រដ្ឋមន្រ្តីការបរទេស ខ្មែរស្នើឲ្យអាស៊ាន ផ្លាស់ប្តូរផ្លាស់ប្តូរ ព័ត៌មានសំងាត់

ភ្នំពេញ៖លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសខ្មែរ បានស្នើឲ្យអាស៊ាន គួរពង្រឹងការអនុវត្តន៍ច្បាប់ ការផ្លាស់ប្តូរព័ត៌មានសំងាត់ និងការគ្រប់គ្រងព្រំដែន។

នេះជាការលើកឡើង របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ចង្អៀត នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ  រដ្ឋមន្រ្តីការបរទេសអាស៊ាន បានពិភាក្សាលើបញ្ហាភេវរកម្ម និងក្រុមជ្រុលនិយម (ISIS-IS) និងវិធានការផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល ដាលនៃអំពើភេវរកម្ម និងក្រុមជ្រុលនិយម មកក្នុងតំបន់អាស៊ាន។
ក្នុងនោះឧបនាយករដ្ឋមន្ត្រី បានស្នើថា “អាស៊ានគួរពង្រឹងការអនុវត្តន៍ច្បាប់ ការផ្លាស់ប្តូរព័ត៌មានសំងាត់ និងការគ្រប់គ្រងព្រំដែន តាមរយះការអនុវត្តន៍ ផែនការការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភវរកម្ម (២០១៦-២០១៨) ឲ្យមានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងភេវរកម្ម និងក្រុមជ្រុលនិយមទាំងនោះ”។
 
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានពិភាក្សាផងដែរអំពីការវិវត្តន៍ និងសភាពការណ៍ថ្មីៗ នៅក្នុង សមុទ្រចិនខាងត្បូង។ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅក្នុងតំបន់ រដ្ឋមន្ត្រីការបរទេស អាស៊ានបានជំរុញអោយភាគីពាក់ព័ន្ធទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាព និងពេញលេញនូវ សេចក្តីថ្លែងការណ៍ ស្តីពីការ ប្រតិបត្តិរបស់ភាគី ពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង (DOC)  និងជំរុញ បង្កើនការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដើម្បីឈានទៅ សំរេចបានក្រមប្រតិបត្តិ នេះ ឲ្យបានឆាប់។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បាន បញ្ជាក់ផងដែរ អំពីសារៈសំខាន់ នៃសេរីភាពការធ្វើនាវាចរណ៍នៅក្នុង និងការហោះហើរលើ សមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាព ឲ្យមានជំនួបរវាងរដ្ឋមន្ត្រី ការបរទេសអាស៊ាន ជាមួយ រដ្ឋមន្ត្រីការបរទេសចិន នៅពេលអនាគត ដើម្បីពិភាក្សាបញ្ហា ទំនាក់ទំនងអាស៊ាន-ចិន រួមទាំង បញ្ហាសមុទ្រចិនខាងត្បូង ជាពិសេសរិះរក វិធានការសមស្រប ដើម្បីបន្ធូរបន្ថយភាពតានតឹង និង ដោះស្រាយបញ្ហាជំលោះ នៅសមុទ្រចិនខាងត្បូង។

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀត  ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសថៃ រដ្ឋមន្ត្រីការបរទេសឡាវ និងរដ្ឋមន្ត្រី ការបរទេសសឹង្ហបុរី ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបិត្តិការទ្វេភាគី លើគ្រប់វិស័យ និង ក៏ដើម្បីជំរុញការធ្វើសមាហរណកម្មអាស៊ាន ដោយផ្តោត លើសរសរស្តម្ភទាំងបីរបស់អាស៊ាន។
 
ក្នុងឱកាសនេះផងដែរ រដ្ឋមន្ត្រីការបរទេសថៃ បានស្នើអញ្ជើញ ឧបនាយករដ្ឋមន្ត្រី ទៅ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី១៤ ។

នៅក្នុងឱកាសកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីការអនុវត្តន៍ចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ និងការអនុវត្តន៍ ផែនការលំអិតរបស់ សហគមន៍សន្តិសុខ និង នយោបាយអាស៊ាន ទំនាក់ទំនងក្រៅតំបន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និង បញ្ហាភេវរកម្ម និងក្រុមជ្រុលនិយម (ISIS-IS)៕

រដ្ឋមន្រ្តីការបរទេស ខ្មែរស្នើឲ្យអាស៊ាន ផ្លាស់ប្តូរផ្លាស់ប្តូរ ព័ត៌មានសំងាត់

រដ្ឋមន្រ្តីការបរទេស ខ្មែរស្នើឲ្យអាស៊ាន ផ្លាស់ប្តូរផ្លាស់ប្តូរ ព័ត៌មានសំងាត់