ប្រធានកាកបាទក្រហម៖ ត្រូវយកចិត្តទុកដាក់ ដោយផ្ទាល់ លើការងារយុវជន

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវឲ្យ ប្រធានគណៈកម្មាធិការ សាខានីមួយៗត្រូវ យកចិត្តទុកដាក់ចាត់តាំង លើការងាររបស់យុវជន ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជាថា “ត្រូវយកចិត្តទុកដាក់ចាត់តាំង ឲ្យប្រធានគណៈកម្មាធិការសាខានីមួយៗ ទទួលដោយផ្ទាល់លើការងារយុវជន។ ជាពិសេស នៅតាមបណ្ដាសាខារាជធានី-ខេត្ត ត្រូវបន្តពង្រឹងក្លឹប យុវជនកាកបាទក្រហមកម្ពុជា ឲ្យក្លាយទៅជាទីកន្លែង នៃការជួបជុំ មិត្តអប់រំមិត្ត”។

សម្តេចបន្តថា ក្នុងនោះលើបញ្ហាការ សិក្សាបច្ចុប្បន្ននេះ ជាពិសេស ក្នុងការធ្វើកំណែទម្រង់លើវិស័យអប់រំ អ្នកចេះទើបប្រឡងជាប់ ។  ក្លឹបយុវជន ជាកន្លែងដែលជួយ អប់រំផ្សព្វផ្សាយ បណ្ដុះបណ្ដាល ឲ្យយុវជនកាកបាទក្រហមកម្ពុជា ក្លាយជាយុវជន គំរូគេ ខាងសីលធម៌ មានទាំងសមត្ថភាព មានទាំងសេចក្ដីថ្លៃថ្នូរ មានទាំងចិត្ត មនុស្សធម៌ ចេះជួយសិស្ស-និសិ្សត លោកគ្រូ-អ្នកគ្រូ ដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ហើយត្រូវជួយអ្នកដែលលំបាកខ្លាំងជាងគេមុន។ ក្លឹបយុវជន នឹងក្លាយជាកន្លែង ដែលផ្ដល់នូវជំនាញ ចំណេះដឹង បំណិនជីវិត មានជាអាទិ៍ ការអប់រំ សុខភាព វិជ្ជាសង្រ្គោះបឋម មិត្តអប់រំមិត្ត” ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា “ត្រូវយកចិត្តទុកដាក់ថែមទៀត ក្នុងការជម្រុញសកម្មភាពយុវជន  មានឱកាស បង្កលទ្ធភាពដល់យុវជន ដើម្បីធានានូវនិរន្តរភាពមួយ ប្រកបដោយចីរភាព នៅគ្រប់ទីកន្លែង គ្រប់មូលដ្ឋាន ចាំបាច់ត្រូវមានកម្លាំងមនុស្សធម៌វ័យក្មេង ក្នុងការបន្តវេន ផ្ដល់សេវាមនុស្សធម៌ ជួយដល់សហគមន៍ នៅក្នុងបូរណភាព ដែនដីខេត្ត-ស្រុក នៃមូលដ្ឋាននីមួយៗ ៕

ប្រធានកាកបាទក្រហម៖ ត្រូវយកចិត្តទុកដាក់ ដោយផ្ទាល់ លើការងារយុវជន

ប្រធានកាកបាទក្រហម៖ ត្រូវយកចិត្តទុកដាក់ ដោយផ្ទាល់ លើការងារយុវជន