ចៅ​អធិការ​វត្ត​គោក​បញ្ជាន់​បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​លក់​ដី​វត្ត​ទេ

អាជ្ញាធរ​ពាក់ព័ន្ធ បាន​បើក​ការ​ចរចា​រឿង​ជម្លោះ​ដី​វត្ត​គោក​បញ្ជាន់ នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ក្នុង​គ្រា​ដែល​ពលរដ្ឋ​រាប់​រយ​នាក់ បន្ត​តវ៉ា​បណ្ដេញ​ចៅ​អធិការ​ចេញ​ពី​វត្ត ការ​ចរចា​រក​ដំណោះស្រាយ​នេះ បាន​ចូលរួម​ពី​សំណាក់​អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ លោក ឃឹម សុដា ហើយ​ក្នុង​ការ​ចរចា​នោះ ចៅ​អធិការ​វត្ត ព្រះតេជព្រះគុណ សេង ថង ដែល​រង​ការ​ចោទ​ប្រកាន់ បាន​បដិសេធ​ថា ព្រះអង្គ​ពុំ​បាន​និមន្ត​លក់ ឬ​ពាក់ព័ន្ធ​នឹង​គម្រោង​លក់​ដី​អ្វី​នោះ​ទេ។

ក្រុម​អ្នក​តវ៉ា បាន​រៀបចំ​ញត្តិ​ទាមទារ​ចំនួន ៨​ចំណុច ដូចជា ពួក​គាត់​ទាមទារ​ឲ្យ​ទុក​ជា​ទ្រព្យ​សម្បត្តិ​រួម មិន​ឲ្យ​លក់ ឬ​ដោះ​ដូរ​ជា​ដាច់​ខាត​នូវ​ដី​ស្រះ​ព្រះ​ទន្លេ ដែល​មាន​ទំហំ​ប្រហែល ៥​ម៉ឺន​ម៉ែត្រ​ក្រឡា។ ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​ព្រះសង្ឃ សេង ថង និមន្ត​ចុះ​ចេញ​ពី​វត្ត​គោក​បញ្ជាន់ ដោយ​គ្មាន​លក្ខខណ្ឌ។ ភាគី​ទាំង​ពីរ បាន​ព្រមព្រៀង​នូវ​ចំណុច​ទី​១ គឺ​ព្រម​រក្សា​ទុក មិន​លក់​មិន​ដូរ​ដី​ស្រះ​ព្រះ​ទន្លេ ។

ទោះ​យ៉ាង​ណា ការ​ចរចា​មាន​ភាព​តានតឹង​ត្រង់​ការ​ទាមទារ​បណ្ដេញ​ចៅ​អធិការ​ចេញ​ពី​វត្ត។

ទាក់ទង​ចំណុច​នេះ អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ លោក ឃឹម សុដា បាន​ស្នើ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ ចាត់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ធម្មការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។