោះ​ភាគី​ទាំង​២បាន​​ប្តេជ្ញា​ថា ​នឹង​ខិតខំ​ជំរុញ​ដំណើរ​ទស្សនកិច្ច រវាង​គណៈ​ប្រតិ​ភូ​រដ្ឋសភា​​​ទៅ​វិញ​ទៅ​មកឱ្យ​​បាន​ច្រើន និង​នៅ​គ្រប់​​កម្រិត ​។

ការ​បញ្ចេញ​ទស្សនកិច្ច​រួម​គ្នា ​ក្នុង​ការ​រឹតចំណង​មិត្តភាព រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​រវាង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​ថ្មី ប្រទេស​គុយ​បា ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ​កុម្ភៈ ២០១៦ នៅ​វិមាន​រដ្ឋសភា​ ។

ក្នុង​ជំនួប​​លោក​ជូន ឌឺ ចេ​ហ្សូ​ស ហ៊ី​ដា​ហ្គោ ហ្កា​តូ បេ​រេស (Juan De Jesus Hidalgo-Gato Peres) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាពនៃ​សាធារណរដ្ឋ​គុយ​បា ដែល​ទើប​តែងតាំង​ប្រចាំ​នៅកម្ពុជា និងសម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង​ពី ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​តាំងពី​យូរលង់​មក​ហើយ និង​ត្រូវ​ពង្រឹងពង្រីក​បន្ថែម​ទៀត ​។