Update៖នាយករដ្ឋមន្រ្តី ប្រតិកម្ម តបចំពោះ ការលើកឡើង ពីបដិវត្តន៍គ្រូពេទ្យ(Sound)

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រតិកម្មតប ទៅមនុស្សមួយចំនួន ដែលមានគម្រោង ធ្វើបដិវត្តគ្រូពេទ្យនៅស្រុកខ្មែរ។ ក្នុងពិធីសម្ពោធអគារថ្មី នៃមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដែលជាជំនួយរបស់ ជប៉ុនទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) នាព្រឹកថ្ងៃ ទី២៩ កុម្ភៈ សម្តេច តេជោ ហ៊ុនសែន បានមានប្រសាសន៍ថា “មានការលើកឡើងពីការធ្វើបដិវត្តគ្រូពេទ្យ ខ្ញុំមិនយល់....យកគ្រូពេទ្យទៅសម្លាប់ចោល រឺយ៉ាងម៉េច? បញ្ហានៅត្រង់ថា យើងត្រូវកែលម្អគុណភាព និងក្រមសីលធម៌គ្រូពេទ្យ”។

ព្រមជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងពីកំណែទម្រង់ក្នុងវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់ ក្រមសីលធម៌គ្រូពេទ្យ ឲ្យកាន់តែប្រសើរឡើង ។ សម្តេចក៏បានថ្លែងអំពាវនាវ ដល់ក្រុមគ្រូពេទ្យ ឲ្យរួមចំណែកលើកកម្ពស់ក្រមសីលធម៌ ជាពិសេសមិនត្រូវធ្វើឲ្យគ្រូពេទ្យម្នាក់មិនល្អ បែរជាធ្វើឲ្យគ្រូពេទ្យដទៃទៀត មិនល្អនោះទេ។

សម្តេចតេជោ ក៏បានលើកពីគុណសម្បតិ្តរបស់គ្រូពេទ្យល្អៗដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋដោយគ្មានពេលឈប់សម្រាកប្រៀបបីដូចជាទាហាន ប៉ូលីសជាដើម ដែលមានតួនាទីសំខាន់បំផុតក្នុងការការពារនិងជួយសង្គ្រោះ ជីវិតមនុស្សឲ្យផុតពីសេចក្តីស្លាប់។ ទន្ទឹមនេះ ក៏មានគ្រូពេទ្យខិលខូចមួយចំនួនតូច ដែលធ្វើឲ្យប៉ះពាល់ កិត្តិយសគ្រូពេទ្យគេល្អៗផ្សេងទៀត ដូចជាមិនគោរពវិជ្ជាជីវៈពេទ្យ ប្រើពាក្យសំដីអសុរសទៅលើអ្នកជំងឺ និងគិតតែពីលុយជាដើម ។
ពាក់ព័ន្ធករណីនេះ លោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ថា គុណភាពសេវាសុខាភិបាលត្រូវការបដិវត្តន៍ មិនមែនធ្វើកំណែទម្រង់ទេ។គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរនៅទាបបំផុតបើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និងប្រៀបធៀបទៅនឹងមន្ទីរពេទ្យក្នុងបណ្តាប្រទេសក្នុងតំបន់។

មជ្ឈដ្ឋានខ្លះថា ក្រុមគ្រូពេទ្យនៅកម្ពុជាកំពុង ទទួលការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារតែពួកគាត់ បានលើកឡើងថា ក្រុមពេទ្យមិនសូវ យកចិត្តទុកដាក់ព្យាបាលជំងឺពលរដ្ឋ ច្រើនតែគិតពីលុយជាធំ។ បច្ចុប្បន្នគេបានសង្កេតឃើញ ប្រជាពលរដ្ឋខ្មែរតែងតែបានធ្វើដំណើរ ទៅពិនិត្យព្យាបាលជំងឺនៅក្រៅ ប្រទេសច្រើនគួរឲ្យកត់សំគាល់ ក្នុងនោះ រួមមាន ប្រទេសវៀតណាម (អ្នកមានលទ្ធភាពតិចតួច មធ្យម និងបង្គួរ) ប្រទេសថៃ (អ្នកមានលទ្ធភាពមធ្យម អ្នកមានបង្គួរ និងអ្នកមាន) ប្រទេសសិង្ហបុរី (ភាគច្រើនអ្នកមានជីវភាពបង្គួរ រហូតដល់សេដ្ឋី នាម៉ឺនសព្វមុខមន្រ្តី)។

អ្នកវិភាគយល់ថា ការចេញទៅព្យាបាលនៅខាងក្រៅ ប្រទេសច្រើននេះ មិនមែនមានន័យអាក្រក់នោះទេ ប៉ុន្តែមកពីពួកគាត់មានលទ្ធភាព និងបច្ចេកវិជ្ជាពេទ្យទំនើប ដែលអាចទទួលយកបាន ព្រមទាំងក្រុមគ្រូពេទ្យចំណានៗ។ ជាពិសេសសេវាព្យាបាលនៅប្រទេសវៀតណាមមានតម្លៃសមរម្យ ។ ម្យ៉ាងទៀត រដ្ឋាភិបាលនៃ ប្រទេសទាំងពីរ បានមានកិច្ចព្រមព្រៀងរួមគ្នា ក្នុងការផ្តល់សេវាថែទាំ ដោយមិនគិតអំពីជនបរទេស តែចាត់ទុកអ្នកដែលទៅពិនិត្យ សុខភាពនិងព្យាបាលជំងឺទាំងនោះ ដូចជនជាតិរបស់ខ្លួន។

ត្រង់កន្លែងនេះ ក៏អាចនិយាយបានថា រាជរដ្ឋាភិបាលបានជួយសម្រូល ដល់ពលរដ្ឋរបស់ខ្លួន ដោយយល់ឃើញថា ការរីកចំរើន ផ្នែកសុខាភិបាល នៅមានកម្រិត ប៉ុន្តែតទៅអនាគតវិស័យសុខាភិបាល ក៏ដូចជាវិស័យផ្សេងទៀតដែរ ពិតជាមានការវិវត្តន៍ដែលអាចទទួលយកបាន យ៉ាងហោចណាស់បច្ចុប្បន្ន ក៏មានមន្ទីរពេទ្យឯកជន ជាច្រើនបាននឹងកំពុងដំណើរការបម្រើសេវាផ្នែកសុខាភិបាល ទទួលពិនិត្យសុខភាព និងព្យាបាលជំងឺរូចជាសេ្រចហើយដែរ។ ទាក់ទងនឹងករណី គ្រូពេទ្យនៅ ស្រុកខ្មែរនេះ លោក គួច ម៉េងលី ប្រធានក្រុមហ៊ុន និងជាស្ថាបនិក ក្រុមហ៊ុន Mengly J. Quach Holding  ត្រូវបានសារព័ត៌មានសម្ភាសន៍កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦កន្លងមក ដោយបានដកស្រង់សំដីថា “វិស័យសុខាភិបាលយើងបើឲ្យពិន្ទុពី ១ ដល់ ១០ គឺឲ្យតែ ២ ពិន្ទុទេ”។

លោកបន្តថា បើអ្នកក្រទៅពេទ្យលោកហ៊ានធានាថា គេនឹងដេកនៅចិញ្ចើមផ្លូវ។ ស្រី្តសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ លោកម៉េងលី បានបញ្ជាក់តាមរយៈកាសែតនេះទៀតថា ពេទ្យគ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្ដាធម៌នេះ លោកមិនមែននិយាយទាំងអស់ទេពោលគឺបើជួប១០មាន៩អាក្រក់។
ប្រទេសកម្ពុជា ក្រោយសម័យរំដោះ ចេញពីរបបខ្មែរក្រហម កាលពីដើមឆ្នាំ១៩៧៩ ពុំមានសេសសល់អ្វីទេ កុំថាឡើយតែស្ថាប័នសុខាភិបាល ក្រុមសាស្រ្តា ចារ្យវេជ្ជបណ្ឌិត ក៏គ្មានដែរ សម័យនោះ រដ្ឋាភិបាលសាធាណរដ្ឋ ប្រជាមានិតកម្ពុជា បានអំពាវនាវគៀគរកុ្រមគ្រូពេទ្យ ដែលនៅសេសសល់ពីការសម្លាប់ ឲ្យមកបម្រើការនៅក្នុងវិស័យនេះ។ ភាគច្រើន យើងនៅជួបការលំបាក ព្រោះក្រោយរំដោះពិភពលោក បានបន្តហ៊ុមព័ទ្ធសេដ្ឋកិច្ច ពិសេសប្រទេសលោកខាងលិច។ ម្យ៉ាងទៀត ប្រទេសកម្ពុជា ក៏នៅបន្តអូសបន្លាយសង្រ្គាម ផ្ទៃក្នុងរហូតដល់ឆ្នាំ១៩៩១ ជាពិសេសក្រោយការបោះឆ្នាំ១៩៩៣ និងវិស័យផ្សេងៗ បានចាប់ផ្តើមរីកចំរើន ជាបន្តបន្ទាប់ប៉ុន្តែ វាមិនបានដូចបំណងដែលយើងចង់បាន ព្រោះការបណ្តុះបណ្តាលធនធានមនុស្ស មិនស្រួលដូចការនិយាយនោះឡើយ៕