សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៖ នៅ​គ្រប់​ទីកន្លែង​ចាំបាច់​ត្រូវមាន កម្លាំង​មនុស្សធម៌​វ័យក្មេង បន្តវេន​ផ្តល់​សេវា​មនុស្សធម៌​

ភ្នំពេញ​: សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​លើកឡើងថា យុវជន​គឺជា​ធនធានមនុស្ស​មួយ​មិនអាច​ខ្វះ​បានជា​ទំពាំង​ស្នង​ឬ​ស្សី​និង​ជា​កម្លាំង​បន្តវេន​សម្រាប់​អនាគត​នៃ​ប្រទេសជាតិ​នីមួយៗ​។​

​ដូច្នេះ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ជម្រុញ​សកម្មភាព​យុវជន បង្ក​ឪ​កាស​ដល់​យុវជន​ដើម្បី​ធានា​នូវ​និរន្តរភាព​មួយ​ប្រកបដោយ​ចីរភាព​មានន័យថា​នៅ​គ្រប់​ទីកន្លែង គ្រប់​មូលដ្ឋាន​របស់​កាកបាទ​ក្រហម​កម្ពុជា​ចាំបាច់​ត្រូវមាន​កម្លាំង​មនុស្សធម៌​វ័យក្មេង​ក្នុងការ​បន្តវេន​ផ្តល់​សេវា​មនុស្សធម៌​ជួយ​ដល់​សហគមន៍​។​

​ឮ​ការលើកឡើង​របស់​សម្តេច​ប្រធាន​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​កន្លងមកនេះ​ខណៈពេលដែល​សម្តេច​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា​ឆ្នាំ​២០១៥​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។​

​យោងតាម​របាយការណ៍​ដែល​បាន​ចែកជូន​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៥ សកម្មភាព​យុវជន​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​នៅ​ទូទាំង​២៥​រាជធានី​.​ខេត្ត​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​យុវជន​នានា​ចូលរួម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​១៧ ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​បាន​ចំនួន​៣៦៥​លើក ស្មើនឹង​៩.៣២១​គ្រួសារ​។ ជាមួយគ្នា​នោះបាន​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា​សកម្មភាព​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ អគ្គិ​ស​ភ័យ អ្នកជំងឺ​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ ចុះសួរសុខទុក្ខ​អ្នក​ជាប់ពន្ធនាគារ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ លង់ទឹក គ្រួសារ​ទីទ័លក្រ កុមារកំព្រា​ក្រីក្រ សិស្ស​និស្សិត​មាន​ជីវភាព​ខ្វះខាត ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា​គ្មាន​ទីពឹង ជនពិការ និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​. ជំងឺអេដស៍​..​។​ល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជួយ​ទ្រទ្រង់​និង​លើកទឹកចិត្ត​ផ្តល់​សារៈសំខាន់​ដល់​យុវជន​កម្ពុជា​ដែលមាន​ប្រមាណ​ជាង​៥០​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​ទូទាំងប្រទេស​ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព​ទាំងអស់​ដើម្បី​បម្រើ​នូវ​កិច្ចការ​មនុស្សធម៌​ក៏ដូចជា​កិច្ចការ​សង្គម​ផ្សេងៗ​ទៀត​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បាន​មានប្រសាសន៍ថា កន្លងមកនេះ​ថ្វី​ត្បិត​បើ​យើង​ទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនៈ តែ​យើង​ក៏​នៅតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​មិនអាច​ចៀសវាង​បាន​ដែល​បញ្ហា​ប្រឈម​ទាំងនោះ កើតចេញពី​កត្តា​សត្យានុម័ត​និង​អន្តោ​ម័ត​ដែលមាន​លក្ខណៈ​ជា​សកល​ហើយ​ដែល​យើង​បាននិងកំពុង​ទទួលរ​ង​នូវ​ផលប៉ះពាល់ ដូច​ជាការ​បម្រែបម្រួល​អាកាសធាតុ ការកើតមាន​ជំងឺឆ្លង​ថ្មីៗ​។​ល​។ ដែល​នេះ​បានដាក់​ចេញ​ជា​បញ្ហា​សម្រាប់​ស្ថាប័ន​កាកបាទក្រហមកម្ពុជា ទាំង​នៅ​ថ្នាក់កណ្តាល​ក៏ដូចជា​សាខា​ទាំង​២៥​រាជធានី​.​ខេត្ត​និង​សមាសភាគ​ទាំងឡាយ​នៅក្នុង​សង្គម​ត្រូវ​រួមគ្នា​រិះរក​នូវ​វិធានការ​និង​ដំណោះស្រាយ​ដើម្បី​ពុះពារ​នូវ​រាល់​ឧបសគ្គ បញ្ហា​ប្រឈម​ដូចដែល​កិច្ចប្រជុំ​របស់​យើង​បាន​លើក​យកមក​ធ្វើការ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​។​

​នៅ​ចំពោះមុខ​សភាពការណ៍​នេះហើយ​ផ្អែក​តាម​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់​ជា​អនុសាសន៍​បន្ថែមថា ត្រូវ​យកចិត្តទុកដាក់​ចាត់តាំង​ឲ្យ​គណៈកម្មាធិការ​សាខា​នីមួយៗ​ទទួល​ដោយផ្ទាល់​លើ​ការងារ​យុវជន​។​ជាពិសេស​នៅតាម​បណ្តា​សាខា​រាជធានី​.​ខេត្ត​ត្រូវ​បន្ត​ពង្រឹង​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា​ឲ្យ​ក្លាយទៅជា​ទីកន្លែង​នៃ​ការជួបជុំ​មិត្ត​អប់រំ​មិត្ត​។

​ទី​១. លើ​បញ្ហា​ការសិក្សា​បច្ចុប្បន្ននេះ​ជាពិសេស​ក្នុងការ​ធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ​អ្នកចេះ​ទើ​ប្រឡង​ជាប់​។​ទី​២. ក្លឹប​យុវជន​ជា​កន្លែង​ដែល​ជួយ​អប់រំ​ផ្សព្វផ្សាយ​បណ្តុះបណ្តាល​ឲ្យ​យុវជន​កាកបាទក្រហម​កម្ពុជា​ក្លាយជា​យុវជន​គំរូ​គេ​ខាង​សីលធម៌ មាន​ទាំង​សមត្ថភាព មាន​ទាំង​សេចក្តីថ្លៃថ្នូរ មាន​ទាំង​ចិត្ត​មនុស្សធម៌ ចេះ​ជួយ​សិស្ស​និស្សិត លោ​គ្រូ អ្នកគ្រូ ដែល​ជួប​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ហើយ​យើង​ត្រូវ​ជួយ​អ្នក​ដែល​លំបាក​ខ្លាំងជាងគេ​មុន​។ ក្លឹប​យុវជន​នឹង​ក្លាយជា​កន្លែង​ដែល​ផ្តល់នូវ​ជំនាញ ចំណេះដឹង​បំ​ណិ​ន​ជីវិត​មាន​ជា​អា​ទ៏ ការអប់រំ សុខភាព វិជ្ជា​សង្គ្រោះ​បឋម មិត្ត​អប់រំ​មិត្ត​។​ល​។​និង​។​ល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្តថា បន្ថែម​ពីលើ​នេះ​ទៀត​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​ជម្រុញ​សកម្មភាព​យុវជន បង្ក​ឪ​កាស បង្ក​លទ្ធភាព​ដល់​យុវជន​ដើម្បី​ធានា​នូវ​និរន្តរភាព​មួយ​ប្រកបដោយ​ចីរភាព​មានន័យថា​នៅ​គ្រប់​ទីកន្លែង គ្រប់​មូលដ្ឋាន​របស់​កាកបាទ​ក្រហម​កម្ពុជា​ចាំបាច់​ត្រូវមាន​កម្លាំង​មនុស្សធម៌​វ័យក្មេង​ក្នុងការ​បន្តវេន​ផ្តល់​សេវា​មនុស្សធម៌​ជួយ​ដល់​សហគមន៍ នៅក្នុង​បរ​ណ​ភាព​ដែនដី​ខេត្ត​.​ស្រុក​នៃ​មូលដ្ឋាន​នីមួយៗ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បាន​បន្ថែមថា ជាមួយគ្នានេះដែរ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​យុវជន​នានា​ជាមួយ​យុវជន​គ្រប់​ស្រទាប់​ទាំងអស់​ដោយ​ចាត់ទុកថា​នេះ​ជា​បញ្ហា​ដ៏​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ចៀសវាង​ឲ្យ​បាន​ដាច់ខាត​នូវ​ស្មារតី​លើកកម្ពស់​ខ្លួនឯង​មើលស្រាល​អ្នកដទៃ បែងចែក​ប្រកាន់បក្ស​ពួកនិយម​។​ការងារ​មនុស្សធម៌​ជា​ភារកិច្ច​មួយ​ដ៏​ធំធេង​និង​ធ្ងន់ធ្ងរ​ដែល​ទាមទារ​នូវ​ការចូល​រួមទាំង​ធនធានមនុស្ស ទាំង​ធនធាន​ហិរញ្ញវត្ថុ​និង​ផ្នែក​បច្ចេកទេស​ពី​គ្រប់​មជ្ឈដ្ឋាន​ចាប់ពី​បុគ្គល​មួយរូប​ឡើងទៅ​។

​ហេតុដូចនេះ​ហើយ​សូម​អង្គប្រជុំ​ទាំងមូល​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ ទូលំទូលាយ ប្រមូលផ្តុំ​គៀរគរ ប្រមែប្រមូល​កម្លាំង ស​មុ​ស្ស​ធម៌​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​ជាមួយគ្នា​នោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជម្រុញ​ឲ្យ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ សិក្សា​ស្វែងយល់​និង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​ដើរ​ឲ្យ​ស្របតាម​ការរីកចម្រើន​នា​សម័យកាល​បច្ចុប្បន្ន​៕​