អាជ្ញាធរ​ខេត្ត​សៀមរាប​ស្វែងរក​មេខ្លោង​បើក​កាស៊ីណូ​ខុស​ច្បាប់​ក្នុង​ភោជនីយដ្ឋាន

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ប្រកាស​ឲ្យ​ដឹង​យ៉ាង​ម៉ឺងម៉ាត់​ថា ខេត្ត​ដែល​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​នេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​កន្លែង​កាស៊ីណូ ឬ​ក៏​វង់​ល្បែង​ស៊ី​សង​ណា​មួយ​ជា​ដាច់ខាត

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល រួម​នឹង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប បាន​ឆ្មក់​ចូល​ទៅ​បង្ក្រាប​កាស៊ីណូ​លួច​លាក់​មួយ​កន្លែង ដែល​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន នៅ​ក្នុង​តំបន់​បុរី​ប្រិមប្រិយ នៃ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប។

មន្ត្រី​មន្ទីរ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប កំពុង​សាកសួរ​បុរស និង​ស្ត្រី​ចំនួន ១០​នាក់ ពេញ​មួយ​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ ដើម្បី​តាម​រក​មុខ​មេខ្លោង​ដែល​ពាក់ព័ន្ធ​នឹង​ការ​លួច​បើក​កាស៊ីណូ​ខុស​ច្បាប់​នៅ​កណ្ដាល​ទីក្រុង។

បុរស និង​ស្ត្រី​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​កំពុង​សាកសួរ​នោះ គឺ​ជា​ក្រុម​មនុស្ស​ដែល​គេ​នាំ​ខ្លួន​ចេញ​ពី​កាស៊ីណូ​ខុស​ច្បាប់​មួយ​កន្លែង ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន​ឈ្មោះ សាន់ ស៊ាំង ក្នុង​ពេល​ដែល​កម្លាំង​ចម្រុះ​បើក​ប្រតិបត្តិការ​បង្ក្រាប​នៅ​ពេល​រាត្រី។

ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប គឺ​លោក​វរសេនីយ៍ទោ ថា ដាលុច។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​កុម្ភៈ ថា កាស៊ីណូ​ខុស​ច្បាប់​មួយ​កន្លែង បាន​បើក​លួច​លាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​យីហោ សាន់ ស៊ាំង។ កម្លាំង​របស់​លោក​បាន​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន ១០​នាក់​ក្នុង​ពេល​បង្ក្រាប​កាស៊ីណូ​នោះ ហើយ​កំពុង​សួរ​ចម្លើយពួក​គេ ដើម្បី​តាម​រក​មុខ​ថៅកែ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បើក​ក្លឹប​ល្បែង​ខុស​ច្បាប់​នោះ«យើង​កំពុង​តែ​រក​មេខ្លោង ពីព្រោះ​យើង​អត់​ទាន់​រក​ចម្លើយ​ណា​មួយ​ឲ្យ​ពិត​ប្រាកដ​ថា អ្នក​ណា​ជា​មេខ្លោង​នៅ​ឡើយ»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ សមត្ថកិច្ច​នៅ​តែមិន​ទាន់ប្រាកដ​ថា តើ​ម្ចាស់​ភោជនីយដ្ឋាន សាន់ ស៊ាំង គឺ​ជាអ្នក​ណា? តើ​ជា​ជនជាតិ​ខ្មែរ ឬ​ក៏​ជា​ជន​បរទេសនៅ​ឡើយ​ទេ?

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង មាន​ប្រសាសន៍​ថា ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​ដ៏​ល្បីល្បាញ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ជាច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ គឺ​មិន​អនុញ្ញាត​ឲ្យ​បើក​កាស៊ីណូ​ទេលោក​អភិបាល​ខេត្ត ជំរុញ​ឲ្យ​សមត្ថកិច្ច​បន្ត​ការ​ស៊ើប​អង្កេត​រក​មុខ​មេខ្លោង​ដែល​លួច​បើក​កាស៊ីណូ​ខុស​ច្បាប់​មួយ​នេះ៖ «មិន​អាចអត់​ឱនបាន​ទេ ដោយសារ​តែ​កាស៊ីណូ​នៅ​សៀមរាប គឺ​មិន​ឲ្យ​មាន​ដាច់ខាតយើង​កំពុង​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ថែម​ទៀត»

កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ កម្លាំង​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល និង​កម្លាំង​កង​រាជ​អាវុធហត្ថខេត្ត​សៀមរាប ព្រម​ទាំង​ស្ថាប័ន​តុលាការ​ផង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​កន្លែង​កាស៊ីណូ​ដែល​ជ្រក​ក្រោម​ស្លាក​ភោជនីយដ្ឋាន​ឈ្មោះ សាន់ ស៊ាំង នោះ ហើយ​ប្រមូល​យក​បាន​វត្ថុ​តាង​ជាច្រើន ដូចជា ទូ​ហ្គេម​រាប់​សិប​គ្រឿង ទូ​រ៉ូឡែត​សម្រាប់​បង្វិល​ចាក់​ប្រាក់ សន្លឹក​បៀរ​ជាច្រើន​ហ៊ូ ព្រម​ទាំង​សម្ភារៈ​ជាច្រើន​ទៀត ប៉ាន់​ប្រមាណ​ជា​ទឹក​ប្រាក់​អាច​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ចំណែក​មនុស្ស ១០​នាក់​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នោះ ក៏​នៅ​មិន​ទាន់​សម្រេច​ថា​នឹង​ដោះ​លែង ឬ​ក៏​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ឡើយ​ទេ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។