ខ្លោងទ្វារ​ទន្លេ​អុំ​នឹងដាក់​ជា​ផ្លូវ​ឯកទិស​ចាប់ពី​ចុងខែ​មិនា​តទៅ

សៀមរាប៖ ខ្លោងទ្វារ​ទន្លេ​អុំ ជា​ចំណុច​មួយ​ដែលមាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ។ នៅពេល​ព្រឹក​យានជំនិះផ្សេងៗសម្រុក​ដឹក​ភ្ញៀវ​ចូលទៅ​ប្រាសាទបាយ័ន ប្រាសាទបាពួន និង​លានជល់ដំរី។ល។ ចំ​ណែ​ល​ពេល​ល្ងាច វា​ក៏​ជា​គោលដៅ​សម្រាប់​មើល​ថ្ងៃ​លិច​ផងដែរ។ ជារឿយៗ ជាពិសេស​នៅពេល​ព្រឹក ដោយ​មិន​គិតពី​ថ្ងៃបុណ្យធំៗ ខ្លោងទ្វារ​នេះ​តែងមាន​ការកកស្ទះ ដោយសារ​វា​មាន​ទំហំ​តូច និង​អាច​ចរាចរណ៍​បាន​ត្រឹម​ឡាន​មួយ។ ដើម្បី​សម្រួល​បញ្ហា​កកស្ទះ​ទាំងនេះ អាជ្ញាធរ​ជាតិ​អប្សរា បានកំណត់​យក​ខ្លោងទ្វារ​ទន្លេ​អុំ ដាក់​ជា​ផ្លូវ​ឯកទិស​នៅពេល​ព្រឹក។

បញ្ហា​កកស្ទះ​នៅ​ច្រក​ខ្លោងទ្វារ​ទន្លេ​អុំ បានកើត​ឡើងជា​យូរ​មកហើយ។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ពេលវេលា​ទស្សនា​របស់​ភ្ញៀវទេសចរ​មួយចំនួន ព្រោះថា​ពួកគេ​ត្រូវ​រង់ចាំ​នៅ​ច្រកចូល​ខ្លោងទ្វារ​ទន្លេ​អុំ យ៉ាងហោចណាស់​ពី១៥ ទៅ២០នាទី​ឯណោះ រាល់ពេល​មានការ​កកស្ទះម្តងៗ ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន អាជ្ញាធរ​ជាតិ​អប្សរា នឹង​កំណត់​ផ្លូវ​ខ្លោងទ្វារ​ទន្លេ​អុំ ដែលជា​ច្រកទ្វារ​ខាងត្បូង​ប្រាសាទបាយ័ន ឲ្យ​ទៅជា​ផ្លូវ​ឯកទិស​នៅពេល​ព្រឹក គឺ​ចាប់ពី​ម៉ោង ៧កន្លះ ដល់​ម៉ោង១១កន្លះ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នៅ​ថ្ងៃទី២៩ កុម្ភៈ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ការអនុវត្ត​ផ្លូវ​ឯកទិស​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ នឹង​ចាប់​អនុវត្តន៍​ចាប់ពី​ថ្ងៃទី២៨ មិនា ឆ្នាំ២០១៦តទៅ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​យោង​ហេតុផល​ថា ដើម្បី​សម្រួល​ចរាចរណ៍​ឲ្យ​ល្អ​ឡើងវិញ ការបញ្ជៀ​ស​ការរំខាន​ដល់​ភ្ញៀវទេសចរ និង​ផលប៉ះពាល់​ដល់​បរិស្ថាន​នៅ​តំបន់​អង្គរ ដែល​បង្កឡើង​ដោយ​ផ្សែង​យានយន្ត​ជាដើម។

សូមបញ្ជាក់ថា ការអនុវត្ត​ផ្លូវ​ឯកទិស​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ គឺ​មិន​សំដៅលើ​អ្នក​ថ្មើរជើង និង​កង់​នោះទេ៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​