លោក Ranieri ធ្វើ​​ការ​ប្រថុយ​ម្តង​ទៀត ខណៈ Leicester ប៉ះ West Brom រាត្រី​នេះ

ក្រុម Leicester City ប្រឈម​មុខ​នឹង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​នៅ​​មុខាង​នេះ​​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League ដ៏​មិន​នឹក​ស្មាន​ដល់​របស់​ពួក​គេ ខណៈ​ដែល​លោក Claudio Ranieri ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ ត្រៀម​ធ្វើ​ការ​ប្រថុយ​ប្រថាន​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​​ជ័យ​ជម្នះ​លើ​ក្រុម West Bromwich Albion​​។ leicesterការ​ជឿ​ជាក់​របស់​លោក Ranieri បាន​ទទួល​ផ្តល់​តប​ស្នង​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​កីឡាករ​​បម្រុង​របស់​លោក​បាន​ជួយ​ដល់​ក្រុម​លោក​ឲ្យ​ទទួល​ជ័យ​ជម្នះ ១-០ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Norwich City កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​​តាលី​រូប​នេះ ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​​ធ្វើ​ការ​ប្រថុយ​ប្រថាន​ដូច​គ្នា​នេះ​ម្តង​ទៀត​​​រាត្រី​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ក្រុម Leicester សម្លឹង​រក​ជ័យ​ជម្នះ​ក្នុង​ផ្ទះ​ខ្លួន​ឯង​ជា​លើក​ទី​​ពីរ​ក្នុង​រយៈពេល​៤​ថ្ងៃ និង​ដើម្បី​បន្ត​​​លទ្ធ​ផល​ដ៏​មិន​នឹក​ស្មាន​ដល់​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះ​។ Leicester បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​អំពី​ភាព​ខ្លាំង​នៃ​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ពួក​គេ​កាល​​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​ដែល​ពួក​គេ​បាន​បង្ហាញ​ពី​ភាព​អត់​ធ្មត់ និង​អារម្មណ៍​​ភិត​​ភ័យ​របស់​ពួក​គេ​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​នៅ​នាទី ទី​៨៩​តាម​រយៈ​ខ្សែ​ប្រយុទ្ធ Leonardo Ulloa ក្រោយ​ពី​​រង​នូវ​ការ​ការ​​ពារ​យ៉ាង​រឹង​​មាំ​ពី​សំណាក់​ក្រុម Norwich​។ ការ​ទទួល​ជ័យ​ជម្នះ​បាន​កើត​ឡើង ក្រោយ​ពី​លោក Ranieri បា​ន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​មួយ​តាម​រយៈការ​​កាត់​បន្ថយ​ខ្សែ​ការ​ពារ​ម្នាក់​ដើម្បី​លេង​ក្នុង​រូប​មន្ត ៣-៥-២ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ លោក Ranieri ដែល​ក្រុម​របស់​លោក​នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ដោយ​នាំ​​មុខ​២​ពិន្ទុ​ពី​លើ​ក្រុម​ឈរ​លេខ​២​ Tottenham Hotspur នៅ​លើ​កំពូល​តា​រាង​នោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នឹង​​ធ្វើ​ការ​ប្រថុយ​ប្រថាន​ម្តង​ទៀត​។ មួយ​ពិន្ទុ​មិន​​មាន​ន័យ​អ្វី​ឡើយ យើង​ត្រូវ​តែ​ឈ្នះ​។ ប្រសិន​បើ​យើង​ចាញ់ យើង​គ្រាន់​តែ​ដេញ​តាម​ពី​ក្រោយ​១​ពិន្ទុ​ប៉ុណ្ណោះ​»​​។ ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ការ​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំ​ងពីរ

31.10.15          West Brom 2-3 Leicester

11.04.15          West Brom 2-3 Leicester

01.11.14          Leicester 0-1 West Brom