កុមារីអាយុ២ឆ្នាំម្នាក់ ស្លាប់ក្នុងចំណោមកុមារ ០៣នាក់ ដែលកប់ក្នុងព្រិលទឹកកក នៅសហរដ្ឋអាម៉េរិក

ស៊ីអ៊ិនអ៊ិន៖ នៅថ្ងៃចន្ទនេះ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយថា មានករណីព្រិលធ្លាក់ កប់កុមារតូចៗចំនួន ០៣នាក់ ក្នុងនោះមានម្នាក់ អាយុ០២ឆ្នាំ បានស្លាប់បាត់បង់ ជីវិតហើយ ។

ប្រភពបានចុះផ្សាយថា នៅភាគខាងកើតរដ្ឋ អ៊ីដាហូ (Idaho) សហរដ្ឋអាម៉េរិក មានករណីក្មេងស្រី អាយុ០២ឆ្នាំ ម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីរូបគេ និងក្មេងប្រុសពីរនាក់ ទៀតដែលបានកប់ នៅក្នុងព្រិលធ្លាក់ចុះ កាលពីថ្ងៃសុក្រកន្លងមកនេះ នៅរដ្ឋអីដាហូ វេលាម៉ោងប្រមាណ ៥និង២១ល្ងាច ម៉ោងក្នុងតំបន់ ។ នេះបើតាមការបញ្ជាក់ ពីមជ្ឈមណ្ឌលសង្គ្រោះ មួយនៅតំបន់ Mack បានឲ្យដឹងយ៉ាងដូច្នេះ ។

ប្រភពបានបញ្ជាក់ថា កុមាររងគ្រោះមានគ្នាចំនួន ០៣នាក់ ហើយក្រុមអ្នកជួយសង្គ្រោះ បានប្រើពេលជាង៣០នាទី ដើម្បីជីកយកកុមាររងគ្រោះ ដែលកប់ដោយព្រិល ប៉ុន្តែដោយសារតែព្រិល បានអង្អុរធ្លាក់ចុះខ្លាំងពេកធ្វើឲ្យ ក្រុមជួយសង្គ្រោះមានការលំបាក ហើយក៏បានជួយបានក្មេងប្រុស ដែលមានអាយុដំណាលគ្នា៧ឆ្នាំ ចំនួន០២នាក់ ឲ្យរួចពីសេចក្តីស្លាប់ នៅសល់តែកុមារម្នាក់ ដែលមានវ័យ០២ឆ្នាំ គឺគេបានស្លាប់បាត់បង់ជីវិត ដោយសារនាង មានរបួសធ្ងន់ធ្ងរពេក ៕