សង្គម​ស៊ីវិល​មួយ​ក្រុម​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត

អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​ថ្មី​មួយ​ស្ដីពី​ការ​ជំរុញ​ឲ្យ​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ចូលរួម​ក្នុង​យុទ្ធនាការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ដោយ​ស្ម័គ្រ​ចិត្ត។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ជឿជាក់​ថា ចលនា​នេះ​នឹង​អាច​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព ក្នុង​ការ​ប្រើប្រាស់​ថវិកា​បាន​ពី​ម្ចាស់​ជំនួយ ព្រម​ទាំង​អាច​ជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៩ ដែល​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង រំពឹង​ថា ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​របស់​មេ​ដឹក​នាំ​ខ្លួន​ក្នុង​ចលនា​នេះ នឹង​រួម​ចំណែក​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​ពី​ស្ថាប័ន​ម្ចាស់​ជំនួយ។

អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្ដួចផ្ដើម​គំនិត​នេះ​ឡើង រួម​មាន អង្គការ​គណនេយ្យ​ភាព​កម្ពុជា អង្គការ​ភាព​ជា​ដៃគូ​សង្គម​ស៊ីវិល​កម្ពុជា ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ និង​ស្ត្រី​នៅ​កម្ពុជា អង្គការ​បំប៉ន​វិជ្ជាជីវៈ អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​កសិកម្ម​ជនបទ អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍ អង្គការ​សហគមន៍​បំផ្លាស់​បំប្រែ និង​អង្គការ​ខ្មែរ​ដើម្បី​អភិវឌ្ឍ​តំបន់​ជនបទ។

ប្រធាន​អង្គការ​គណនេយ្យ​ភាព​កម្ពុជា លោក គុយ មាសសំណាង មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់​បង្ហាញ​ដល់​សាធារណជន​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន គួរ​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ចៀសវាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ថា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ៖ «»

មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ជឿជាក់​ថា ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នេះ នឹង​ទទួល​បាន​ការ​ចូលរួម​ពី​សាធារណជន ពិសេស​យុវជន​ដែល​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ស្អាតស្អំ៖ «»

ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ និង​ជា​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង លោក ហូរ វ៉ាន់ ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជំរុញ​ឲ្យ​មាន​តម្លាភាព​ក្នុង​ចំណោម​សង្គម​ស៊ីវិល។ លោក​ថា វា​ជា​គំរូ​មួយ​ដល់​មន្ត្រី​រដ្ឋាភិបាល៖ «»

ក្នុង​នាម​ជា​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ធ្វើ​ការ​ប្រយុទ្ធ​អំពើ​ពុក​រលួយ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល សាទរ​ចំពោះ​ការ​ផ្ដួចផ្ដើម​នេះ ប៉ុន្តែ​លោក​បារម្ភ​ថា ចលនា​នេះ​ក៏​អាច​នឹង​មាន​ផល​អវិជ្ជមាន​ដែរ។ លោក​យល់​ថា ចលនា​នេះ​អាច​នឹង​បង្វែរ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សាធារណជន ពី​ការ​ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ មក​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​ត្រូវ​បាន​តម្រូវ​ដោយ​ច្បាប់​ទៅ​វិញ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) កាល​ពី​ឆ្នាំ​២០១៤ លើក​ឡើង​ថា កម្ពុជា ខាតបង់​ថវិកា​ប្រមាណ ១,៧​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយសារ​អំពើ​ពុក​រលួយ ឬ​ស្មើ​នឹង ១០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។ មួយ​ផ្នែក​នៃ​ទឹក​ប្រាក់​ដែល​ខាតបង់​នោះ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​អង្គការ​សង្គម​ស៊ីវិល។

ប្រធាន​អង្គការ​គណនេយ្យ​ភាព​កម្ពុជា លោក គុយ មាសសំណាង ឲ្យ​ដឹង​ថា ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​ចលនា​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នេះ ទទួល​បាន​អ្នក​ចូលរួម​ជាង ៤០​នាក់ ក្នុង​នោះ​មាន​ជាង ១០​នាក់​ជា​មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល ហើយ​មួយ​ចំនួន​ទៀត​ជា​បុគ្គលិក និង​ជា​និស្សិត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្ដួចផ្ដើម​ចលនា ជំរុញ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ពេល​នេះ សង្ឃឹម​ថា ស្ថាប័ន​សង្គម​ស៊ីវិល​ផ្សេង​ទៀត​នឹង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។