ក្រុម​កែទម្រង់​ទទួល​សំឡេង​នាំមុខ​ក្នុងការ​បោះឆ្នោត​នៅ​អ៊ីរ៉ង់​

​ក្រុម​កំណែទម្រង់​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាស់​សាន រ៉ូ​ហា​នី និង​ដៃគូរ​បានទទួល​សំឡេង​នាំមុខ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ជាមួយ​លទ្ធផល​នេះ ក្រុម​កែទម្រង់​នឹងមាន​លទ្ធភាព​កាន់តែច្រើន​បន្ថែមទៀត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​លោកខាងលិច​ក៏ដូចជា​បញ្ចប់​ភាព​ឯកា​របស់​អ៊ីរ៉ង់ ចាប់តាំងពី​ការលើកលែង​ទណ្ឌកម្ម​មក​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​លទ្ធផល​ដំបូង​នៃ​ការបោះឆ្នោត​សភា​នៅ​អ៊ីរ៉ង់​បង្ហាញថា អ្នកបោះឆ្នោត​អ៊ីរ៉ង់​បានផ្ដល់​សេចក្ដីទុកចិត្ត​ដល់​ក្រុម​កែទម្រង់​របស់លោក ហាស់​សាន រ៉ូ​ហា​នី និង​សម្ព័ន្ធមិត្ត​របស់លោក ដែលជា​អ្នក​នៅ​ពីក្រោយ​ជោគជ័យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​លោកខាងលិច​។ លទ្ធផល​នេះ ក៏​ជា​សារ​ដល់​ក្រុមប្រឆាំង​និយម​ឲ្យ​ដកខ្លួន​ពី​ផ្លូវ​កែទម្រង់ និង​ការ​ងាក​ទៅរក​ការបើកចំហ​ក្រោយ​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​។​

​យោងតាម​ការរាយការណ៍​នានា​របស់​សារព័ត៌មាន​ក្នុងស្រុក​អ៊ីរ៉ង់ ក្រុមប្រឆាំង​និយម​បាន​បាត់បង់​សំឡេង​ក្នុង​សភា​ដែលមាន​២៩០​កៅអី​។ ប៉ុន្តែ​មិនមាន​ក្រុម​ណា​ដែល​អាច​ទទួលបាន​សំឡេង​ភាគច្រើន​នោះទេ ក្រៅពី​ក្រុម​កែទម្រង់​របស់លោក​រ៉ូ​ហា​នី ដែល​ទទួលបាន​សំឡេង​នាំមុខ​។ មួយវិញទៀត ក្រុម​កែទម្រង់​ក៏មាន​សំឡេង​នាំមុខ​ក្នុង​ក្រុមប្រឹក្សា​សាសនវិទូ ដែល​ទទួលខុសត្រូវ​លើ​ការជ្រើសរើស​មេដឹកនាំ​កំពូល​ថ្មី​ផងដែរ​។​

​ការបោះឆ្នោត​សភា​និង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​សាសនវិទូ (Assembly of Expert) នៅ​ឆ្នាំ​២០១៦​នេះ ជា​សញ្ញា​នៃ​ចំណុច​របត់​ថ្មី​ក្នុង​នយោបាយ​អ៊ីរ៉ង់ ក្នុងនាម​ជា​មហាអំណាច​ប្រចាំ​តំបន់​មួយ​។ ហើយ​នេះ គឺជា​ការបោះឆ្នោត​លើកដំបូង​បន្ទាប់ពី​អ៊ីរ៉ង់​សម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ប​ស្ចឹ​ម​ប្រទេស​ក្នុង​ឆ្នាំ​២០១៥​។ ជោគជ័យ​នៃ​កិច្ចព្រមព្រៀង​នេះ អាចជា​មូលហេតុ​ដែល​នាំ​ឲ្យ​កើនឡើង​ប្រជាប្រិយភាព​របស់​ក្រុម​កែទម្រង់ និង​ពួកនិយម​កណ្ដាល​។​

​ប្រសិនបើ​លទ្ធផល​ផ្លូវការ​បញ្ជាក់ថា ប្រធានាធិបតី​រ៉ូ​ហា​នី និង​សម្ព័ន្ធមិត្ត​របស់លោក​ឈ្នះឆ្នោត​នោះ គេ​រំពឹងថា ទំនាក់ទំនង​អ៊ីរ៉ង់​និង​ក្រុម​លោកខាងលិច នឹង​កាន់តែ​ល្អប្រសើរ​ជាមិនខាន​។ នេះ​ក៏ដោយ​សារ គ្រាន់​តែមាន​ការដក​ទ​ណ្ឌ​កម្ម​ពី​អ៊ីរ៉ង់ ក្រុម​ជំនួញ​ធំៗ​ជាច្រើន​បាន​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​នៅ​អ៊ីរ៉ង់ ជាពិសេស​លើ​វិស័យ​ប្រង​កាត​។

​លើសពី​ទៅទៀត ប្រធានាធិបតី​រ៉ូ​ហា​នី ក៏​ធ្លាប់​ធ្វើដំណើរ​មួយ​ជុំ​នៅ​អឺរ៉ុប ដោយបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​នៅ​អ៊ីតាលី​និង​បារាំង​ថែមទៀត​ផង​។ អ៊ីរ៉ង់​ដែល​សម្បូរ​ដោយ​ធនធាន​ប្រេង ពិតជា​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មក​វិនិយោគ ស្រប​ពេលដែល​ក្រុម​កែទម្រង់​និង​សម្ព័ន្ធមិត្ត​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​អ៊ីរ៉ង់​៕          

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​