ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ អគ្គិ​ភ័យ​​​ឆេះ​ផ្ទះបាយ​ និង​ជង្រុក​ស្រូវ ​ដែល​នៅ​ជាប់​គ្នា​ហ្មត់​អស់រលីង​ ខ​ណៈ​ដែល​ម្ចាស់ផ្ទះ​ដាំ​ស្ល​ និង​ហូប​ចុក​រួច​នាំ​គ្នា​ចេញ​ទៅ​បំពេញការងារ​រៀង​ៗ​ខ្លួន​ដោយ​ពុំ​មាន​អ្នក​ណា​នៅផ្ទះ​​ ​កាលពី​​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៨​ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ស្ទឹង​កំបុត​ ឃុំ​ត្រពាំង​ជង ​ស្រុក​បាកាន​ ។​

​លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​បាន​​​ឲ្យ​ដឹង​ថា ផ្ទះបាយ​ដែល​នៅ​​ជាប់​ជង្រុក​ស្រូវ​​ដែល​​ឆេះ​នេះ​មាន​ទំហំ​៤​ម៉ែត្រ​​គុណ​​៥​ម៉ែត្រ​ ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ ជញ្ជាំង​ក្ដារ ក្រាល​ក្ដារ​ ។​ ​ម្ចាស់ផ្ទះ​ឈ្មោះ​ សុខ សុ​ន​ ​​អាយុ​៧១​ឆ្នាំ​ ​និង​ប្រពន្ធ​ឈ្មោះ​ កែវ សុ​ន ​អាយុ​៧១​ឆ្នាំ​ មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​៤​នាក់​ ។​ ផ្ទះបាយ​និង​ជង្រុក​​ស្រូវ​នេះ​នៅ​ជាមួយ​គ្នា ​គ្រាន់តែ​ខាន់​កណ្ដាល​ប៉ុណ្ណោះ មាន​ចម្ងាយ​ពី​ផ្ទះ​​​ប្រហែល​២៥​​ម៉ែត្រ​ ។​

លោក​អធិការ​បន្ត​​​ថា បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ ​គឺ​នៅ​ថ្ងៃ​​កើត​ហេតុ​ ក្រុម​គ្រួសារ​របស់​គាត់​បាន​ចម្អិន​​អាហារ​ថ្ងៃត្រង់​ដាំបាយ​សម្ល​ដោយ​ភ្លើងចង្ក្រាន​ ហើយ​ពេល​ហូប​ចុក​រួច​ក៍​នាំ​គ្នា​ចេញដំណើរ​ទៅ​បំពេញការងារ​រៀង​ៗ​ខ្លួន​បាត់​អស់​ ​ចំណែក​គាត់​​២​នាក់​យាយ​តាក៍​ទៅ​វត្ត​ដែរ ​គឺ​ពុំ​មាន​អ្នក​ណា​នៅផ្ទះ​ទេ​ ​​ពេល​ដែល​ចេញ​ទៅ​ គាត់​បាន​ដងទឹក​ពាង​​មួយ​ផ្តិល​ចាក់​លើ​ចង្ក្រាន​​ពន្លត់​ភ្លើង​ដែរ ​ប៉ុន្តែ​ទំនងជា​នៅ​សល់ង​ងើ​ក​ភ្លើង​ខ្លះ​មិន​ទាន់​រលត់​អស់ ​។ ​លុះ​ពេល​ត្រូវ​ខ្យល់​បក់​​ក៏​​បង្កាត់​ឡើង​វិញ​ទើប​ក្លាយជា​អណ្ដាតភ្លើង​​​ឆេះ​បែប​នេះ ​។

​លោក​អធិការ​បាន​​ឲ្យ​ដឹង​ទៀត​ថា ខ​ណៈ​​ភ្លើង​កំពុង​ឆេះ​​ ​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​នោះ​​ អ្នក​ភូមិ​រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ដោយ​ប្រើ​រថយន្ត​​​តូច​ៗ​​ដឹក​ទឹក​លក់​មក​ជួយ​បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ ប៉ុន្តែ​ឆេះ​អស់ទាំង​ស្រុង​ហើយ​នៅ​សល់​តែ​ជើង​សសរ​ប៉ុណ្ណោះ​ ។​

​ចំណែក​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស​ម្ភា​រដែល​ត្រូវ​អគ្គិ​ភ័យ​បំផ្លាញ​ចោល​នោះ​ក្រៅពី​ផ្ទះបាយ​និង​ជង្រុកស្រូវ​ ​គឺ​មាន​ចាន ឆ្នាំង​ ​ស្រូវ​ចំនួន​៣​តោន ​អង្ករ​២០០​​គីឡូក្រាម និង​ឈើប្រណីត​ដែល​ទិញ​ទុក​សម្រាប់​ធ្វើ​គ្រឿង​សង្ហា​រឹម​ប្រើប្រាស់​ប្រហែល​មួយ​ម៉ែ​ត​គូប​​ ។​ ទោះ​​បី​ជា​យ៉ាងណា​​ក្តី គ្រោះ​អគ្គិ​​ភ័យ​នេះ​មិន​បាន​រាល​ដាល​​ទៅ​ឆេះ​ផ្ទះ​​ដែល​​ស្នាក់​​នៅ​រាល់ថ្ងៃ​ ឫ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​ ៕​​