ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង​៖ ប្រតិបត្តិការបង្ក្រាបទីតាំងនិងដកហូតឧបករណ៍​នេសាទ​ខុសច្បាប់​រាប់រយ​ម៉ែត្រ​ត្រូវ​បាន​បង្ក្រាប និង​ដកហូត​ដោយ​មន្ដ្រី​ជំនាញ​រួម​សហការ​ជាមួយ​ខាង​ភាគ​គី​ឡាវ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្នែក​ខាងលើ​នៃ​ដង​ទន្លេមេគង្គ ។

ការ​ចុះ​បង្ក្រាប និង​ដកហូត​វត្ថុ​តាង​ខាងលើ​នោះ គេ​បាន​សង្កេត​ឃើញ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​បទ​លើ្ម​ស​នេសាទ​ខុសច្បាប់​នោះ​ទេ ដោយ​ពុំ​មាន​អ្នក​ចេញ​មុខ​អះអាង ខណៈ​មាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​អន្លង់​ឈើទាល នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ និង​វរ​សេនា​ការពារ​ព្រំដែន​លេខ​១០១ រួម​នឹង​អាជ្ញា​ធម៌​ខាង​ភាគី​ឡាវ ។

លោក ដៀប បូ​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ លោក​បាន​ដឹកនាំ​កម្លាំង​រួម​មាន​ឆ្មាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​អន្លង់​ឈើទាល នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ និង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០១ ព្រមទាំង​អាជ្ញា​ធម៌​ភាគី​ឡាវ បាន​រឹបអូស​មង​ចំនួន​៥​ត្បូង ស្មើនឹង​៧០២​​​ម៉ែត្រ និង​សន្ទូច​៥​រនង ស្មើនឹង​១៧២​ផ្លែ ប្រវែង​៥៤៥​ម៉ែត្រ នៅ​ចំណុច​ក្បាលកោះ​ល្ង និង​ក្បាលកោះ​បន្ទាយ ភូមិ​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

លោក​បាន​បន្ត​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ រដ្ឋបាល​ជលផល​បាន​បង្ក្រាប និង​ដកហូត​មង​បាន​ជិត​៣​ម៉ឺន​ម៉ែត្រ ដែល​មង​ទាំងនោះ​ភាគច្រើន​យក​ទៅ​ដាក់​ក្នុង​អន្លង់​អភិរក្ស ក្នុង​នោះ​មន្ដ្រី​ជំនាញ​បា​នប​ញ្ចូ​ន​សំណុំរឿង​ទៅ​តុលាការ​បាន​ចំនួន​៩​លើក ២​ករណី​គប់​គ្រាប់បែក និង​៧​ករណី​ឆក់ ហើយ​បាន​បញ្ជូន​ជនល្មើស​ទៅ​ពន្ធនាគារ​ចំនួន​១៦​នាក់​ផង​ដែរ ។

លោក ដៀប បូ​រ៉ា បាន​បន្ថែម​ថា លោក​បាន​ធ្វើការ​ប្រជុំ​ព្រមព្រៀង​មួយ​រវាង​ភាគី​ឡាវ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​ក្នុង​ចំណុចសូន្យ​ដែល​ជា​តំបន់​អភិរក្ស​សត្វ​ផ្សោត​រួម​គ្នា ៕