អេ ភូ​ថង រស់នៅក្នុង​ជីវិត​ពិបាក​បំផុត ក្រោយ​ចាក​ចេញពី​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​

ភ្នំពេញ​: ​អតីត​ស្តេច​ប្រដាល់ កែង​ឆេះ ជង្គង់​ហោះ អេ ភូ​ថង បាន​រៀប​រាប់ទាំង​ក្តុកក្តួល ក្នុង​កម្មវិធី​ថ្មី​របស់​ស្ថានីយទូរទស្សន៍ PNN ពី​ជីវិត​ដ៏​ពិបាក​ជាមួយ​ក្រុមគ្រួសារ ក្រោយពី​លះបង់​អាជីព​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​។​

​ថ្លែង​ក្នុង​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The Date​របស់​ស្ថានីយទូរទស្សន៍ PNN​ចំពោះមុខ​ភរិយា​របស់លោក អ្នកស្រី សាំង សូ​ម៉ាលី អតីត​ស្តេច​ប្រដាល់​កម្ពុជា​រូបនេះ រៀប​រាប់ទាំង​ក្តុកក្តួល​ថា ជីវិត​ក្រុមគ្រួសារ​របស់លោក ចាប់ផ្តើម​ធ្លាក់​ក្នុងស្ថានភាព​ពិបាក​បំផុត​អំឡុង​ឆ្នាំ​២០១៣ គឺ​ក្រោយ​ប្រកាស​ចាក​ចេញពី​កីឡាប្រដាល់​បាន​ប្រមាណ​៣​ឆ្នាំ​ប៉ុណ្ណោះ​។ អំឡុងពេល​ដ៏​ពិបាក​បំផុត អេ ភូ​ថង ធ្លាប់​សួរ​ខ្លួនឯង​ថា តើ​លោក​គួរតែ​បន្តជីវិត​បែបណា​ទៅ​ថ្ងៃមុខ​។​

​អេ ភូ​ថង លើកឡើងថា​“​ពីមុន​ខ្ញុំ​វ៉ៃ​ខ្លាំងជាងគេ លំដាប់​លេខ​១ ខ្ញុំ​បាន​លុយ​ច្រើន តែ​ពេល​ឈប់​វ៉ៃ​ខ្ញុំ​អត់​ការងារ​ធ្វើ ត្រូវ​ចិញ្ចឹម​សិស្ស និង​ឪពុកម្ដាយ​ជរា ទើប​ធ្វើ​ឲ្យ​ជីវភាព​អន់​ខ្សោយ ថយ​រហូត​”

​អ្នកស្រី សូ​ម៉ាលី ទទួលស្គាល់ថា ជីវិត​នៅពេលនោះ ពិតជា​ពិបាក​ខ្លាំង​សម្រាប់​អ្នកស្រី ក៏ដូចជា​គ្រូ​សារ​អ្នកស្រី ក្រោយ​ប្តី​អ្នកស្រី​សម្រេច​លាឈប់​ពី​កីឡាប្រដាល់​។​

​អ្នកស្រី សូ​ម៉ាលី បាន​ទម្លាយ​អោយដឹងថា “​ឆ្នាំ​២០១៣ ខ្ញុំ​ក្រពេញ​មួយឆ្នាំ វេទនា​មែនទែន​! ខ្ញុំ​សឹង​មិន​ជឿថា ដល់​ថ្នាក់​ឈ្មោះ​អេ​ភូ​ថង​ហើយ ទៅ​ខ្ចី​អង្ករ​គេ​មួយ​បាវ គេ​មិន​ឲ្យ​ជឿ​! ...​ក្រ​ដល់​ថ្នាក់​ខ្ញុំ​មិន​ខ្មាស ដើរ​រើស​កំប៉ុង​! ខ្ញុំ​អត់​ដែល​និយាយ​រឿង​ហ្នឹង​ទេ​...”
​លោក អេ ភូ​ថង ជា​អតីត​ស្តេច​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​មួយរូប​របស់​កម្ពុជា ដោយ​ប្រឡូក​ចូលក្នុង​វិស័យ​កីឡាប្រដាល់​អំឡុង​ឆ្នាំ​១៩៩២ លោក​បាន​កសាង​កេរ្តិ៍ឈ្មោះ​លើស​ង្វៀន​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ ចាប់តាំងពី​ឆ្នាំ​២០០០​មក ជាមួយ​បទ​ពិ​សោ​ធ៍​ជាង​២០​ឆ្នាំ រូបលោក​ពិតជា​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាងខ្លាំង ដោយបាន​ប្រកួត​ជាច្រើន​រយ​លើក ទាំង​លើ​ឆាក​អន្តរជាតិ និង​ការប្រកួត​ក្នុងស្រុក​។ 

​អតីត​កីឡាករ​ប្រដាល់​ជើង​ខ្លាំង​រូបនេះ ត្រូវគេ​ដឹងថា មាន​ទេពកោសល្យ និង​ជំនាញ​ខ្ពស់​ជាមួយនឹង​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ ជាពិសេស​គឺ​ជង្គង់​ហោះ​របស់លោក​តែម្តង នឹង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ឡើង​ប្រកួត​លើស​ង្វៀន​អន្តរជាតិ​ជាច្រើន​។ លោក អេ ភូ​ថង បាន​ដកខ្លួន​ចេញពី​សង្វៀន​ប្រដាល់ ចាប់តាំងពី​ចុងឆ្នាំ​២០០៩​មកម្ល៉េះ​។​

​ទោះជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណា ដោយ​ក្តី​ស្រលាញ់​កីឡាប្រដាល់​ខ្មែរ ព្រោះ​មិនមាន​កម្លាំង​ខ្លាំងក្លា​ដូច​មុន​ដើម្បី​ឡើង​ប្រកួត​លើស​ង្វៀន ប៉ុន្តែ​លោក អេ ភូ​ថង បាន​បង្កើត​ក្លឹប​ប្រដាល់​ផ្ទាល់ខ្លួន​មួយ ដើម្បី​បណ្តុះ​យុវជន​ជំនាន់​ក្រោយ ខណៈ​ថ្មីៗ​នេះ​លេចឮ​ដំណឹង​ថា មាន​ក្រុមហ៊ុន​ជាច្រើន បាន​ជួយ​ជ្រោមជ្រែង​ក្លឹប​ប្រដាល់​របស់លោក​ផងដែរ​។​

​ក្រៅពី​លោក អេ ភូ​ថង នៅមាន​តារា​ល្បីៗ​ជាច្រើន​ទៀត​របស់​កម្ពុជា ធ្លាប់បាន​ចូលរួម​ក្នុង​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The Date  របស់​ស្ថានីយទូរទស្សន៍ PNN ដូចជា លោក អ៊ុន សុធា កញ្ញា ថន លក្ខិណា ក៏ដូចជា​កញ្ញា មាន សូ​នី​តា ជាដើម​។​
​ក្រៅពី កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ឬ The DatePNN បាន​ផលិត និង​ចាក់ផ្សាយ​កម្មវិធី​ថ្មីៗ​ជាច្រើន​ផ្សេងទៀត នឹង​កំពុង​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង ជាពិសេស កម្មវិធី ស៊ី​អារម្មណ៍ ឬ Chit Chat  ដែលមាន​តារា​ដ៏​ល្បី គឺ​លោក ប៉ែន ចំរុង ជា​ពិធីករ​។​

​អាស្រ័យទៅលើ​ការស្នើ​ពី​ក្រសួង​ព័ត៌មាន PNN​បាន​កែប្រែ​ម៉ោង​ចាក់ផ្សាយ​ភាពយន្ត​ភាគ​ថៃ​របស់ខ្លួន ទៅ​ម៉ោង ១៨ និង​ចាប់ពី​ម៉ោង ២១​តទៅ​។ រីឯ​ម៉ោង​មាស​របស់ PNN ចន្លោះ​ពី​ម៉ោង ១៩ ដល់ ម៉ោង ២១ គឺ​ចាក់ផ្សាយ​ព័ត៌មាន និង​កម្មវិធី​ផលិត​ក្នុងស្រុក​។​
​កុំ​ភ្លេច​រង់ចាំ​ទស្សនា កិច្ចសម្ភាសន៍​លោក អេ ភូ​ថង លើ​កញ្ចក់​ទូរទស្សន៍ PNN​ក្នុង​កម្មវិធី ការ​ណាត់ជួប​ដ៏​អស្ចារ្យ ចាប់ពី​ម៉ោង ២០ និង ៣០​នាទី​តទៅ​៕

អេ ភូ​ថង រស់នៅក្នុង​ជីវិត​ពិបាក​បំផុត ក្រោយ​ចាក​ចេញពី​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​

អេ ភូ​ថង រស់នៅក្នុង​ជីវិត​ពិបាក​បំផុត ក្រោយ​ចាក​ចេញពី​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​