ធ្វើ​ម៉េច​ទើប​បន្ថយ ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​?

ធ្វើ​ម៉េច​ទើប​បន្ថយ ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​?

ជំងឺមហារីក​ក្រពេញប្រូ​ស្តាត គឺជា​ជំងឺមហារីក ដែល​កើត​ញឹកញាប់​បំផុត លើ​មនុស្ស​ប្រុស ហើយ​វា​ក៏​គ្មាន​វិធី​បង្កា​រដែរ​។ មាន​រឿង​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ឲ្យ​រាងកា​យមាន​សុខភាព​ល្អ និង​បន្ថយ​ឱកាស នៃ​ការកើត​ជំងឺ​នេះ​បាន ទោះបីជា​គ្រួសារ ធ្លាប់​កើត​វា​ហើយ​ក៏​ដោយ​។

​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប​
​ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដូចជា សាច់​ក្រហម អាហារ​ធ្វើ​ពី​ទឹកដោះគោ ប្រេង គ្រាប់​ធញ្ញជាតិ សុទ្ធតែ​មាន​ធ្វើឲ្យ​អ្នក ប្រឈម​កាន់តែខ្លាំង នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​។ ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​សាលា Harvard ផ្នែក​សុខភាព​សាធារណៈ បាន​រកឃើញថា បុរស​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ (​រហូតដល់ ៩០ ក្រាម​ក្នុង​មួយថ្ងៃ​) ទំនងជា​អាចមាន​លទ្ធភាព កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត ខ្លាំង​ជាង​បុរស ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប (​តិចជាង ៥៥ ក្រាម​ក្នុង​មួយថ្ងៃ​) រហូតដល់ ២ ដង​ឯណោះ​។

​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​
​ត្រី​សម្បូរ​ខ្លាញ់ ដូចជា ត្រីធូ​ណា ត្រី​សាល​ម៉ុង និង​ត្រី​សា​ឌី​ន សុទ្ធតែ​ជា​ត្រី​សម្បូរ​ជាតិ​អាស៊ីត​ខ្លាញ់ ដែល​មានឈ្មោះ​ថា​អូ​មេហ្គា ៣ ខ្ពស់​ទាំ​អស់​។ ការ​ញ៉ាំ​របប​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​អូ​មេហ្គា ៣​ជាប្រចាំ អាច​ជួយ​កាត់បន្ថយ ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​។

​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​
​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ គួរតែ​ជា​ផ្នែក​មួយ នៃ​របប​អាហារ​ដ៏​មាន​សុខភាព ព្រោះ​អាហារ​អស់ទាំង​នេះ ផ្ទុក​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​យ៉ាងច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​បន្លែ និង​ផ្លែឈើ​ពិសេសៗ​មួយចំនួន ដែល​អាច​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​តបាន ដូចជា ៖
•​    ​ប៉េង​ប៉ោះ ៖ ប៉េង​ប៉ោះ ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់​មួយ​យ៉ាង​ច្រើន ឈ្មោះថា Lycopene ដែល​វា​អាច​បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។ ការ​បឺត​ស្រូបនៃ​សារធាតុ Lycopene នឹង​កើនឡើង​ខ្លាំង នៅពេល​ប៉េងប៉ោះ​នោះ ត្រូវបាន​ចម្អិន​ជាមួយ​ប្រេង​។

•​    ​ផ្កា​ខាត់ណា​ពណ៌​បៃតង ឬ​ប្រូកូ​លី ៖ បន្លែ​មួយ​នេះ ស្ថិត​ក្នុង​ប្រភេទ បន្លែ​ពណ៌​បៃតង ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ Phytochemicals មាន​នាទី​បញ្ចេញ​ចោល នូវ​សារធាតុ​បង្ក​ជំងឺមហារីក​ក្នុង​រាងកាយ​។ ការ​ញ៉ាំ​បន្លែ​មួយ​នេះ ជាមួយនឹង​បន្លែ​ពណ៌​បៃតង​ផ្សេងៗ​ទៀត ពិតជា​អាច​ជួយ​បន្ថយ ការប្រឈមមុខ​បាន​។

​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​ការសិក្សា​បានឲ្យដឹងថា ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ ប្រហែលជា​មាន​ជាប់​ពាក់ព័ន្ធ នឹង​ការប្រឈមមុខ ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ខ្ពស់​។ ខណៈពេល​ដែល​រឿង​នេះ ត្រូវបាន​គេ​ជឿថា បណ្តាល​មក​ពី​ជាតិ​ខ្លាញ់ Saturated Fat ដ៏​ខ្ពស់ ក្នុង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​នោះ តែ​ជាតិ​កាល់ស្យូម​ក្នុង​អាហារ​នេះ ក៏​ជា​កត្តា​កាន់តែ​សំខាន់​ទៀត​ដែរ​។ អ្នក​អាច​បន្ថយ ការ​ញ៉ាំ​ជាតិ​កាល់ស្យូម​បាន តាមរយៈ​កាត់បន្ថយ ឬ​លុប​បំបាត់​អាហារ​ធ្វើ​ពី​ទឹកដោះគោ ហ្វ្រូ​ម៉ាត និង​ទឹកដោះគោ​ជូរ​។ ចូរ​ជ្រើសរើស​ផលិតផល ធ្វើ​ពី​ទឹកដោះគោ​ជំនួស​វិញ​ទៅ​។

​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម​
​ការ​ញ៉ាំ​សាច់ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​សត្វ​ច្រើន ជាពិសេស សាច់​ក្រហម ធ្វើឲ្យ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ខ្ពស់​។ នេះ​ដោយសារ​តែ​ការ​ញ៉ាំ​សាច់​ប្រភេទ​នេះ ធ្វើឲ្យ​កើន​ចំនួន​សារធាតុ IGF-1 និង​កូ​លីន​ក្នុង​រាងកាយ ហើយ​វា​ទាំងពីរ​នេះ គឺ​ជាប់​ទាក់ទង​នឹង មហារីក​ក្រពេញប្រូ​ស្តាត​តែម្តង​។

​ផឹក​ស្រាក្រហម​
​ស្រាក្រហម​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់ ឈ្មោះថា Resveratrol ដែល​គេ​ជឿថា អាច​បញ្ឈប់​ការលូតលាស់ កោសិកា​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។ ការ​ញ៉ាំ​ស្រាក្រហម មួយ​កែវ​ពីរ​ក្នុង​មួយថ្ងៃ អាច​ជួយ​បន្ថយ ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ប្រាកដថា អ្នក​មិន​បាន​ញ៉ាំ លើស​ចំនួន​នេះ​ទេ ព្រោះ​អត្ថប្រយោជន៍​វា អាច​នឹង​បាត់បង់​ទៅវិញ​។

​ផឹក​តែ​បៃតង​
​ការស្រាវជ្រាវ បានឲ្យដឹងថា បុរស​ដែល​ផឹក​តែ​បៃតង (​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​) អាច​ជួយ​បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។ ចូរ​ព្យាយាម​ផឹក​តែ យ៉ាងហោចណាស់​មួយ​ពែង​ក្នុង​មួយថ្ងៃ ឬ​ថ្នាំ​បំប៉ន​តែ​បៃតង​មួយ​គ្រាប់​។

​ញ៉ាំ​អាហារ​ធ្វើ​ពី​សណ្តែកសៀង ឲ្យបាន​ច្រើន​
​គេ​ជឿ​ថា ជីវជាតិ​មួយ​ដែល​មានឈ្មោះ​ថា Isoflavones ក្នុង​សណ្តែកសៀង អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តបាន​។ អ្នក​អាច​បង្កើន​ការ​ញ៉ាំ​សណ្តែកសៀង តាមរយៈ​ការផឹក​ទឹក​សណ្តែកសៀង និង​ញ៉ាំ​តៅ​ហ៊ូ​។ ដើម្បី​ទទួលបាន​ជីវជាតិ Isoflavones ច្រើន អ្នក​គួរតែ​ញ៉ាំ​សណ្តែកដី​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។