ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ដឹកនាំ​ដោយ​លោក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​​កំរិត​ស្រាល និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់ (​ឆ្នោត​) ខេត្ដ​សៀម​រាប​បាន​ជា​បន្ត​បន្ទាប់  និង​ឃាត់ខ្លួន​មេ​ឆ្នោត​ចំនួន​១៧​នាក់ ខណៈ​ពួក​គេ​កំពុង​នាំ​គ្នា​កត់​ឆ្នោត​នៅ​ក្នុង​ក្រុមហ៊ុន Coo Tel រួច​នាំ​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត ។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៦​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នេះ នៅ​ក្នុង​ក្រុមហ៊ុន Coo Tel ជិត​វិទ្យាល័យ​១០ មក​រា ១៩៧៩ ភូមិ​មណ្ឌល​១  សង្កាត់​ស្វាយ​ដង្គំ ។ តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ខេត្ត ធ្វើការ​ចុះ​បង្ក្រាប​ល្បែងស៊ីសង (​ឆ្នោត​) ។

គួរ​បញ្ជាក់​ថា ការ​បង្ក្រាប​របស់​សមត្ថកិច្ច​កន្លង​មក បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា ចាប់​បាន​តែ​អ្នក​តូចតាច​ប៉ុណ្ណោះ មិន​ដែល​ឃើញ​ចាប់​បាន​មេខ្លោង​នោះ​ទេ ។ ពេល​នេះ​​សមត្ថកិច្ច​បាន​បញ្ចេញស្នាដៃ​ហើយ ដោយ​ចាប់​បាន​មេ​ឆ្នោត​ធំ​ៗ​ចំនួន​១៧​នាក់​ជា​បន្តបន្ទាប់​តែ​ម្ដង ។ ជុំវិញ​ករណី​ខាងលើ​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀម រាប នៅ​មុន​នេះ​បន្តិច លោក​មិន​ទាន់​បាន បញ្ជាក់​ព័ត៌មាន​លំអិត​បាន​នៅឡើយ​ទេ ដោយ​លោក​កំពុង​ជាប់រវល់ ៕