ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ខ​ណៈ​ដែល​ចូល​ព្រៃរ​កកាប់​ឈើ​យក​មក​ធ្វើ​ផ្ទះ​ ​ចៃដន្យ​ក៍​ជាន់​ចំ​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី​កាលពី​សម័យ​សង្គ្រាម​បណ្ដាល​ឲ្យ​ផ្ទុះ​​​ កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​២០១៦ ​ស្ថិត​នៅ​ក្នុងភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ​។

​លោក​អនុសេនីយ៍ឯក ចាន់ សុខា មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ជា ហេង ​អាយុ៥៨​ឆ្នាំ ​ជា​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ​នៅ​ថ្ងៃ​​កើត​ហេតុ ជន​រង​គ្រោះ​បាន​ចេញដំណើរ​ចូល​ព្រៃ​ដើម្បីរ​កកាប់​ឈើ​មក​សង់​លំនៅ​​ឋាន​​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​១០​គីឡូម៉ែត្រ​។ ​ពេល​កំពុង​ដើរ​​ប្រ​មើល​​មើល​ដើមឈើ​នោះ​ ស្រាប់តែ​ចៃដន្យ​ជាន់​ចំ​គ្រាប់​មីន​បណ្ដាល​ឲ្យ​ផ្ទុះ​ឡើង​កក្រើក​ដី​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ​។ ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ ​ត្រូវ​បាន​អ្នកស្រុក​ដែល​ទៅ​ជាមួយ​គ្នា​ដឹក​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

លោក​ ចាន់ សុខា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រាប់​មីន​ដែល​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នេះ​ ជា​​មីន​ដែល​កប់​ក្នុង​ដី​កាលពី​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៨០​និង​៩០ ​ដែល​នៅ​តំបន់​នោះ​ជា​សមរភូមិ​ប្រយុទ្ធ​​គ្នា​​រវាង​កងទ័ព​ខ្មែរក្រហម​ជាមួយ​កងទ័ព​រដ្ឋ​កម្ពុជា​ ។ ​លោក​ឲ្យ​ដឹង​ដែរ​ថា ​នៅ​តំបន់​ស្រុក​ភ្នំក្រវាញ​ប៉ែក​ខាង​ឃុំរ​កាត​ និង​ឃុំ​ស​ន្ទ្រែ​នោះ​ ​សម្បូរ​គ្រាប់​មីន ​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ដែល​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ច្រើន​ណាស់​ ​​មក​ដល់​ពេល​នះ​ក្រុម​ស៊ី​ម៉ា​ក់ក៍​មិន​ទាន់​បាន​បោស​សម្អាត​​ដែរ ​ដែល​ទាមទារ​ឲ្យ​បងប្អូន​កាប់​គាស់​ដី​ធ្វើស្រែ​​ចម្ការ​​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ៕ ​