មន្ត្រី​លីកាដូ​និង​អាដហុក​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ចូល​ខ្លួន​បំភ្លឺ​ក្នុង​ឋានៈ​ជា​សាក្សី តាម​ដីកា​កោះរបស់​សាលា​ដំបូងខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​រឿង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ពេលកន្លង​ទៅ។ អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​កោះ​ហៅ​របស់​តុលាការ​នេះ ថា​ជា​ការ​រារាំង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ប្រតិកម្ម​ភ្លាមៗ​បន្ទាប់​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង ២​នាក់ ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូងខេត្ត​បន្ទាយមានជ័យ តាម​កាល​កំណត់

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា ដែល​បាន​ចុះ​ឃ្លាំ​មើល​ការ​ចូល​បំភ្លឺ​របស់​មន្ត្រី​អង្គការ​ទាំង​ពីរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ថា តុលាការ​ខេត្ត​បន្ទាយមានជ័យ មិន​គួរ​កោះ​ហៅ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ធ្វើ​ជា​សាក្សី ក្នុង​រឿង​តវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត នោះ​ឡើយ។ លោក​អះអាង​ថា អ្នក​ទាំង​ពីរ​បំពេញ​ការងារ​កន្លង​មក​ក្នុង​នាម​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ឃ្លាំ​មើល​សកម្មភាព​របស់​ពលរដ្ឋ និង​អាជ្ញាធរ ក្រែង​កើត​មាន​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ក្នុង​ពេល​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ៖ «»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក គឺ​លោក ស៊ុំ ច័ន្ទគា និង​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត កោះ​ហៅ​ទៅ​សាកសួរ​ក្នុង​នាម​ជា​សាក្សី រឿង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពីខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ

លោក ភួន ឈិន មាន​ប្រសាសន៍​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​សាកសួរ​រូប​លោក​ជាង​មួយ​ម៉ោង ពាក់ព័ន្ធ​នឹង​រឿង​ការ​ទំនាក់ទំនង​ជាមួយ​ក្រុម​អ្នក​តវ៉ា​ដោយ​របៀប​ណា ហើយ​បាន​ដឹង​រឿងរ៉ាវ​អ្វី​ខ្លះ​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ ជាដើម៖ «»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ជឺ សុខ មាន​ប្រសាសន៍យ៉ាង​ខ្លី​ថា លោក​ពុំ​ទាន់​ក្ដាប់​រឿង​ការ​កោះ​ហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង ២​នាក់ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អ្វី​ច្បាស់លាស់​នៅ​ឡើយ៖ «»

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ដីកា​កោះ​ហៅ ចុះ​ហត្ថលេខា​ដោយ លោក ឡូយ ចាន់ត្រា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ ដីកា​នេះ​កោះ​ហៅ លោក ស៊ុំ ច័ន្ទគា និង​លោក ភួន ឈិន ឲ្យ​បង្ហាញ​ខ្លួនក្នុង​ឋានៈ​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពី​បទ​រារាំង ឬ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ និង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។