តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​បង្ហាញ​មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​ពាម

គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា បាន​ដាក់​លិខិត​មួយ​តាម​រយៈ​ប្រធាន​រដ្ឋសភា ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​ជំងឺ​អេដស៍ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ជិត ២០​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍ បន្ទាប់​ពី​បាន​ធ្វើ​តេស្ដ​ឈាម​នៅ​ក្នុង​ខែ​កុម្ភៈ នេះ។

គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា បាន​ចាត់​ទុក​ថា ក្រសួង​សុខាភិបាល ព្យាយាម​បិទ​បាំង​ព័ត៌មាន​ករណី​ឆ្លង​រីក​រាល​ដាល​មេរោគ​អេដស៍​នៅ​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ។

ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី អ្នកស្រី កែ សុវណ្ណរតន៍ មាន​ប្រសាសន៍​ថា ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ទទួល​លិខិត​ពី​គណៈកម្មការ​ទី​៨ នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ បន្ទាប់​ពី​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ។ អ្នកស្រី​បន្ត​ថា គោល​បំណង​សំខាន់ គឺ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញ​ប្រាប់​ពី​មូលហេតុ​ពិត​ប្រាកដ ជុំវិញ​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នេះ ជា​ជាង​ចូល​បំភ្លឺ​ដោយ​គ្មាន​ព័ត៌មាន​ស្រាវជ្រាវ​ច្បាស់លាស់។

កែ សុវណ្ណរតន៍ ៦២០
ប្រធាន​គណៈកម្មការ​ទី​៨ រដ្ឋ​សភា អ្នកស្រី កែ សុវណ្ណរតន៍ ផ្ដល់​បទសម្ភាសន៍​ជុំវិញ​ការ​បំពេញ​បេសកកម្ម​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Saut Sokprathna

អ្នកស្រី កែ សុវណ្ណរតន៍៖ «បើ​យើង​អត់​ស្រាវជ្រាវ​រក​ឃើញ​ពី​មូលហេតុ​ទេ យើង​មិន​អាច​ទប់ស្កាត់​ទេយើង​ព្យាយាម​នៅ​តែ​ទប់ស្កាត់​ព័ត៌មាន។ យើង​បញ្ចប់​បញ្ហា​ដោយ​ទប់ស្កាត់ វា​មិន​មែន​ជា​កត្តា​វិជ្ជមាន​ទេ។ វា​មិន​មែន​ជា​រឿង​ល្អ​ទេ។ យើង​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​កើត​មាន​ទៀត។ វា​មិន​អាចបិទ​បាំង​ព័ត៌មាន មាន​តែ​ស្វែងរក​បញ្ហា​ឲ្យ​ឃើញ​ថា តើ​វា​មក​ពី​ស្អី? ហើយ​យើង​ត្រូវ​ប្រកាស​ទប់ស្កាត់។ រឿង​នេះ​ជា​រឿង​ការពារ​សុខភាព ការពារ​ការ​ឆ្លង​ទាំងអស់​គ្នា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ និង​លោក លី ពេញស៊ុន នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ក្រុម​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាម​រោគ អង្គការ​សុខភាព​ពិភពលោក (WHO) អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (UNAIDS) និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក (US-CDC) បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​នូវ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ហើយ​ឯកភាព​ជា​រួម​ថា មាន​ពលរដ្ឋ ៤​នាក់​បន្ថែម​លើ​ចំនួន ១៤​នាក់ សរុប ១៨​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍។

ការ​កើន​ឡើង​នូវ​ការ​ចូលរួម​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍​របស់​សហគមន៍​នេះ គឺ​ដោយសារ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​ការ​ទៅ​ធ្វើ​តេស្ដ​ឈាម ដែល​នាំ​ឲ្យ​កើន​ឡើង​នូវ​ការ​រក​ឃើញ​ករណី​ផ្ទុក​មេរោគ​អេដស៍ ហើយ​ទិន្នន័យ​នេះ មិន​បាន​បញ្ជាក់​ពី​ការ​បារម្ភ​នូវ​ការ​ឆ្លង​រាល​ដាល​មេរោគ​អេដស៍​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ដែល​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​នេះ បែរ​ជា​នាំ​គ្នា​ភ្ញាក់​ផ្អើល ដោយ​សង្ស័យ​លើ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពញាឮ ខេត្ត​កណ្ដាល លោក​វេជ្ជបណ្ឌិត សុខ ធន ដោយសារ​តែ​ពួក​គាត់​ធ្លាប់​ទៅ​ចាក់​ថ្នាំ​នៅ​គ្លីនិក​របស់​លោក ប៉ុន្តែ​គ្រូពេទ្យ​នេះ​បដិសេធ ដែល​ករណី​នេះ​ស្រដៀង​នឹង​ករណី​នៅ​ខេត្ត​បាត់ដំបង ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។