អ្វី​ទៅជា ជំងឺ​រលាក​សន្លាក់​ហ្គោដ​?

អ្វី​ទៅជា ជំងឺ​រលាក​សន្លាក់​ហ្គោដ​?

​ជំងឺ​រលាក​សន្លាក់​ហ្គោដ គឺជា​ការឈឺចាប់​បែប​ក្រហាយ​ភ្លាមៗ គាំង និង​ហើម​នៅ​សន្លាក់ ហើយ​ជាទូទៅ គឺ​សន្លាក់​មេជើង​តែម្តង​។ ការ​ធ្វើ​ទុក្ខ​បែបនេះ អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត បើសិនជា​គ្មាន​ការព្យាបាល​ទេ​។ រយៈពេល​យូរៗ​ទៅ វា​អាច​នឹង​ធ្វើឲ្យ​សន្លាក់ សរសៃ​ចង​សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​ខូច​បាន​។ ជំងឺ​នេះ ច្រើន​កើតឡើង​លើ​មនុស្ស​ប្រុស ញឹកញាប់​ជាង​គេ​បំផុត​។

​ជំងឺ​រលាក​សន្លាក់​ហ្គោដ កើតឡើង​ដោយសារតែ វត្តមាន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម កើនឡើង​ច្រើន​ពេក​។ ចំនួន​ដ៏​ច្រើន​របស់​អាស៊ីត​អ៊ុយ​រិ​កនេះ ភាគច្រើន គឺ​មិន​មាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ មាន​មនុស្ស​ច្រើនណាស់ ដែល​មាន​ចំនួន​សារធាតុ​មួយ​នេះ ច្រើន​ក្នុង​ឈាម តែ​មិន​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោដ​ទេ​។ នៅពេល​កម្រិត​អាស៊ីត​អ៊ុយ​រិក ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក អាស៊ីត​អ៊ុយ​រិ​កនោះ អាច​បង្កើត​ជា​សារធាតុ​គ្រី​ស្តាល់ ដូច​ម្ជុល​ហើយ​រឹង ចូលទៅ​ក្នុង​សន្លាក់​។
​ឱកាស​នៃ​ការកើត ជំងឺ​រលាក​សន្លាក់​ហ្គោដ អាច​នឹង​ខ្ពស់​បើសិន​ជា​អ្នក ជា​មនុស្ស​ធាត់ ផឹកស្រា​ច្រើន ឬ​ញ៉ាំ​សាច់​ច្រើនពេក​។ ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ទឹកនោម ក៏​អាច​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​បានដែ​រ​។

​រោគសញ្ញា​របស់ ជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះ ដែល​កើតមាន​ញឹកញាប់​បំផុត មានដូចជា ហើម​សន្លាក់ តឹង​ក្នុង​សន្លាក់ ក្រហម និង​ឈឺ​ដូច​គេ​ចាក់ ហើយ​ភាគច្រើន រោគសញ្ញា​ទាំងនេះ កើតឡើង​នៅ​ពេលយប់​។ អ្នក​ក៏​អាច​មាន​សញ្ញា ធ្វើទុក្ខ​របស់​ជំងឺ​រលាក​សន្លាក់​មួយ​នេះ នៅ​ប្រអប់ជើង កែងជើង ជង្គង់ ឬ​សន្លាក់​ផ្សេងៗ​ទៀត​ដែរ​។ ការ​ធ្វើ​ទុក្ខ​របស់​ជំងឺ​នេះ អាច​រហូតដល់ ពីរ​បី​ថ្ងៃ ឬ​ច្រើន​សប្តាហ៍ មុន​ពេល​វា​បាត់​ទៅ​វិញ​។

​ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ បើសិន​ជា​ការឈឺចាប់ ដោយសារតែ​ជំងឺ​រលាក​សន្លាក់​ហ្គោដ​នេះ បាត់​ទៅ​វិញ ព្រោះ​ការកើនឡើង​នៃ​ចំនួន​អាស៊ីត​អ៊ុយ​រិក ដែល​នាំឲ្យ​កើត​ជំងឺ​នេះ អាច​នៅ​តែ​បង្ក​គ្រោះថ្នាក់​ដល់​សន្លាក់​បាន​។​

​គ្រូពេទ្យ​នឹង​សួរ​សំនួរ​មួយចំនួន ទាក់ទង​នឹង​រោគសញ្ញា និង​ពិនិត្យ​ទៅ​លើ​រាងកាយ​បន្ថែម​។ គ្រូពេទ្យ​ក៏​អាច​នឹង​បូមទឹក​សន្លាក់ ដើម្បី​ពិនិត្យ​រកមើល​សារធាតុ​គ្រី​ស្តាល់ ដែល​កើតចេញ​ពី​អាស៊ីត​អ៊ុយ​រិ​កដែរ​។ នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យដឹងថា អ្នក​ពិតជា​មាន​ជំងឺ​រលាក​សន្លាក់​ហ្គោដ ឬ​អត់​។ ការ​បូម​ឈាម មើល​ចំនួន​អាស៊ីត​អ៊ុយ​រិក នឹង​ត្រូវ​ធ្វើ​បន្ថែមទៀត​។​

​ដើម្បី​បញ្ឈប់​ជំងឺ​រលាក​សន្លាក់​ហ្គោដ គ្រូពេទ្យ​អាច​នឹង​ចាក់​ថ្នាំ Corticosteroid ឬ​ចេញ​ជា​ថ្នាំ​គ្រាប់ ក្នុង​កម្រិត​ខ្ពស់​មួយ ឬ​ច្រើន​។ កម្រិត​នៃ​ការប្រើ នឹង​ថយចុះ​វិញ នៅ​ពេល​បាត់​រោគសញ្ញា​។ ភាព​ធូរស្រាល​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោដ ច្រើន​តែ​ចាប់ផ្តើម ក្រោយពី​ព្យាបាល​បាន​ត្រឹមត្រូវ រយៈពេល ២៤ ម៉ោង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។