រដ្ឋសភា គ្រោង​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បំភ្លឺ​មូលហេតុ​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍​

លោក កែ សុវណ្ណរតន៍ អ្នក​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ភ្នំពេញ​៖ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា គ្រោង​បានដាក់​លិខិតអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ឲ្យ​ចូលមក​បំភ្លឺ​ករណី​ប្រជាពលរដ្ឋ​នៅ ខេត្តកណ្តាល ឆ្លង​មេរោគ​អេដស៍ កាលពីពេល​ថ្មីៗ​នេះ​។

​ក្រោយពី​មាន​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍​នៅ​ខេត្តកណ្ដាល ចំនួន​៣​នាក់​បន្ថែមទៀត ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់​នោះ ប្រធាន​គណៈកម្មការ​ទី​៨ រដ្ឋសភា អ្នកស្រី កែ សុវណ្ណ​រតន៍ គ្រោង​ដាក់​លិខិត​កោះអញ្ជើញ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង មក​សាកសួរ​ពី​បញ្ហា​ពលរដ្ឋ​ឆ្លង​មេរោគ​អេដស៍ ដែល​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នេះ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកស្រី កែ សុវណ្ណ​រតន៍ បាន​បន្ថែមថា គណៈកម្មការ​របស់​អ្នកស្រី នឹង​កោះ​អញ្ជើញលោក ម៉ម ប៊ុនហេង មក​សាកសួរ​ក្នុង​រដ្ឋសភា​នោះ នៅ​ខែ​ក្រោយនេះ ដោយ​ក្នុងនោះ​គឺមាន​របៀបវារៈ​ទាក់ទង​នឹង​ការចាយវាយ​ថវិការ​ជាតិ​លើ​វិស័យ​សុខាភិបាល បញ្ហា​ឆ្លង​ជំងឺអេដស៍ និង​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង និង​ការដោះស្រាយ​បញ្ហា​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​ជាដើម​។​

​ជាមួយគ្នា​លិខិត​ចុះ​ថ្ងៃទី​២៥​កុម្ភៈ​ដែល​ប្រធាន​គណៈកម្មការ​ទី​៨​រូបនេះ បានដាក់​ជូន​ក្រសួងសុខាភិបាល តាមរយៈ​ប្រធានរដ្ឋសភា នោះ ក៏បាន​ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង ស្វែងរក​និង​បកស្រាយ​លម្អិត​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពាម ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល ឆ្លង​មេរោគ​អេដស៍​ដែរ​។

​អ្នកស្រី កែ សុវណ្ណ​រតន៍ ក៏បាន​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ចាត់វិធានការ តាមដាន​បញ្ហា​នេះ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ការឆ្លង​ជំងឺអេដស៍ មកលើ​ប្រជាពលរដ្ឋ​ទាំងនោះ​។

​សំណើសុំ​អន្តរាគមន៍​នេះ ធ្វើឡើង​ក្រោយពី​ការលេចឮ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាម ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល បាននាំគ្នា​យ៉ាង​ឈូឆរ ទៅពិនិត្យ​ឈាម ក្រោយពី​ពួកគេ​សង្ស័យថា បាន​ឆ្លង​មេរោគ​អេដស៍​។ ជា​លទ្ធផល​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ ដោយ​ពួកគេ​អះអាងថា ឆ្លង​តាមរយៈ​ការចាក់​ថ្នាំ​ដោយ​លោកគ្រូ​ពេទ្យ​ក្នុងភូមិ​ម្នាក់​។

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ដឹងថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​ឆ្លង​មេរោគ​អេដស៍​ដោយសារ​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​