រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍​ភាគច្រើន​ជា​ក្រុមយុវជន​

ភ្នំពេញ: រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ទៀតថា ចំនួន​ទេសចរ​យុវជន​បាន​កើន​ឡើងដល់​ប្រមាណ ២២៧​លាន​នាក់ នៅ ឆ្នាំ​២០១៤ ស្មើនឹង​២០​ភាគរយ នៃ​ចំនួន​ទេសចរ​ពិភពលោក បាន​បង្កើន​នូវ​ចំណូល ប្រមាណ​ជិត ២៥០​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​ចរន្ត​សេដ្ឋកិច្ច​សាកលលោក​ហើយ​ចំនួន​ទេសចរណ៍ យុវជន​នឹង​កើន​ឡើងដល់​ប្រមាណ ៣០០​លាន​នាក់ នៅ​ឆ្នាំ​២០២០​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា​ជាតិ យុវជន​និង​ទីក្រុង​ស្អាត លើក​ទី​១​ក្រោម​ប្រធានបទ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” នា​ព្រឹក ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា​ថា តាម​ការសិក្សា​កំណើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មិនអាច​កាត់ផ្តាច់​ពី​ប្រភព​ទេសចរ​យុវជន​បានឡើយ ដែល​ជាង​៣០ ភាគរយ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា គឺជា​ទេសចរ​យុវជន​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ថែមថា ការសិក្សា​ខាងលើ​សបញ្ជាក់​ឱ្យឃើញថា យុ​ជន​បាន​នឹង​កំពុង​ក្លាយជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ទ្រទ្រង់​ការ​អភិ​ឌ្ឍ និង​រីកចម្រើន​វិស័យ ទេសចរណ៍ សាកលលោក និង​ទ្រទ្រង់​កំណើន សេដ្ឋកិច្ច​សាកលលោក និង​ជា​កាលានុវត្តភាព​បញ្ជាក់ថា ទេសចរណ៍​យុវជន ពិតជា​ទីផ្សារ​ដ៏​មាន​សក្តា នុព​ល​នាពេល​អនាគត សម្រាប់​វិស័យ​ទេស ចរណ៍​កម្ពុជា ក៏ដូចជា​ចូលរួម​ទ្រទ្រង់​កំណើន សេដ្ឋកិច្ចកម្ពុជា ដែលមាន​ការបែងចែក​ប្រកប ដោយ​បរិ​យា​ប័ន​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ទេសចរណ៍​យុវជន​មាន​លក្ខណៈពិសេស​៤​យ៉ាង​គឺ ទី​១-​បង្កើត​តម្លៃ​និង​ចំណូល​ធំធេង​សម្រាប់​វិស័យ​ទេសចរណ៍ ពោលគឺ​យុវជន​ជា​វ័យ​ដែល ត្រូវបាន​ទទួល​ថា មាន​ចំណូល​តិចតួច ប៉ុន្តែ​មាន​ពេលវេលា​ច្រើន ជា​កត្តា​អំណោយផល ជំរុញ​ឲ្យ​ពួកគេ​ស្នាក់ នៅ​គោលដៅ​ទេសចរណ៍​មួយ​យូរ​ជាង​ទេសចរណ៍​ធម្មតា​។ តាម ការប៉ាន់ប្រមាណ របស់ UNWTO យុវជន​ម្នាក់​ចំណាយ​ជា​មធ្យម​ប្រមាណ ២.៦០០​ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត​ម្តង ស្នាក់នៅ​រយៈពេល​ពី​៣​សប្តាហ៍​ដល់​៣​ខែ ខណៈ​ទេសចរណ៍​ធម្មតា ម្នាក់​ចំណាយ ជា​មធ្យម​ត្រឹមតែ ៩៥០​ដុល្លារ​អាម៉េរិក​តែប៉ុណ្ណោះ ។ ទី​២-​ទេសចរ​យុវជន​ជា ទីផ្សារ​ធន់​នឹង​ការ ធ្លាក់ចុះ ទោះបីជា​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​សេដ្ឋកិច្ច ឬ​វិបត្តិ​នយោបាយ​ក៏ ដោយ​ពួកគេ​ជា ក្បាលម៉ាស៊ីន ដ៏​សំខាន់​ក្នុងការ​រក្សា​កំណើន​ទេសចរ​សកលលោក ព្រោះថា​គោលបំណង​នៃ​ទេសចរ​ប្រភេទ​នេះ គឺ​ស្វែងរក​ការ​ផ្សងព្រេង ស្តាប់​មនុស្ស​ថ្មី វប្បធម៌​ថ្មី និង​ពិភពលោក​ថ្មី ដើម្បី​អភិវឌ្ឍន៍​ខ្លួន​។ ទី​៣-​ទេសចរ​យុ​ជន​ផ្តល់​ផលប្រយោជន៍ ដោយផ្ទាល់​ដល់​សហគម​ន៍​មូល ដ្ឋា​ន ពោល​ជា​មធ្យម​ថវិកា​ប្រមាណ ៦០​ភាគរយ នៃ​ចំណាយ​សរុប​ត្រូវបាន​ចំណាយ​ដោយ ផ្ទាល់​ក្នុង​គោលដៅ​ដែល​ពួកគេ​បាន​ទៅ​កម្សាន្ត នេះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា  ពលរដ្ឋ​មូលដ្ឋាន ម្យ៉ាង​ដោយសារ​ពួកគេ​មាន និន្នាការ​ប្រើប្រាស់​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​ជាង ផលិតផល​នាំចូល និង​ទី​៤-​ទេសចរ​យុវជន ជា​ដែក​ឆក់​ស្រូប​ទាញយក​ទីផ្សារ​ទេសចរ​ថ្មីៗ ព្រោះថា​ពួកគេ​មាន​ប្រសិទ្ធភាព ក្នុងការ​ផ្សព្វ ផ្សាយ​បទពិសោធន៍​ល្អៗ ដែល​គេ​បាន​ជួប ក្នុង ដំណើរ​កំសាន្ត ទៅ​ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និង​សហគមន៍​ដែល​គេ​រស់នៅ ហើយក៏​ជា​ស្ពាន ចម្លង​ទាក់​យក​ទេសចរណ៍​ថ្មីៗ ទាំង​បែប​កម្សាន្ត និង​ជំនួញ​មកកាន់​ទេសចរណ៍ ដែល​ពួកគេ​បាន​ទៅដល់ ៕

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៖ ការកើនឡើង​នៃ​វិស័យ​ទេសចរណ៍​ភាគច្រើន​ជា​ក្រុមយុវជន​