ក្រសួង​អប់រំ​កំពុង​ពិនិត្យ​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ​ក្នុង​អនុវិទ្យាល័យ​គគីរ

ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តាម​ដាន និង​ពិនិត្យ​ដោះស្រាយ​ករណី​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ (LEO) ក្នុង​បរិវេណ​អនុវិទ្យាល័យ​គគីរ ឋិត​ក្នុង​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល តាម​សំណើ​របស់​ក្រុម​គ្រូបង្រៀន។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សាលីន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​សិស្ស និង​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​គគីរ គឺ​ខាង​ក្រសួង បាន​ប្រាប់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កណ្ដាល លោក អ៊ុង តុលា ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ដើម្បី​ចុះ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​ចាត់​វិធានការ​ជាក់ស្តែង៖ «ជា​រួម​ទៅ ការ​សិក្សា​ជា​ចំណុច​មួយ​សំខាន់​ដែល​ត្រូវ​ផ្ដោត​ការ​សិក្សា​របស់​សិស្ស និង​ការ​បង្រៀន និង​ការ​បំពេញ​ការងារ​របស់​លោកគ្រូ​អ្នកគ្រូ។ ដូច្នេះ​ទេ យើង​មើល​ជាក់ស្តែង​ថា តើ​រឿង​នេះ​វា​ការ​ពិត​ជាក់ស្តែង​អ៊ីចឹង​មែន​ឬ​យ៉ាង​ណា? ហើយ​នឹង​ចាត់​វិធានការ​ជា​បន្ទាន់»

គ្រូបង្រៀន​ចំនួន ២៣​នាក់ និង​សិស្ស​ចំនួន ៤៤២​នាក់ នាំ​គ្នា​ផ្ដិត​មេដៃ​ប្រឆាំង​នឹង​ការ​ប្រគំ​តន្ត្រី​របស់​ក្រុមហ៊ុន​ស្រាបៀ​លីអូ (LEO) ដែល​ធ្វើ​នៅ​ក្នុង​បរិវេណ​សាលា​រៀន​ជា​លើក​ទី​២ ចាប់​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ដល់​ថ្ងៃ​ទី​៤ ខែ​មីនា។ លោក​គ្រូ​អ្នក​គ្រូ​ទាំង​នេះ​បញ្ជាក់​ក្នុង​ញត្តិ​មួយ​ថា មូលហេតុ​នៃ​ការ​តវ៉ា ព្រោះ​ការ​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ​លីអូ​នោះ បាន​បន្សល់​ទុក​សំរាម​ជាច្រើន ដូចជា អំបែង​ដប​ស្រាបៀ និង​ក្លិន​ស្អុយ​ពី​សំណល់​ផ្សេងៗ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។