ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

​ព្រះវិហារ​: នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រតិភូក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដឹកនាំដោយលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រី​ក្រោមឳវាទបានអញ្ជើញ​ចុះមក​សាក​សួរ​សុខ​ទុក្ខ ដល់នគរបាល​វរសេនាតូច​ការពារ ព្រំដែនគោក​លេខ១០៥ និងវរសេនាតូច​អន្តរាគមន៍លេខ៣៩៥​។

ក្នុងឳកាសនោះនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គ​ស្នង​ការ​រង​នគរបាលជាតិ​និង ជាមេបញ្ជារការ​នគរបាលជាតិប្រចាំទិស​ភូមិភាគទី៤ និងទី៥  បាន​ស្វាគមន៍​ប្រតិភូ​ក្រសួង សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ យ៉ាងស្និទ្ធ​ស្នាល​រាក់ទាក់​បំផុត​ដោយលោកនាយ បាន​ចាត់​ទុក​វត្តមាន​របស់​ក្រសួង​ហិរញ្ញវត្ថុ នាពេលនោះគឺជា ការផ្សារ​ភ្ជាប់​សម​រភូមិ​ក្រោយ​ជាមួយ​សមរ ភូមិមុខ ជាពិសេស​ជាបេសកកម្ម​របស់​ប្រចាំឆ្នាំ​ផងដែរ។

ក្នុង​មតិ​ស្វាគមន៍​នោះដែរ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ បាន​មាន​ប្រសាសន៍​ថា ពាក់​ព័ន្ឋសភាពការណ៍​ព្រំដែន​នាពេល​បច្ចុប្បន្ន យើងខ្ញុំ​ជាកង​កម្លាំង ប្រដាប់ អាវុធទាំង​នគ​របាល និង យោធាបានរួម​សហការ​គ្នា អនុវត្ត​យ៉ាង ខ្ជាប់ខ្ជួន​តាមអ​នុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការ​រក្សា ទំនាក់​ទំនង​សាមគ្គីភាព​ជាមួយ​កម្លាំងទល់​មុខ ដើម្បី​រក្សា​សន្តិសុខ​សន្តិភាព និងសហប្រតិបត្តិការ​ល្អ ។ ជាមោទនភាពនោះគឺឆ្នាំ២០១៥​កន្លងមក សភាពការណ៍​សន្តិសុខ​ព្រំដែន​ក្នុង​ទិសយោធភូមិ​ភាគទី៤ ពិសេសនៅ​សមរភូមិ​មុខទិសទី១ មានស្ថានភាព​ស្ងប់ស្ងាត់​ល្អប្រសើរ ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ដោយគោរពយ៉ាងម៉ឹងម៉ាត់​នូវផែនការ​បទបញ្ជា​​ពីគណៈបញ្ជា​ការ​ឯកភាព​សមរភូមិមុខ​ទិសយោធ​ភូមិភាគទី៤ ពិសេសនៅ​ទិសទី១ កងកម្លាំង​នគរបាលជាតិ​យើង​បានសម្រេចភារកិច្ច​រួមសហការ​ជាមួយ​កងយោធ ពលខេមរភូមិន្ទ​ការពារ​បូរណភាពទឹកដី​នៅតាមព្រំដែន​កម្ពុជា-ថៃ យ៉ាងរឹងមាំ។ យើងបាន​រក្សាសន្ដិសុខ​សណ្ដាប់ ធ្នាប់​ជូនប្រជាពលរដ្ឋ​រស់នៅតាម​បណ្ដោយ​ព្រំដែន និងសហការ​ជាមួយ​អាជ្ញាធរដែនដី​សមត្ថកិច្ច​ពាក់ព័ន្ឋ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស​ឆ្លងដែន​គ្រប់ប្រភេទ​ទទួល​បាន​លទ្ឋផល​ល្អប្រសើរ ។

នាយឧត្តមសេនីយ៍ បានបន្តថា ជំនួស​មុខ កងកម្លាំង​ប្រដាប់​អាវុធ​ទាំងពីរ​ប្រភេទ និង​ក្នុងនាម​ខ្លួនខ្ញុំ​ផ្ទាល់ យើងខ្ញុំសូម​សម្ដែង​នូវសេចក្ដី គោរព និងការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ជាទីបំផុត​ជូនចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និ​​ងហិរញវត្ថុ ក្រសួងស្ថាប័ន ពាក់ព័ន្ឋដទៃ​ទៀត និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលតែងតែ​គាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​លើកកម្ពស់ ឆន្ទៈប្រយុទ្ឋ​ដល់កង​កម្លាំង​ប្រដាប់​អាវុធទាំង​ពីរ​ប្រភេទ ដោយបាន​គិតគូរ​អំពីសុខទុក្ខ និងជីវភាព​រស់នៅ​ប្រចាំ ថ្ងៃរបស់​កង​កម្លាំង ជាពិសេស​ការកសាងហេដ្ឋា​រចនាសម្ព័ន្ឋជាច្រើន​នៅតាម​តំបន់​ព្រំដែន​ដូចជាៈ ការកសាង ផ្លូវយុទ្ឋសាស្រ្ត​ទៅកាន់​តំបន់​ព្រំដែន ជម្រុំបន្ទាយ សាលារៀន​-​មន្ទីរពេទ្យ ធ្វើអណ្ដូង-ស្រះទឹក សង់ផ្ទះជូន កងទ័ព និងនគរបាលនៅ​តាម​តំបន់​អភិវឌ្ឍន៍​ផ្ដល់​ជូន​គ្រួសារ​កងទ័ព និងនគរបាល ពិសេស ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រីបានជួយឧបត្ថម្ភ​សាងសង់​អគារ​ស្នាក់នៅ​ថ្មី១​ខ្នង​នៅវរសេនាតូច​លេខ១០៥ ដែលទើបសម្រេច​ហើយនាពេលថ្មីៗនេះ។ ក៏ដូចជា មធ្យោបាយដឹ​​ក​ជញ្ចូន​ប្រេងឥន្ឋនៈ-សម្ភារ​ឧបករណ៍​បច្ចេកទេស ដើម្បី​ធានាការ​ប្រយុទ្ឋ ការពារបូរណភាព​ទឹកដី​យ៉ាង​រឹងមាំ ។

ជាមួយគ្នានោះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ​ដោយស្មោះចំពោះ​នាយនគរ បាលជាតិ​ប្រចាំទិស​ភូមិភាគទី៤ និងទី៥  ដែលដឹកនាំ​ដោយផ្ទាល់​ពីនាយ​ឧត្តមសេនីយ៍ ខេង សុមេធ ក៏ដូចជា​ទាហាន​ដែលឈរជើងនៅ​តាមបន្ទាត់​ព្រំដែន​។ លោកបានចាត់ទុកថា បេសកកម្មនោះគឺជាភារ កិច្ចមួយបានលះ​បង់​សាច់ស្រស់ ឈាមស្រស់ មកឈរការពារ​ជាតោមាតុភូមិ។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់​ដែរថា ការចុះមក​សាកសួរ​សុខទុក្ខដល់​កងកម្លាំង នាពេលនេះ​គឺជាការ​ចុះសាក​សួរសុខទុក្ខ តាមទម្លាប់​ដែលក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានចង​សម្ព័ន្ធ មេត្រីភាពជាមួយ​នគរបាល​វរការពារព្រំដែន​គោកលេខ​១០៥ និងវរសេនាតូច​អន្តរាគមន៍​លេខ៣៩៥ ដែលឈរជើង​នៅតំបន់​មុំបី ។

នាឳកាសនោះដែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកថវិការ​ជាច្រើន​ចែកជូន ដល់មន្ត្រី កងកម្លាំង​ប្រដាប់អាវុធ មាននគរបាល ទាហាន និងសំរាប់អង្គភាព ព្រមទាំង​គ្រឿងបរិភាគ ឧបភោគ ជាច្រើន​មុខសំរាប់​ហូបចុក​ប្រចាំថ្ងៃថែម​ទៀតផង។ ជាមួយគ្នា​នោះលោក អូន ព័ន្ធមុនីរ័ត្ន ក៏បានឧបត្ថម្ភ​នូវស៊ីម៉ង់​ចំនួន​៥០តោន   ជូនដល់​នាយឧត្តមសេនីយ៍ខេង សុមេធ ដើម្បី​កសាង​ទំនប់ ស្តុកទឹក និងបង្ហៀរនៅ​ចំណុចមុំ៣៕​​

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី

ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសាកសួរសុខ​ទុក្ខកម្លាំង​ប្រដាប់​អាវុធ​នៅមុំបី
រូបភាពៈ លោក អូន ព័ន្ធមុនីរ័ត្ន ប្រគល់ថវិការនិងគ្រឿងឧបភោគ បរិភោគ ដល់នាយឧត្តមសេនីយ៍ ខេង សុមេធ និងតាមបណ្តាវរការពារព្រំដែន៕គូលែន