ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​ឯកជន​ នៅ​កម្ពុជា​ ជំរុញ​ដល់​ការ​រីក​ចម្រើន ​ផ្នែក​សេដ្ឋកិច្ច​ជាតិ

ថ្លែង​ទៅកាន់​ពាណិជ្ជករ​ជាតិ អន្តរជាតិ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​គំរូ​និង​បើក​ការដ្ឋាន​សាងសង់​អគារ​កម្ពស់៣៩ជាន់​នៃ​មជ្ឈមណ្ឌល The Gateway កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សេដ្ឋកិច្ច​នៃ​ប្រទេស មួយ​អាច​មាន​លំនឹង​រីក​លូតលាស់​ទៅ​បាន​ គឺ​អាស្រ័យ​ទៅ​កត្តា​ច្រើនយ៉ាង​ដែល​នៅ​ក្នុង​នោះ​វិស័យ​វិនិយោគ​ឯកជន​ គឺជា​ផ្នែក​មួយ​ដែល​ត្រូវតែ​ជំរុញ​និង​មិន​អាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ហើយ​កត្តា​ខាង​លើនេះ នឹង​មិន​អាច​កើតឡើង​បាន​ដែរ​បើ​សិន​ប្រទេស​យើង​ធ្លាក់​នៅ​ក្នុង​ស្ថានភាព​អ​ន្តិ​សុខ​និង​បាត់បង់​នូវ​ស្ថិរភាព​សង្គម។

 

ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​ឯកជន​ នៅ​កម្ពុជា​ ជំរុញ​ដល់​ការ​រីក​ចម្រើន ​ផ្នែក​សេដ្ឋកិច្ច​ជាតិ

 

 

លោក​បាន បញ្ជាក់ថា តាមរយៈ​គោលនយោបាយ​ទីផ្សារ​សេរី​និង​សក្ដានុពល​អនុគ្រោះ​ផ្សេងៗ​ព្រមទាំង​បរិយាកាស​សន្តិសុខ​និង​ស្ថិរភាព​សង្គម នៅ​កម្ពុជា​ក្រោម​ការ​ជំរុញ​លើកទឹកចិត្ត​និង​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន-សែន នាយករដ្ឋមន្ត្រី​ចរន្ត​សេដ្ឋកិច្ច​ទីផ្សារ​វិស័យ​ឯកជន​នៅ​កម្ពុជា​នឹង​កាន់តែ​កើនឡើង​ជា​លំដាប់ ដែល​នឹង​បន្ត​ជំរុញ​ដល់​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ជាក់​ជា​មិ​ខាន។

 

តាម​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា កម្ពុជា​បាន​អនុម័ត​ច្បាប់​ និង​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​សម្រួល​ដល់​ការ​បើកចំហ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ​និង​លើកទឹកចិត្ត​ដល់​វិនិយោគ​បរទេស​ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​គឺជា​ប្រទេស​ដែល​បាន​ផ្ដល់​នូវ​របប​វិនិយោគ​សេរី​ និង​អនុគ្រោះ​ពន្ធ​លើកទឹកចិត្ត​ច្រើន​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​ ដែល​ការវាយតម្លៃ​របស់​ធនាគារ​ពិភពលោក​កម្ពុជា​យើង ​គឺជា​ ប្រទេស​ដែល​ជាប់​ចំណាប់​លេខ១០ក្នុងចំណោម​បណ្ដា​ប្រទេស​ចំនួន ១៧០ ប្រទេស​លើ​កំណើន​សេដ្ឋកិច្ច​ល្អ​បំផុត​ក្នុង​ទសវត្ស កន្លងទៅ ជាពិសេស​បាន​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​កម្ពុជា​ទទួល​ចំណាត់ថ្នាក់​ទី៤ ក្នុង​ពិភពលោក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​យ៉ាងសកម្ម។

 

ជាក់ស្តែង​អាគារ​កម្ពស់៣៩ជាន់​នៃ​មជ្ឈមណ្ឌល The Gateway ដែល​យើង​ប្រារព្ធ​នា​ឱកាស​នេះ​គឺជា​ និមិត្តរូប​ក្នុង​ការ​ភាព​រីក​លូតលាស់​នៃ​វិស័យ​ឯកជន​ថ្មី​មួយ​ថែមទៀត​ដែល​រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​វិស័យ​នេះ ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច ជាតិ​ក្នុង​គោលដៅ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច ការ​បង្កើត​ទីផ្សារ​ការងារ ​និង​កា​រលើ​កម្ពស់​ប្រាក់ចំណូល​ជូន​ប្រជាជន។
តាមរយៈ​បទ​ពិសោធ​ដ៏​យូរ​ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ សំណង់ និង​អចលនទ្រព្យ លោក ជំទាវ​បាន​បាន​មើល​ឃើញ​ពី​តម្រូវការ​ឲ្យ មាន​អាគារ​ស្នាក់នៅ​និង​ការិយាល័យ​ទំនើប​ពី​ប្រជាជន វិនិយោគទុន​ក្នុងស្រុក ​និង​បរទេស​ដូច​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​ផ្សេងទៀត។ នេះហើយ​ជា​កត្តា​ចម្បង​ដែល​លើកទឹកចិត្ត​អោយ​លោកជំទាវ​ចាប់​ផ្ដើម​គម្រោង​នេះ ឡើង​ដែល​នឹង​នាំមក​នូវ​គុណភាព​ប្រណិត​ភាព​ភាព​លេចធ្លោ​និង​ឧត្ដមភាព​នៃ​ការរស់នៅ​និង​ប្រកប​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។ ហើយ​នេះ ជា​ការ​ចូលរួម​ពី​ដៃគូ​ពាណិជ្ជកម្ម​សិង្ហ​បុរី​ដែល​មាន​បទពិសោធន៍​ជា​យូរ​ឆ្នាំ​នៅ​ក្នុង​វិស័យ​នេះ។

 

ផ្ទះ​គំរូ​នៃ​អាគារ​កម្ពស់៣៩ ជាន់​នៃ​មជ្ឈមណ្ឌល The Gateway ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​និង​បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ ២០១៦ក្រោម អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត និង​មានការ​ចូលរួម​ពី​សំណាក់​ពាណិជ្ជករ​ជាតិ​អន្តរជាតិ​ជាច្រើន​នាក់​ផង​ដែរ៕

 

អត្ថបទ៖ សូមរក្សា
ប្រភព៖ Khmerdaily