យោធិន​ចូល​និវត្តន៍​នៅ​ខេត្ត​បាត់ដំបង​ប្រមាណ​២៥០​គ្រួសារ​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ

មន្ត្រី​យោធិន​ចូល​និវត្តន៍​ប្រមាណ ២៥០​គ្រួសារ ដែល​រដ្ឋាភិបាល​កាត់​រំសាយ ហើយ​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង កំពុង​ជួប​បញ្ហា​ជីវភាព​គ្រួសារ​ខ្វះខាត​ប្រចាំ​ថ្ងៃ។ ពួក​គាត់​ទាំង​នោះ​គ្មាន​ដី​បង្កបង្កើនផល និង​ពុំ​មាន​លទ្ធភាព​ធ្វើ​ការងារ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​បាន​ឡើយ។ ពួក​គាត់​រស់នៅ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ខែ​ចំនួន ៤០​ម៉ឺន​រៀល ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​រៀង​រាល់​ខែ។

មន្ត្រី​ចូល​និវត្តន៍​នៅ​ឃុំ​បឹងប្រាំ លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គាត់​មាន​ជីវភាព​ខ្វះខាត​នេះ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​ដោះស្រាយ​ប្រគល់​ដី​មួយ​គ្រួសារ ២​ហិកតារ ដែល​មន្ត្រី​រដ្ឋាភិបាល​បាន​បែង​ចែក​ដី​ឲ្យ​ពួក​គាត់​ក្នុង​កម្មវិធី​កាត់​រំសាយ ដែល​បាន​ប្រគល់​ផ្ទះ​ឲ្យ​រស់នៅ​ក្នុង​ឃុំ​បឹងប្រាំ មួយ​គ្រួសារ​មួយ​ខ្នង​នោះ​ទេ។

មន្ត្រី​យោធិន​ទាំង​នោះ​ខ្លះ​ពិការ​ដៃ ជើង និង​ពិការ​ភ្នែក ជាដើម ហើយ​មួយ​ចំនួន​ទៀត​មាន​វ័យ​ចំណាស់​អាយុ​ប្រមាណ​ពី ៥០​ឆ្នាំ​ទៅ​ជាង ៧០​ឆ្នាំ ហើយ​មិន​អាច​ធ្វើ​ការងារ​ធ្ងន់​ដូច​មនុស្ស​ធម្មតា​បាន​ឡើយ។ តំបន់​ដែល​ពួក​គាត់​រស់នៅ​នោះ​មាន​ផ្ទះ​ប្រមាណ ២០០​ខ្នង ដោយ​ផ្ទះ​ខ្លះ​សង់​ពី​ឈើ​ទំហំ ៥​ម៉ែត្រ​គុណ ៧​ម៉ែត្រ និង​ខ្លះ​ទៀត​ធ្វើ​ពី​ថ្ម​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៩​ម៉ែត្រ នៅ​លើ​ផ្ទៃដី​បណ្ដោយ ៤០​ម៉ែត្រ និង​ទទឹង ៤០​ម៉ែត្រ។ ផ្ទះ​ទាំង​នោះ​មួយ​ចំនួន​ធំ​មាន​តែ​សម្បក​ផ្ទះ តែ​ពុំ​មាន​មនុស្ស​រស់នៅ​នោះ​ទេ។

មន្ត្រី​យោធិន​ចូល​និវត្តន៍​ដែល​ពិការ​ជើង​ស្ដាំ​ម្នាក់ គឺ​លោក សៀ នួម អង្គុយ​នៅ​លើ​កាំ​ជណ្ដើរ​ផ្ទះ​និយាយ​រៀបរាប់​ដោយ​ទឹក​មុខ​ស្រពោន​ថា លោក​ពិការ​ជើង​ដោយសារ​ជាន់​គ្រាប់​មីន​ក្នុង​សមរភូមិ​នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ​១៩៩៧។ លោក​អះអាង​ថា ចាប់​តាំង​ពី​លោក​ធ្លាក់​ខ្លួន​ពិការ​មក ធ្វើ​ឲ្យ​មិន​អាច​ប្រកប​ការងារ​ធ្ងន់​បាន​ដូច​ពេល​មុខៗ​នោះ​ឡើយ។ បុរស​រាង​ស្គម​វ័យ ៥០​ឆ្នាំ​ប្លាយ​រូប​នេះ​បន្ថែម​ថា គ្រួសារ​របស់​គាត់​មាន​ជីវភាព​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ជា​បន្តបន្ទាប់ ដោយសារ​គ្មាន​ដី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ម្យ៉ាង គ្មាន​កម្លាំង​កំហែង​ចេញ​ទៅ​រក​ការងារ​ធ្វើ​បាន​ដូច​អ្នក​ស្រុក​ជិត​ខាង​នោះ​ទេ៖ «គាត់​ប្រាប់​ពួក​ខ្ញុំ​ថា​មក​រស់​ទីកន្លែង​នេះ មាន​ដី មាន​ផ្ទះ និង​មាន​ផ្លូវ​ថ្នល់ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​រស់នៅ​ប្រចាំ​ថ្ងៃ។ តែ​ពេល​ខ្ញុំ​មក​នៅ​ជាក់ស្ដែង ខុស​ពី​ការ​ពិត​ទាំង​ស្រុង ហើយ​ជួប​ការ​លំបាក​ខ្លាំង​ណាស់»

ស្រដៀង​គ្នា​នេះ​ដែរ និវត្តជន​ម្នាក់​ទៀត គឺ​លោក ម៉ុង សាន ថ្លែង​ក្នុង​សម្លៀកបំពាក់​យោធា​ដោយ​សម្ដី​មួយៗ​ថា កាល​ពី​ឆ្នាំ​២០១២ មន្ត្រី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក អឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ទៅ​ចែក​ដី​ឲ្យ​ពួក​គាត់​មួយ​គ្រួសារ ២​ហិកតារ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ដើម្បី​ដាំ​ដុះ​ដំណាំ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ លោក​អះអាង​ថា ដី ២​ហិកតារ​នោះ ពួក​គាត់​បាន​ទទួល​តែ​ក្រដាស ហើយ​ពុំ​ដឹង​ថា​ដី​របស់​ខ្លួន​នៅ​ទីកន្លែង​ណា​នោះ​ទេ។ លោក​បន្ថែម​ថា អាជ្ញាធរ​ស្រុក និង​ខេត្ត ពុំ​បាន​គិតគូរ​ដោះស្រាយ​ដី​ដែល​រដ្ឋមន្ត្រី​បាន​ចែក​ឲ្យ​ពួក​គាត់​នោះ​នៅ​ឡើយ​ទេ៖ «ពួក​គាត់​យក​ពួក​ខ្ញុំ​មក​ទុក​ចោល​ដោយ​ឲ្យ​លំបាក​វេទនា​ក្នុង​ព្រៃ និង​មិន​បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​យើង​ខ្ញុំ​ម្ដង​ណា​នោះ​ទេ។ ពួក​ខ្ញុំ​ភាគ​ច្រើន​ជា​ជន​ពិបាក បើ​ពួក​គាត់​យក​មក​ទុក​ចោល​បែប​នេះ តើ​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​កើត​ទៅ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​បវេល លោក ទឹម ដារ៉េត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​តែង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នោះ​ជូន​ពួក​គាត់​រហូត​មក គឺ​ពុំ​បាន​ព្រងើយ​កន្តើយ​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​ចូល​និវត្តន៍​មួយ​ចំនួន​នោះ​ឡើយ៖ «គណៈកម្មការ​របស់​ខេត្ត​បាត់ដំបង កំពុង​ព្យាយាម​ដឹក​នាំ​ធ្វើ​ការងារ​ជូន​ពួក​គាត់ ដោយសារ​ដី​ដែល​គាត់​បាន​ទទួល​នោះ មាន​ជន​មក​ពី​ក្រៅ​ដទៃ​ទៀត​រំលោភ​បំពាន»

ប្រធាន​គណៈកម្មការ​ទី​១ រដ្ឋសភា លោក អេង ឆៃអ៊ាង ដែល​បាន​ចុះ​ស្រង់​មតិ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងប្រាំ កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ ថា លោក​នឹង​នាំ​រឿង​នេះ​ដាក់​ទៅ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស៖ «បាទ! មិន​អី​ទេ ខ្ញុំ​បាន​មក​ជួប​បង​ប្អូន​លើក​នេះ គឺ​ខ្ញុំ​បាន​ដឹង​រឿងរ៉ាវ និង​បាន​យល់​ច្បាស់ ជា​ជាង​បង​ប្អូន​ទៅ​ជួប​ខ្ញុំ​ទៅ​រដ្ឋសភា​កន្លង​មក​ទៅ​ទៀត»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា មន្ត្រី​យោធិន​ចូល​និវត្តន៍​ជួប​ការ​លំបាក​នេះ ដោយសារ​កន្លង​មក មន្ត្រី​ថ្នាក់​លើ​ច្រើន​ពិនិត្យ​តែ​ក្រដាស​ដែល​អាជ្ញាធរ​មូលដ្ឋាន​បាន​ធ្វើ​របាយការណ៍​ជូន​ខុស​ពី​ការ​ពិត ដោយ​ពុំ​បាន​ចុះ​សិក្សា​ផ្ទាល់​ដល់​ទីកន្លែង​រស់នៅ​របស់​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។ លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​រឿង​ដីធ្លី​ជូន​មន្ត្រី​ចូល​និវត្តន៍​ទាំង​នោះ​ឡើយ៖ «ខ្ញុំ​គាំទ្រ​សម្ដី​បង​ប្អូន​និវត្តជន និយាយ​ថា​ពួក​គាត់​ជួប​ការ​លំបាក គឺ​ជា​រឿង​ពិត។ អ៊ីចឹង​ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល មេត្តា​ពិនិត្យ​ឡើង​វិញ​ចំពោះ​បញ្ហា​ដីធ្លី​របស់​មន្ត្រី​យោធិន​រំសាយ​នេះ ដើម្បី​ជួយ​ដល់​ពួក​គាត់​ឲ្យ​បាន​ដី​ដាំ​ដុះ​ឲ្យ​បាន​ឆាប់​រហ័ស»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ចូល​និវត្តន៍​នៅ​ឃុំ​បឹងប្រាំ ជាង ២០០​គ្រួសារ​នោះ មួយ​ចំនួន​ធំ ពួក​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​ប្រគល់​ជូន​គាត់ គឺ​មាន​ប្រមាណ ៤០​គ្រួសារ​ដែល​បាន​រស់នៅ​ទីនោះ​ជា​ប្រចាំ។ អ្នក​ដែល​ចេញ​ពី​ដី គ្រួសារ​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ និង​ខ្លះ​ទៀត​ទៅ​រស់នៅ​តំបន់​ផ្សេង ដោយសារ​នៅ​តំបន់​នោះ ពួក​គាត់​គ្មាន​ដី​ដាំ​ដុះ ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា និង​ខ្វះ​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ផល​ដំណាំ ជាដើម។ ចំណែក​ឯ​យោធិន​ដែល​ពុំ​បាន​ចាក​ចេញ​ពី​ដី​នោះ ភាគ​ច្រើន​ជា​មន្ត្រី​យោធិន​ពិការ និង​មាន​វ័យ​ចំណាស់ ហើយ​ពួក​គាត់​រស់នៅ​ដោយ​ពឹង​ផ្អែក​ប្រាក់​ខែ​ជាង ៤០​ម៉ឺន​រៀល ដោះស្រាយ​ក្រពះ​បាន​មួយ​គ្រាៗ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។