CNRP សង្ឃឹមថា សកម្មជនជាប់ឃុំ ទាំង១៥នាក់ នឹងចេញពី ពន្ធនាគារ ក្នុងពេលឆាប់ៗ

ភ្នំពេញ៖ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ (CNRP ) បានថ្លែងពីក្តីសង្ឃឹម របស់ខ្លួនថា មន្ដ្រី និងសកម្មជនចំនួន ១៥រូប នឹងមានការដោះលែង ឲ្យនៅក្រៅឃុំ ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោក សុន ឆ័យ បន្ទាប់ពីចេញសួរសុខអ្នកទាំង ១៥នាក់រួចមក នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦  បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មានថា “យើងចង់ឲ្យឃើញមានការ ដោះស្រាយ ក្នុងពេលវេលា ណាមួយ ។ គាត់ជាប់ឃុំខ្លួន ៧ខែមកហើយ យើងពិនិត្យ អ្នកជាប់មិនទាន់ កាត់សេចក្ដី ឯកឧត្តម ហុង សុខហួរ ជាដើម មានពេលវេលានេះល្មម យ៉ាងហោចណាស់ឲ្យពួកគាត់នៅ ក្រៅឃុំដែរ។ នៅថ្ងៃទី៤ ខែមីនា ខាងតុលាការនឹង ពិនិត្យទៅលើឯកសារ សូមណូមពរ គាត់ឲ្យនៅក្រៅឃុំ”។

លោកបន្ដថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា បក្សប្រឆាំង ក៏ធ្លាប់ពិភាក្សាជា មួយសម្ដេច តេជោ ហ៊ុន សែន ដែរនៅក្នុងរដ្ឋសភា ឲ្យបាននៅក្រៅឃុំ ដោយសារទោសរបស់គាត់បានធ្វើ ឯកសារក្លែងក្លាយ ផលិតដោយអ្នកដ៏ទៃ ហើយគាត់បានអធិប្បាយ ទៅលើឯកសារនោះ ត្រូវមានទោសអ្នកដែល ផលិតឯកសារនោះ ដូច្នេះត្រូវតែតាមរក អ្នកផលិតឯកសារនោះ។

អ្នកតំណាងរាស្រ្តបន្ថែមថា  ការធ្វើអធិប្បាយមានលក្ខណៈ ពីរយ៉ាង ទីមួយគាត់យោងតាម ឯកសារក្លែងក្លាយ  ទីពីរអធិប្បាយមិន មានចេតនា បង្កឲ្យមានភាព ចលាចលក្នុងស្រុក។

សូមបញ្ជាក់ថា លោក ហុង សុខហួរ ជាប់ចោទពីបទ ក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារ សាធារណៈក្លែង និង បទញុះញង់ បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម ដែលចែងឲ្យផ្តន្ទាទោស តាមមាត្រា ៦២៩ ,  មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤  រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុក របស់ឯកឧត្តម សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការចោទប្រកាន់ ឯកឧត្តម សម រង្ស៊ី ពីបទ សមគំនិត ក្នុងបទល្មើសនេះ ។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ចន្លោះពី ៥ ទៅ ១០ ឆ្នាំ ៕

ចូលជួបសួរសុខទុក្ខ សមាជិកគណបក្សសង្គ្រោះជាតិនិងពលរដ្ឋទាំង១៥រូប ដែលកំពុងជាប់ឃុំឃាំង នៅគុកព្រែស កាលពីព្រឹកមិុញនេះ ដើម្បីនាំយកនូវថវិកា ផ្តល់ ដោយលោកយាយ សុីម តេងគី ព្រមទាំងពុទ្ធបរិស័ទ្ទខ្មែរ២៨រូប នៅរដ្ឋQueensland ប្រទេសអូស្រាលី។

Posted by Son Chhay on Sunday, February 28, 2016